ជាតិ
សុខភាព
CDC ប្រាប់​ពី​ការបង្ការ​ជំ​ងឺ​ឆ្លង​បណ្ដាលមកពី​វីរុស​ហ្ស៊ី​កា​
14, Sep 2016 , 2:49 pm        
រូបភាព
 
​ភ្នំពេញ​៖  នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ស្ដីពី​ការបង្ការ​ជំងឺឆ្លង​បណ្ដាលមកពី​វីរុស​ហ្ស៊ី​កា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ប្រជាពលរដ្ឋ​ទូទៅ​។ ជំងឺ​ហ្ស៊ី​កា មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺគ្រុនឈាម​ដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​CDC​។​



​បើ​ផ្អែក​តាម CDC ចាប់ពី​ឆ្នាំ​២០០៧ ដល់​២០១០ កម្ពុជា​បាន​រកឃើញ​ជំងឺ​ហ្ស៊ី​កា​ចំនួន​៧​ករណី ដែល​បាន​ព្យាបាល​ជាសះស្បើយ និង​ពុំ​រកឃើញ​មាន​ករណី​កុមារ​ក្បាល​តូច​ទេ​។ ជំងឺ​ហ្ស៊ី​កា​នេះ ឆ្លងតាម​មូស​ខ្លាខាំ និង​តាម​ការ​រួមភេទ ព្រោះ​វីរុស​នេះ មាននៅ​ក្នុង​ទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំង​សារធាតុ​រាវ​ក្នុង​សារពាង្គកាយ​ផងដែរ​។ ជំងឺ​នេះ មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក និង​ឈឺសន្លាក់​ហើយ​ជំងឺ​នេះ ជាសះស្បើយ​ក្នុងអំឡុងពេល​ពី​២ ទៅ​៧​ថ្ងៃ​។ ដោយឡែក ជំងឺ​នេះ​មាន​អត្រា​ស្លាប់​កម្រិត​តិចតួច​ណាស់​។​
 
​ដើម្បី​ការពារ​ល្អ​បំផុត​ពី​ជំងឺ​ហ្ស៊ី​កា គឺ​ត្រូវ​អនុវត្តន៍​កិច្ចការពារ​ដូចជំងឺគ្រុនឈាម​ដែរ រួមមាន​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខ្លាខាំ​។ ចំណែក​ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​ដៃគូ​រួមភេទ​រឹត​តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ដើម្បី​ការពារ​ខ្លួន​ពី​មូស​ខ្លា​ដែលមាន​ផ្ទុក​វីរុស​ហ្ស៊ី​កា និង​ការចម្លង​តាម​ការ​រួមភេទ​។​
 
​ការបង្ការ​ជំងឺ​ហ្ស៊ី​កា​រួមមាន ត្រូវ​បំបាត់​ជម្រក​មូស​ខ្លា ដោយ​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​លំនៅដ្ឋាន និង​ការពារ​កុំ​ឲ្យ​មានទឹក​ដក់ នៅក្នុង​សម្ភារ​ផ្សេងៗ​។ ការ​ស្លៀកពាក់​ខោអាវ​វែងៗ ដែលជា​សំលៀកបំពាក់​មាន​ពណ៌​ភ្លឺ និង​ប្រើ​ថ្នាំ​បាញ់ ឬ​លាប កុំ​ឲ្យ​មូស​មក​ជិត ព្រោះថ្នាំ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន ដោយមាន​សុវត្ថិភាព មិនមាន​ផលប៉ះពាល់​សុខភាព​នោះទេ​។ ម្យ៉ាងទៀត ត្រូវ​សម្រាន្ត​ក្នុង​មុង ព្រមទាំង​បើក​បង្អួច​ឲ្យ​ធំ ដើម្បី​ឲ្យ​ពន្លឺ​ថ្ងៃ​និង​ខ្យល់​ចេញចូល​បានល្អ ។​
 
​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ និង​ដៃគូ​ដែលមាន​គម្រោង​ចង់​មាន​ផ្ទៃពោះ មិនគួរ​ធ្វើដំណើរ​ទៅ​តំបន់​មាន​ផ្ទុះ​ជំងឺ​ហ្ស៊ី​កា​នោះទេ ហើយ​ត្រូវមាន​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់​ខ្ជួ​ន។ ដោយឡែក បុរស​ស្ត្រី​ដែល​ធ្វើដំណើរ​មកពី​តំបន់​ផ្ទុះ​ជំងឺ​ហ្ស៊ី​កា ត្រូវអនុវត្ត​ការរួម​ភេទ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ប្រើ​ស្រោមអនាម័យ ដើម្បី​ការពារ​ការឆ្លង​វីរុស​ហ្ស៊ី​កាតា​មការ​រួមភេទ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​រោគសញ្ញា​នៃ​ការឆ្លង​វីរុស​ហ្ស៊ី​កា ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​
 
​សូមបញ្ជាក់ថា វីរុស​ហ្ស៊ី​កា​នេះ រកឃើញ​ដំបូង​នៅលើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​១៩៤៧ និង​លើ​មនុស្ស ក្នុង​ឆ្នាំ​១៩៥២ នៅ​ប្រទេស Uganda នៃ​ទ្វីបអាហ្វ្រិក​។ វីរុស​Zika រាតត្បាត​ខ្លាំង​ឡើង​បន្ទាប់ពី​ការទា​ត់បាល់​ពិភពលោក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ​២០១៤ ហើយ​ធ្លាប់បាន​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក អាមេរិក និង​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​៕ 
 



Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com