អន្តរជាតិ
លោក អូ​បា​ម៉ា យក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ជា​ទិវា​នៃ​ការចងចាំ​
11, Sep 2016 , 4:07 pm        
រូបភាព
​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ អាគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង New York បាន​ដួលរលំ ដោយសារ​ការបើក​យន្តហោះ​បំ​បុក​ដោយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា ដែលមាន​អតីត​មេ​កើយ Osama Bin Laden ជា​មេគំនិត​។ មនុស្ស​ជិត​បី​ពាន់​នាក់​ដែល​មិន​ដឹងអី​សោះ បាន​ស្លាប់​ក្នុង​ហេតុការណ៍​រន្ធត់​នេះ ដែល​បាន​ផ្លាស់ប្ដូរ​របត់​នយោបាយ​ពិភពលោក​យ៉ាងខ្លាំង ជាមួយនឹង​នយោបាយ​ប្រឆាំង​ភេរវកម្ម​និយម ដែល​ដឹកមុខ​ដោយ​អាមេរិក​ផ្ទាល់​។​

 
​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ គឺជា​ខួប​លើក​ទី​១៥ នៃ​ការវាយប្រហារ​ភេរ​កម្ម​ដែលមាន​មិន​ធ្លាប់មាន​លើ​ទឹកដី​អាមេរិក​។ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ មនុស្ស​ជិត​បី​ពាន់​នាក់ បាន​បាត់​បង់ជីវិត នៅពេលដែល​ក្រុម​ភេរវ​ករ​ជ្រុលនិយម​អាល់​កៃ​ដា បាន​ប្លន់​យន្តហោះ​ដឹកនាំ​ដំណើរ​ចំនួន​បួន​គ្រឿង ហើយ​ធ្វើ​សកម្មភាព​បើក​បំ​បុក​អគារ​ភ្លោះ​នៅ​ក្រុង New York មន្ទីរ​បញ្ច​កោណ ក្នុង​វ៉ាស៊ីនតោន និង​នៅ​រដ្ឋ Pennsylvania​។​
 
​នេះ​ជាការ​វាយប្រហារ​លើកទីមួយ​ហើយ ពី​សំណាក់​ភេរ​ករ​បរទេស​លើ​ទឹកដី​អាមេរិក​។ ហើយ​ការវាយប្រហារ​នេះ ក៏​នាំ​ដល់​ការចូល​លុកលុយ​របស់​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០០១ និង​បន្ត​មកដល់​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣​។ សង្គ្រាម​នៅ​ប្រទេស​ទាំងនេះ ក៏​រីក​រាលដាល​កាន់តែ​ស្មុគស្មាញ និង​ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ក្លាយជា​ជម្រក​ក្រុម​ភេរ​វករ​ជ្រុលនិយម ជាពិសេស​ការកើតឡើង​ក្រុម​រដ្ឋ​ឥស្លាម ដែល​កំពុង​អុល​ឡុ​ក​ពេញ​ពិភពលោក​ទៅហើយ​។​
 
​យ៉ាងណាមិញ ព្រលឹង​ជនរងគ្រោះ អ្នក​រង​បួស និង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​គេ ប្រហែលជា​រំសាយ​ទុក្ខ​ហើយ​ដែរ បន្ទាប់​មេក្លោង​នៃ​ការវាយប្រហារ​នេះ ត្រូវបាន​ទាហាន​អាមេរិក​សម្លាប់​មក​នោះ​។ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១១ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមក​ប្រកាស​ពី​ការស្លាប់​របស់​មេ​ភេរ​វករ Osama Bin Laden ក្នុង​ប្រតិបត្តិ​ការសម្ងាត់ នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។ 
 
​ដោយសារតែ​ការវាយប្រហារ​ភេរវកម្ម​នេះហើយ ទើប​ធ្វើ​ឲ្យ​អាមេរិក​បើក​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក តាម​កម្ចាត់​ក្រុម​ភេរវកម្ម​ទាំងអស់​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏​សហការ​ជាមួយ​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក ដើម្បី​បោសសម្អាត​ក្រុម​ជ្រុលនិយម​។ ក្នុង​មួយឆ្នាំៗ អាមេរិក​បានផ្ដល់​ជំនួយ​មិនតិច​ពាន់​លាន​ដុល្លារ​ទេ ទៅ​ឲ្យ​ប្រទេស​ជាច្រើន សម្រាប់​យុទ្ធនាការ​នេះ​។  
 
​លោក អូ​បា​ម៉ា យក​ថ្ងៃទី​១១ ខែកញ្ញា ជា​ទិវា​អ្នកស្នេហាជាតិ និង​ទិវា​នៃ​ការចងចាំ​
 
​ពីរ​ថ្ងៃមុន​ការមកដល់​ថ្ងៃទី​១១ ខែកញ្ញា ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចេញ​សេចក្ដីប្រកាស​យក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ជា​ទិវា​អ្នកស្នេហាជាតិ និង​ទិវា​ជាតិ​នៃ​ការចងចាំ និង​ការបម្រើ​ជាតិ​។ តាម​សេចក្ដីប្រកាស​ចេញ​ថ្ងៃទី​៩ ខែកញ្ញា លោក អូ​បា​ម៉ា ក៏​ស្នើ​គ្រប់​ស្ថាប័ន​ទាំងអស់​នៅ​ទូទាំង​សហរដ្ឋអាមេរិក បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដើម្បី​រម្លឹក​ដល់​អ្នកស្លាប់ ក្នុង​ហេតុការណ៍​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១​។ 
 
​ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​លើកសរសើរ​វីរភាព​របស់​អ្នក​រស់រានមានជីវិត និង​ក្រុម​បុគ្គលិក​សង្គ្រោះបន្ទាន់ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ជួយសង្គ្រោះ ក៏ដូចជា​មនុស្ស​ដទៃទៀត ដែល​ប្រឹងប្រែង​រក្សា​ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព​។ ក្នុង​សន្និសីទកាសែត​ប្រចាំ​សប្ដាហ៍ លោក អូ​បា​ម៉ា និយាយថា ចាប់តាំងពី​ហេតុការណ៍​ថ្ងៃទី​១១ ខែកញ្ញា ២០០១ មក អ្វីៗ​ជាច្រើន​បាន​ផ្លាស់ប្ដូរ តែ​យើង​ត្រូវ​ចងចាំ​អ្វីដែល​មិន​ផ្លាស់ប្ដូរ​។ 
 
​លោក អូ​បា​ម៉ា បន្តថា ក្រុម​ភេ​រករ​ចង់​បន្លាច​ប្រជាជន​អាមេរិក ប៉ុន្តែ​ប្រជាជន​អាមេរិក មិន​ភ័​ខ្លា​ចឡើយ​។ ហើយ​អាមេរិក នឹងមិន​រារែក​ក្នុ​ការប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​ទាំងអស់ រួមទាំង​ក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​ឥស្លាម​ឡើយ​៕ 

Tag:
 អាមេរិក​
 ​ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com