ជាតិ
សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​និទ្ទេស​A ចំនួន ៣០​នាក់ នឹង​ទទួលបាន​រង្វាន់​ម៉ូតូ​ពី​តំណាងរាស្ត្រ​ព្រៃវែង​
11, Sep 2016 , 10:30 pm        
រូបភាព
រូបភាព៖ facebook Sar Sokha
រូបភាព៖ facebook Sar Sokha
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន​៣០ នាក់ ក្នុងចំណោម​សិស្ស​ជាប់​និទ្ទេស A ៤០៥ នាក់​នឹងត្រូវ​ទទួលបាន​ម៉ូតូ​ម្នាក់​មួយគ្រឿង ពី​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​


 
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) មណ្ឌល​ព្រៃវែង​លោក ស សុខា បានប្រកាសថា លោក​នឹង​ប្រគល់​ម៉ូតូ​៣០​គ្រឿង ដល់​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A ចំនួន​៣០​នាក់ នៅ​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ​។ បើតាម​លោក ស សុខា ក្រៅពី​ប្រគល់​ម៉ូតូ​នេះ បេក្ខជន​ជាប់​និទ្ទេស​៣០​នាក់ ក៏​អាច​ទទួលបាន​អាហារូបករណ៍​សិក្សា​ពី​លោក​ផងដែរ ។​
 


​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​តាម​ផែនការ និង​ការប្រកាស​សន្យា យើងខ្ញុំ​នឹង​រៀបចំ​ប្រគល់​ម៉ូតូ​ម្នាក់​១​គ្រឿង​ដល់​ជ័យលាភី​និទ្ទេស A ទាំង​១៤​នាក់​ក្នុង​ខេត្តព្រៃវែង​។ ដូចគ្នា​ដែរ ក៏​នឹង​ផ្ដល់​ម៉ូតូ​១​គ្រឿង​ដល់​ប្អូនៗ​និទ្ទេស A ទាំង​១៦​នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។ 
 
​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំនេះ មាន​ចំនួន​៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ។ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​ទាំងនេះ មាន​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤០៥ នាក់ ។ និទ្ទេស B មាន​ចំនួន ២ ៨០១ ។ និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់ ។ និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់​។​
 


​ខេត្ត​ដែល​សិស្ស​ជាប់​និទ្ទេស A ចំនួន​៤០៥​នាក់ មកពី​រាជធានី ខេត្ត​ចំនួន​១៩ ក្នុងនោះ​រួមមាន​រាជធានី​ភ្នំពេញ មាន​ចំនួន ១៨៣ នាក់ , សៀមរាប មាន​ចំនួន ៣៦ នាក់​, បាត់ដំបង មាន​ចំនួន ៣៤ នាក់ ,​កណ្តាល មាន​ចំនួន ២៩ នាក់​, កំពង់ចាម មាន​ចំនួន ២០ នាក់​,​បន្ទាយមានជ័យ មាន​ចំនួន ១៦ នាក់​,​ព្រៃវែង មាន​ចំនួន ១៤ នាក់​,​កំពត មាន​ចំនួន ១១ នាក់​,​ត្បូងឃ្មុំ មាន​ចំនួន ១១ នាក់​,​តាកែវ មាន​ចំនួន ១១ នាក់​,​កំពង់ធំ មាន​ចំនួន ១០ នាក់​,​ក្រចេះ មាន​ចំនួន ០៩ នាក់​,​កំពង់ឆ្នាំង មាន​ចំនួន ០៧ នាក់​,​ព្រះសីហនុ មាន​ចំនួន ០៧ នាក់​,​កំពង់ស្ពឺ មាន​ចំនួន ០២ នាក់​,​ពោធិ៍សាត់ មាន​ចំនួន ០២ នាក់​,​មណ្ឌលគិរី មាន​ចំនួន ០១ នាក់​,​ប៉ៃលិន មាន​ចំនួន ០១ នាក់ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ០១ នាក់​៕

Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com