កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជា​ស៊ុត​ចូល​ថៃ​ជា​លើកដំបូង ប៉ុន្តែ​នៅតែ​ចាញ់ ២-១
16, Sep 2016 , 6:02 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា បាន​ចាញ់​ក្រុម​ថៃ ២-១ នា​ការប្រកួត​លើក​ទី​បី​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U19 Championship នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ថ្ងៃទី​១៦ ខែកញ្ញា នេះ​។​



​នៅ​នាទី ទី​៨ ខ្សែបម្រើ អ៊ិន សូ​ដា​វីដ បាន​អូស​បាល់​ចូលទៅក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ស៊ុត​សំដៅ​ទី​។ បាល់​បាន​រមៀល​ប៉ះ​ជើង​ខ្សែការពារ​ថៃ Saringkan Promsupa ដែល​នាំ​ឲ្យ​កម្ពុជា​នាំមុខ​មុន ១-០ ។ ថៃ​បាន​វាយបក​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី បន្តបន្ទាប់​នៅ​នាទី ២៨ និង​៣០ ដែល​រក​បានជា​បន្តបន្ទាប់​ដោយ Jakkit Wachpirom និង Worachit Kanitsribumphen ។​

​គ្រូបង្វឹក​ជនជាតិ​ជប៉ុន លោក Ohara Kazunori បាន​ផ្លាស់ប្តូរ​ជម្រើស​រហូតដល់​១០​នាក់ ពី​ជំនួប​ជាមួយ​ឡាវ ដោយ​លោក​ងាក​ទៅប្រើ​ប្រាស់​កីឡាករ​ដែល​បាន​លេង​ក្នុងជំនួប​បើកឆាក​ជាមួយ​អូស្ត្រាលី​វិញ ខណៈ​អ្នកចាំទី កែវ សុខ​សិលា រក្សា​ការលេង​បី​ប្រកួត​ជាប់​គ្នា​។​

​កីឡាករ​ដែល​បាន​លេង​រួមមាន កែវ សុខ​សិលា​,​សួន នឿ​ត​, ស្លេះ សេន​, យ៉ើ សា​ហ្វី​, សឿត បារាំង​, លី វា​ហេ​ទ​, អន ច័ន្ទ​ប៉ូ​លីន​, ឡុង ភា​រ៉ាត់​, អ៊ិន សូ​ដា​វីដ​, ឆេង ម៉េង (​យ៉ើ ម៉ូ​ស្លី​ម​), ពៅ សុ​វុទ្ធី (​ម៉ៅ ពិសិដ្ឋ​)​។​

​នេះ​ជា​បរាជ័យ​លើក​ទី​៥​របស់​កម្ពុជា​ក្នុងជំនួប​ជាមួយ​ថៃ​។ ថៃ ដែល​បានឈ្នះ​តំណែង​ជើងឯក​៤​លើក និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក បាន​យកឈ្នះ​កម្ពុជា​រហូត​នា​ជំនួប​៤​លើក​កន្លងមក ដោយ​សម្រេចបាន​លទ្ធផល ៧-០ នៅ​ឆ្នាំ​២០០៧, ៣-0 នៅ​ឆ្នាំ​២០០៩, ៥-០ នៅ​ឆ្នាំ​២០១១ និង ៦-០ នៅ​ឆ្នាំ​២០១៥ ។ យោងតាម​លទ្ធផល​នេះ វា​ជា​លើកដំបូង​ហើយ​ដែល​កម្ពុ​ជាមាន​គ្រាប់​បាល់​បញ្ចូល​ទី​លើ​ថៃ​។​

​នៅ​ថ្ងៃទី​១៨ ខែកញ្ញា កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​មី​យ៉ាន់​ម៉ា ឡាវ ជួប ម៉ាឡេស៊ី មុនពេល​ក្រុម​កំពូល​តារាង អូស្ត្រាលី តទល់​ជាមួយ​ថៃ​៕


Tag:
 បាល់ទាត់​
  U19
  AFF U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com