កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​ដើម្បី​ត្រៀម AFF Suzuki Cup
13, Sep 2016 , 9:39 am        
រូបភាព
ដោយ:
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១១ ខែកញ្ញា បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៧​នាក់ ដែល​ត្រូវ​ចេញទៅ​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ប្រកួត​វគ្គ​ជម្រុះ Suzuki Cup 2016​។ ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​ទាំងនោះ កីឡាករ​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​មាន​ច្រើនជាងគេ​។

 
​ក្នុងចំណោម​កីឡាករ​ទាំង​២៧​នាក់​ដែល​មកពី​ក្លិប​ធំៗ​នៅ​កម្ពុជា​ចំនួន​៦ គឺមាន​តែ​កីឡាករ​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​ដែល​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ច្រើនជាង​គេ ពោល​គឺមាន​រហូតដល់​៨​នាក់​។ ក្រៅពីនោះ​ក្រសួងការពារជាតិ​មាន​៧​នាក់​, បឹងកេត​អង្គរ​៤​នាក់​, ណាហ្គា​វើ​ល​៣​នាក់​, ភ្នំពេញ​ក្រោ​ន​៣​នាក់ និង​អគ្គស្នងការ​នគរបាល​ជាតិ​ចំនួន​២​នាក់​។   
 
​កីឡាករ​ទាំង​៨​នាក់​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​រួមមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​, សុខ សំណាង​, ណុប តុលា​, ហួយ ផល្លី​ន​, រស់ គង់​សំរេច​, សំអឿន ពិដោរ​, នេន សុធា​រដ្ឋ និង​កីឡាករ សឿ​យ វិសាល​។ ឬ​ឯ​ក្រសួងការពារជាតិ​មាន​កីឡាករ ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, ស ពិសិដ្ឋ​, អ៊ុំ សេរី​រ័ត្ន​, អ៊ុំ វិចិត្រ​, រ៉ឹង ប៊ុន​ហៀ​ង និង ខែ​ក ខេមរិន្ទ​។ 
 
​ចំណែក​កីឡាករ​របស់​បឹងកេត​អង្គរ​មាន​កីឡាករ ស៊ូ យ៉ា​ទី​, ចាន់ វឌ្ឍនាកា​, រស់ សំអឿន និង សុខ សុវណ្ណ ខណៈ​ភ្នំពេញ​ក្រោ​ន កែវ សុខ​ផេង​, កែវ សុខ​សិលា និង​កីឡាករ ប៊ី​ន ចន្ថា​ធា​រី​។ ឬ​ឯណា​ហ្គា​វើ​ល​មាន​កីឡាករ សុះ ស៊ូ​ហា​ណា​, ឆេង ម៉េង និង សារី ម៉ាត់​ណូ​រ៉ូ​ទីន​។ ចំណែក​ប៉ូលិស​មាន ទិ​ត្យ ឌី​ណា និង ស៊ុន វណ្ណ​ដេ​ត​។ 
 
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក Lee Tae Hoon ទាំងនេះ​នឹងធ្វើ​ការបោះ​ជំរំ​ប្រមូលផ្តុំ​ហ្វឹកហាត់ ដើម្បី​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ (AFF Suzuki Cup 2016)​។ ការហ្វឹកហាត់ និង​ត្រៀម​ប្រកួត​នេះ​ដោយ​គ្រោង​ធ្វើឡើង​ចាប់​ថ្ងៃទី​១២ ខែកញ្ញា នេះ រហូតដល់​ថ្ងៃទី​២២ ខែតុលា ខាងមុខនេះ​៕  

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com