អន្តរជាតិ
Zika ចូលមក​ដល់ទី​ក្រុង​បាងកក ក្រោយ​រាតត្បាត​នៅ​សិង្ហ​បុរី​
11, Sep 2016 , 12:35 pm        
រូបភាព
​បន្ទាប់ពី​រីក​រាលដាល​នៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី មក​នោះ នៅពេលនេះ វីរុស Zika បាន​ឆ្លង​ចូល​មកដល់​រាជធានី​បាងកក ប្រទេស​ថៃ​ហើយ​។ វីរុស​នេះ កំពុង​រាតត្បាត​នៅ​សង្កាត់​ពាណិជ្ជកម្ម Sothon ក្នុង​ក្រុង​បាងកក ស្រប​ពេលដែល​អាជ្ញាធរ​ក្រុង​បាងកក ក៏​កំពុង​ចាត់វិធានការ​ទប់ស្កាត់​កា​រីក​រាលដាល​បន្ត​ដែរ​។​

 
​ករណី​វីរុស Zika ចំនួន​២១ ត្រូវបាន​រកឃើញ​ក្នុង​រាជធានី​បាងកក ក្នុង​សង្កាត់ Sothon ដែលជា​សង្កាត់​ពាណិជ្ជក​ម្ម​មមាញឹក​របស់​ទីក្រុង​មួយ​នេះ​។ វីរុស​នេះ បាន​រាតត្បាត​ជាច្រើន​ករណី​នៅ​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ក្បែរ​ខាង បើទោះជា​មានការ​ចាត់វិធានកា​រ​ទប់ស្កាត់ និង​ការពារ​ក៍ដោយ​ចុះ​។ នៅពេលនេះ មន្ត្រី​ថៃ កំពុង​រកមើល​ករណី​ឆ្លង​ផ្សេងទៀត ដែល​អាច​កើតឡើង​នៅ​តំបន់​ក្បែរ​សង្កាត់ Sothon​។​
 
​លោក Wantanee Wattana លេខាធិការ​រង​អចិន្ត្រៃយ៍​ក្រុង​បាកក និយាយថា ក្នុងចំណោម​ករណី​វីរុស​Zika ទាំង​២១​ករណី ក៏មាន​ស្ត្រី​ម្នាក់​ដែល​ប្ដី​ទើប​មកពី​សិង្ហ​បុរី ដែល​វីរុស​នេះ កំពុង​រាតត្បាត​ខ្លាំង​។ សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃទី​១០ ខែ​ក​ញ្ញ​ថា ផ្សាយ​ថា ស្ត្រី​នោះ​មាន​អកា​រៈ​ក្ដៅខ្លួន​ខ្លាំង ភ្នែក​ឡើង​ក្រហម និង​បាន​ឆ្លង​វីរុស​នេះ នៅ​អំឡុង សប្ដាហ៍​ទី​៣៧​នៃ​ការ​មាន​ផ្ទៃពោះ​។ 
 
​ជាមួយគ្នានេះ សង្កាត់​ផ្សេងទៀត ដែល​នៅជាប់​សង្កាត់​ពាណិជ្ជកម្ម Sothon ក៏ត្រូវ​ដាក់​ក្រោម​ការតាមដាន​រយៈពេល​៣០​ថ្ងៃ​ខាងមុខ ខណៈដែល​អ្នក​ឆ្លង​វីរុស​នេះ ត្រូវបាន​ណែនាំ​ឲ្យ​ស្នាក់​ក្នុងផ្ទះ​រយៈពេល​៣០​ថ្ងៃ ចៀស​វា​ចម្លង​វីរុស​នោះ​ទៅ​អ្នកផ្សេង​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​
 
​ក្រ​សូង​សុខភាព​សាធារណៈ​ថៃ ក៏​ធ្លាប់​រាយការណ៍​ដែរ​ថា ជា​មធ្យម​មាន​អ្នក​ជម្ងឺ​Zika នេះ​ចំនួន​៥​នាក់​ក្នុង​មួយឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥​។ នាពេល​ថ្មីៗ​នេះ ករណី​ឆ្លង​វីរុស Zika ក៏​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត Bung Kan, Chanthaburi, Chiang Mai និង ខេត្ត​Phetchabun ប៉ុន្តែ​អាជ្ញាធរ​ថៃ​អះអាងថា ប្រតិបត្តិការ​ត្រួតពិនិត្យ គឺមាន​ប្រសិទ្ធភាព​ហើយ​៕

Tag:
 ថៃ​
  Zika
© រក្សាសិទ្ធិដោយ thmeythmey.com