កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាវាយកូនគោល​៖ លោក ទៀ បាញ់ បន្ត​តំណែង​ជា​ប្រធាន លោក ឯក ស៊ុន​ចាន់ ជា​អនុប្រធាន​
16, Sep 2016 , 8:19 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ថ្នាក់ដឹកនាំ​ចាស់ ២០១១-២០១៥  និង​តែងតាំង​ថ្នាក់ដឹកនាំ​អាណត្តិ​ថ្មី ២០១៦-២០២០ កាលពី​រសៀល​ថ្ងៃទី​១៥ កញ្ញា ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ត្រូវបានតែងតាំង​ជា​ប្រធាន​សហព័ន្ធ ចំណែក​លោក ឯក ស៊ុន​ចាន់ ប្រធាន​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​ជា​អនុប្រធាន​សហព័ន្ធ​។



​សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ដោយ​មិនបាច់​ឆ្លងកាត់​បោះឆ្នោត​ក្នុងការ​ដឹកនាំ​អាណត្តិ​ថ្មី ២០១៦-២០២០​។ ក្នុងនោះ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​អាណត្តិ​ចាស់ ត្រូវបាន​បន្ត​តែងតាំង​ជា​ប្រធាន​ដដែល ចំណែក លោក ឯក ស៊ុន​ចាន់ ដែលជា​អគ្គលេខាធិការ​អាណត្តិ​ចាស់​ត្រូវបាន​តែង​ជា​អនុប្រធាន ឯ​តំណែង​អគ្គលេខាធិការ​ត្រូវ​ធ្លាក់​ទៅលើ​លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដឹកនាំ​ជំនួស​។



​ចំណែក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​អាណត្តិ​ចាស់​បាន​ដកខ្លួន​ចេញ​សម្រាប់​អាណត្តិ​ថ្មី​២០១៦-២០២០​។ សម្រាប់​តំណែង​នេះ​ត្រូវបានតែងតាំង​ជំនួស​ដោយ លោក ស៊ឹម ស៊ូ​យុង និង​លោក ឆោម សំបូរ​។

​លើសពីនេះ​ក៏មាន​ការតែងតាំង​សមាជិក​សមាជិការ​៤​រូប​ផ្សេងទៀត​ផងដែរ ក្នុងនោះ លោក ម៉ុ​ន សុខ​ជា អគ្គ​ហេរញ្ញិក​, លោក នូ អេ​លី​ដែន​, លោក ថោង សុខាំ​មុន្នី និង​លោក ពៅ ពេជ្រ​មេត្តា ជា​សមាជិក​។ ការតែងតាំង​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ក្រោម​វត្តមាន​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។​

​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ការធ្វើ​មហាសន្និបាត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ គឺត្រូវធ្វើ​ឡើង​តាមរយៈ​ការបោះឆ្នោត​របស់​សមាជិក​សមាជិការ​ប្រតិបត្តិ ហើយ​ធ្វើឡើង​រៀង​រាង​មួយ​អាណត្តិ​ម្តង​ជា​បន្តបន្ទាប់​។ 



​ប៉ុន្តែ​ដោយសារ​សមាជិក​ប្រតិបត្តិ ក្លិប​-​សមាគម ដែលជា​សមាជិក​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បាន​រំសាយ​អស់​រយៈពេល​មួយឆ្នាំ ពោលគឺ​ត្រូវ​ដល់​អាណត្តិ​តាំង​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥​។ ដូច្នេះ​ការធ្វើ​មហាសន្និបាត​ជ្រើសតាំង​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី គឺធ្វើឡើង​តាមរយៈ​ការជ្រើសតាំង​សារជាថ្មី ដោយ​មិនបាច់​ឆ្លងកាត់​ការបោះឆ្នោត​ពី​សមាជិក​ប្រតិបត្តិ​។​

​លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​៖«​ការបោះឆ្នោត​អាច​រៀបចំឡើង​លុះត្រាតែ​សហព័ន្ធ​មាន​និរន្តរភាព​នៅក្នុង​អាណត្តិ​របស់ខ្លួន​៤​ឆ្នាំ​ម្តង ដូច្នេះ​នៅក្នុង​អាណត្តិ​ទី​៣​នេះ​ដោយសារ​ខកខាន​មួយឆ្នាំ​។ តាម​នីតិវិធី​រដ្ឋធម្មនុញ្ញ​របស់ NOCC ប្រសិនបើ​សហព័ន្ធ​កីឡា​ជាតិ បាត់បង់​សុពលភាព​អាណត្តិ​របស់ខ្លួន គឺត្រូវធ្វើ​មហាសន្និបាត​របស់ខ្លួន​ដោយ​តែងតាំង និង​រៀបចំ​សមាជិក​ប្រ​ត​តិ​ប​ត្តិ​ថ្មី​»៕ 




Tag:
 វាយកូនគោល​
  ទៀ បាញ់​
  ឯក ស៊ុន​ចាន់​
  វ៉ា​ត់ ចំរើន ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com