ព័ត៍មានសុខភាព
អន្តរជាតិ
សិស្ស​ជាង​៤០០​នាក់​នាំគ្នា​ច្រៀង​លើកទឹកចិត្ត​គ្រូ​របស់ខ្លួន​ដែលមាន​ជំងឺមហារីក​
17, Sep 2016 , 4:30 pm        
រូបភាព
ដោយ: ធីតា
​សិស្ស​ជាង​៤០០​នាក់ រួមទាំង​បុគ្គលិក​នៅ​សាលា Christ Presbyterian Academy នៅ​ក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក បានបង្ហាញ​ការគាំទ្រ​ដ៏​រំភើប​មួយ​ចំពោះ​គ្រូបង្រៀន​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺមហារីក​។ ដើម្បី​ជាការ​លើក​ទឹក ពួកគេ​បាននាំគ្នា​ទៅផ្ទះ លោក Ben Ellis ដើម្បី​ច្រៀង​គាំទ្រ​លើកទឹកចិត្ត​គាត់​។​



​មនុស្ស​ជាង​៤០០​នាក់​ដែល​ភាគច្រើន​ជា​សិស្ស រួមទាំង​គ្រូបង្រៀន​មួយចំនួន​ផងដែរ​នោះ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​បង្អួច​ផ្ទះ​របស់លោក Ben Ellis គ្រូបង្រៀន​នៅ​សាលា Christ Presbyterian Academy ដែល​បាន​សម្រាក​ព្យាបាល​ជំងឺមហារីក​ដ៏​ធ្ងន់ធ្ងរ​។​

​ដោយ​ស្លៀក​ឯកសណ្ឋាន​សាលា មនុស្ស​ទាំង​៤០០​នាក់​នោះ បាននាំគ្នា​ច្រៀង​បទ «Holy Spirit» របស់ Kim Walker-Smith ហើយ​ក្រសែភ្នែករ​ម្លឹ​ង​ទៅកាន់​លោក Ellis ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​។ អ្នកខ្លះ​ថែមទាំង​សម្រក់​ទឹកភ្នែក​ដោយ​ក្តី​អាណិតអាសូរ​ផងដែរ​។​

​អ្នកស្រី Leslie Ponder ដែលជា​គ្រូបង្រៀន​ម្នាក់ បាន​អះអាងថា សិស្ស និង​គ្រូបង្រៀន បាន​ស្រុះស្រួល​គ្នា ចេញពី​សាលា ខណៈ​កំពុង​ប្រឡង ដើម្បី​បង្ហាញ​ពី​ការលើកទឹកចិត្ត​ដ៏​ធំធេង​ចំពោះ​លោក Ellis ដែលមាន​សុខភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង​ដោយសារ​ជំងឺមហារីក​ធ្ងន់ធ្ងរ​។​

​លោក Ellis និង​ភរិយា ដែល​កំពុងស្ថិត​ក្រោម​កា​រ​ព្យាបាល​ដោយ​ថ្នាំ​គីមី បានចេញ​ស្វាគមន៍​ក្រុមសិស្ស ជាមួយនឹង​ស្នាមញញឹម​។ លោក​ត្រូវបាន​ពិនិត្យឃើញ​ជំងឺមហារីក កាលពី​ចុងឆ្នាំ​២០១៥ ដែល​តម្រូវ​ឲ្យ​ភរិយា និង​កូន​៥​នាក់ មើលថែទាំ​ជាប្រចាំ​។ លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន News 2 ថា​៖ «​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​ក្នុង​ឆាកជីវិត​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​មិន​ឯកោ​នោះឡើយ​។ ពួកគេ​នៅក្បែរ​ខ្ញុំ​ជានិច្ច​»​។​

​ទិដ្ឋភាព​ដ៏​រំភើប​នេះ ត្រូវបាន លោក Tim McGraw តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់ បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ត្រូវតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មនុស្ស​ជាង​២០​មើល​នាក់ បាន​មើលឃើញ ដោយ​ភាគច្រើន បានផ្តល់​សារ​លើកទឹកចិត្ត​ចំពោះ​លោក Ellis៕




© រក្សាសិទ្ធិដោយ thmeythmey.com