អន្តរជាតិ
នុយក្លេអ៊ែរ​កូរ៉េខាងជើង​៖ ចិន​ចំអក​អាមេរិក​ថា អ្នកណា​បង្កាត់ភ្លើង អ្នក​ហ្នឹង​ពន្លត់​ទៅ​
13, Sep 2016 , 8:59 pm        
រូបភាព
​ប្រទេស​ចិន បាន​ទាត់ចោល​ការរិះគន់​មកលើ​ខ្លួន​ជុំវិញ​ការសាកល្បង​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង និង​លើកចុងក្រោយ​នេះ នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ បន្ទាប់ពី​ការសាកល្បង​ចុងក្រោយ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ក៏​ចេញមក​អះអាងថា ចិន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​កូរ៉េខាងជើង មិនបាន​បំពេញ​តួនាទី​គ្រប់គ្រាន់​ដើម្បី​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​កុម្មុយនីស្ត​នេះឡើយ​។ ប៉ុន្តែ​ចិន​ឆ្លើយ​វិញ​ថា ខ្លួន​មិនអាច​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះទេ​។



​សូម​ស្ដាប់​ព័ត៌មាន​លម្អិត​៖



​នៅក្រោយ​ការសាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ចិន បាន​រង​ការបន្ទោស​ពី​សហរដ្ឋអាមេរិក​ជុំវិញ​តួនាទី​របស់ខ្លួន ដែល​មិនអាច​ហាមឃាត់​កូរ៉េខាងជើង​បាន​។ យ៉ាងណាក្ដី ក្រុង​ប៉េកាំង​បាន​ច្រានចោល​ការអះអាង​ទាំងនោះ និង​និយាយថា គឺ​អាមេរិក​ទៅវិញ​ទេ ដែលជា​អ្នក​ដុត​បញ្ឆេះ​ភ្លើង​នៅ​ឧបទ្វីប​កូរ៉េ​នោះ​។

​ឆ្លើយតប​នឹង​ការសាកល្បង​លើកចុងក្រោយ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying និយាយថា អាមេរិក ក៏​គួរតែ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះដែរ​។ អ្នក​នាំ ពាក្យ​រូបនេះ ថ្លែង​ដូច្នេះ ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter ដែល​ចង់​ឲ្យ​ចិន ជា​បងធំ​របស់​កូរ៉េខាងជើង មាន​ចំណែក​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​ខុសឆ្គង​របស់​កូរ៉េខាងជើង​។​

​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ប្រមុខ​ការពារជាតិ​អាមេរិក លើកឡើងថា ចិន​មាន​ចំណែក​ក្នុងការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​ចិន​ក៏មាន​តួនាទី​ដើម្បី​តម្រែតម្រង់​ទិស​របស់​កូរ៉េខាងជើង​ដែរ​។ លោក​បន្តថា វា​ជា​រឿង​សំខាន់​ដែល​ចិន ត្រូវ​ប្រើ​ប្រវត្តិសាស្ត្រ និង​ឥទ្ធិពល​របស់ខ្លួន ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​បញ្ជាក់​វិញ​ថា អាមេរិក​ដូចជា​លើក​ខ្លូន​ឯង​ពេក​ហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត​មាន AP ដោយ​សំដៅលើ​អាមេរិក លោកស្រី Hua Chunying ឆ្លើយ​ដែរ​ថា អ្នកណា​ដែល​បង្កើត​បញ្ហា​នេះ​ឡើង គួរតែ​បញ្ចប់​ខ្លួនឯង​ទៅ​។ ការនិយាយ​ដូចនេះ ទំនងជា​លោកស្រី​ចង់​លើកឡើង​ពី​សកម្មភាព​របស់​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង ដែល​ទាំង​ចិន រុស្សី និង​កូរ៉េខាងជើង ប្រឆាំង​ដាច់ខាត​នោះ​។​

​តាមពិតទៅ នៅក្រោយ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​បួន​ក្នុង​ខែមីនា ក្រុង​ប៉េកាំង​ក៏បាន​បើកភ្លើង​ខៀវ ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់ទណ្ឌកម្ម​ខ្លាំងៗ​លើ​ក្រុង​ព្យុងយ៉ាង​ដែរ ដែល​រួមទាំង​ការហាមឃាត់​ការដឹកជញ្ជូន​ឥន្ធនៈ​ផងដែរ​។ ចំណែកឯ​ដំណោះស្រាយ​ចំពោះ​ការសាកល្បង​លើក​ទី​៥​នេះ គេ​រំពឹងថា ក្រុង​ព្យុងយ៉ាង​នឹងរង​ទណ្ឌកម្ម​ធ្ងន់ៗ​ទៀត​មិនខានឡើយ ស្រប​ពេលដែល​អាមេរិក ក៏​កំពុង​រក​ផ្លូវ​ដាក់ទណ្ឌកម្ម​ឯកតោភាគី​ដែរ​៕


Tag:
 ​ចិន​
 ​ អាមេរិក​
  ​នុយក្លេអ៊ែរ​
 ​ ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com