អន្តរជាតិ
អាមេរិក សម្ញែង​កម្លាំង​យន្តហោះ​B-1 នៅ​កូរ៉េខាងត្បូង​ដើម្បី​គំរាម​កូរ៉េខាងជើង​
13, Sep 2016 , 12:00 pm        
រូបភាព
​បន្ទាប់ពី​ពន្យារពេល​២៤​ម៉ោង​ដោយសារ​បញ្ហា​អាកាសធាតុ​មក​នោះ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1 បាន​ហោះ​សម្ញែង​លើទឹក​ដី​កូរ៉េខាងត្បូង ដើម្បី​បង្ហាញ​កម្លាំង​របស់ខ្លួន និង​សម្រាប់​គំរាម​កូរ៉េខាងជើង ដែល​ចូលចិត្ត​បង្ករឿង​។ ការពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ក្រុង​ព្យុងយ៉ាង​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែលមាន​កម្លាំង​ខ្លាំង​ជាង​ការសាកល្បង​លើក​មុនៗ​ទៅទៀត​។​



​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1 ចំនួន​ពីរ​គ្រឿង បាន​ហោះ​លើ​ដែនអាកាស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា​នេះ ក្នុង​គោលដៅ​បង្អួត​កម្លាំង និង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ចំ​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ឡើងក​ម្ដៅ​ខ្លាំង​។ តាមពិត យន្តហោះ​នេះ ត្រូវ​មកដល់​ថ្ងៃទី​១២ ខែកញ្ញា ប៉ុន្តែ​ត្រូវ​ពន្យារពេល ដោយសារ​អាកាសធាតុ​អាក្រក់​។

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ បាន​ហោះ​ក្នុង​រយៈ កម្ពស់​ទាប​លើ​មូលដ្ឋាន​អាកាស Osan ដែលមាន​ចម្ងាយ​៧៧​គីឡូ​ម៉ែត​ពី​តំបន់​គ្មាន​កងទ័ព បែងចែក​កូរ៉េ​ទាំងពីរ​។ ក្នុងពេល​ហោះហើរ​នៅ Osan យន្តហោះ​ដែលមាន​ល្បឿន​លឿន​នេះ ក៏ត្រូវ​បាន​ហោះ​អមដោយ​យន្តហោះ​ចម្បាំង​អាមេរិក និង​កូរ៉េខាងត្បូង​ផងដែរ​។​

​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង លោក​ឧ​ត្ត​ម​សេនីយ៍ Vincent Brook និង​នាយសេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង លោក​ឧ​ត្ត​ម​សេនីយ៍ Lee Sun-jin ជា​អ្នកត្រួតពិនិត្យ​ការហោះហើរ ដែល​គេ​មើលឃើញថា ជាការ​កំញើញ​កូរ៉េខាងជើង​នោះ​។ លោក​ឧ​ត្ត​ម​សេនីយ៍ Brook និយាយថា ការហោះហើរ​របស់ B-1 គឺជា​ការបង្ហាញ​កម្លាំង​អានុភាព​យោធា​នៃ​សម្ព័ន្ធមិត្ត​អាមេរិក​-​កូរ៉េខាងត្បូង ដើម្បី​បញ្ចេញ​ឥទ្ធិពល​យោធា​របស់ខ្លួន​ដែរ​។​

​តាមពិតទៅ យន្តហោះ B-1 នេះ​នឹងត្រូវ​បញ្ជូន​ចេញពី​មូលដ្ឋានទ័ព Andersen ទៅកាន់​ឧបទ្វីប​កូរ៉េ ព្រោះ​យន្តហោះ​នេះ​ឈរជើង​បំពេញ​បេសកម្ម​នៅលើ​កោះ​ហ្កា​ម​ជំនួស​ឲ្យ​យន្តហោះ​ចាស់វស្សា B-52 រួចរាល់​ហើយ​។ គម្រោង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​ទៅកាន់​កូរ៉េខាងត្បូង​ត្រូវបាន​ដាក់ចេញ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​។ បើតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន Yonhap ផែនការ​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់ បែក​ទៅ​កូរ៉េខាងត្បូង​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ ជាការ​ឆ្លើយតប​សកម្ម​ភាព​បង្ករឿង​របស់​ក្រុង​ព្យុងយ៉ាង​។​

​ជា​ទម្លាប់​ទៅហើយ ឲ្យ​តែ​ពេលណា​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ សហរដ្ឋអាមេរិក​តែ​បង្ហាញ​សាច់ដុំ​យោធា ក្នុងនោះ​មាន​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់ និង​ធ្វើ​សមយុទ្ធ​យោធា ផង​។​កាលពី​មករា សហរដ្ឋអាមេរិក​ក៏បាន​ពង្រាយ យន្តហោះ​ទម្លាក់​គ្រាប់ B-52 ដែលមាន​សមត្ថភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ​ទៅ​ឧបទ្វីប​កូរ៉េ​ដែរ ក្រោយពេល​កូរ៉េខាងត្បូង​បាញ់​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៤៕


Tag:
 អាមេរិក​
  B-1
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com