ជាតិ
World Bank៖ ការអានសៀវភៅនៅកម្ពុជាកំពុងកើនឡើង
× នៅឆ្នាំ២០០៥ សមាគមអភិវឌ្ឍន៍អន្តរជាតិ ជាស្ថាប័នមួយរបស់ក្រុមធនាគារពិភពលោក ដែលជួយដល់ប្រទេសក្រីក្របំផុតជាច្រើននៅលើពិភពលោក បានផ្តល់ហិរញ្ញប្បទានចំនួន ២៨លានដុល្លារ សម្រាប់កសាងសមត្ថភាពរបស់ក្រុមវាយតម្លៃថ្នាក់ជាតិកម្ពុជា។ បើយោងតាមរបាយការណ៍ពីធនាគារ ការគាំទ្រនេះបាននាំឲ្យកម្ពុជា ធ្វើការវាយតម្លៃថ្នាក់ជាតិលើកទីមួយលើភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី៣ នៅឆ្នាំ ២០០៦ និង ឆ្នាំ២០០៩ ។
លទ្ធផលបានបង្ហាញថា ការអានមានកម្រិតខ្សោយណាស់ ដែលបញ្ហានេះបាននាំឲ្យមានការគិតគូរឡើងវិញ អំពីវិធីសាស្ត្រក្នុងការបង្រៀនអាន។ វិធីសាស្ត្របង្រៀនបានផ្លាស់ប្តូរពី«ការឲ្យចំណាំពាក្យនីមួយៗ»ទៅជាការផ្សំស្រៈនិងព្យញ្ជនៈវិញ។
លទ្ធផលដដែល ក៏បានធ្វើឲ្យកម្ពុជា បានចាត់ទុកការបង្រៀនអាន ជាអាទិភាពថ្នាក់ជាតិមួយ ដែលឈានទៅដល់ការបណ្តុះបណ្តាលគ្រូបង្រៀនចំនួន ២៤.៥៧៧នាក់ បោះពុម្ពសៀវភៅអានជាភាសាខ្មែរ បានចំនួនពីរក្បាល និងសិស្សថ្នាក់ទី៨ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស ចេះអាននិងយល់អត្ថបទ។
បើតាមធនាគារពិភាពលោក ការគិតគូឡើងវិញអំពីវិធីសាស្ត្រក្នុងការបង្រៀនអាន ការបណ្តុះបណ្តាលគ្រូបង្រៀន និងការវាយតម្លៃថ្នាក់ជាតិនេះ បានធ្វើឲ្យលទ្ធផលនៃការអានមានការកើនឡើង។
ប៉ុន្តែបើទោះបីជាលទ្ធផលបង្ហាញថា ការអាននៅកម្ពុជាកំពុងកើនឡើងក៏ដោយ ធនាគារពិភពលោក ក៏នៅតែបន្តការគាំទ្ររបស់ខ្លួនក្នុងការត្រួតពិនិត្យ និងវាយតម្លៃផ្អែកលើលទ្ធផល ដែលនឹងលើកទឹកចិត្តដល់សាលា គ្រូបង្រៀន សិស្ស ឪពុកម្តាយ និងសហគមន៍ ដើម្បីឲ្យមានគណនេយ្យភាពចំពោះលទ្ធផលរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័ននេះ នឹងធ្វើការណែនាំឲ្យស្គាល់កម្មវិធីវាយតម្លៃសិស្សអន្តរជាតិសម្រាប់ការអភិវឌ្ឍ។
បើតាមធនាគារពិភពលោក នេះគឺជាយន្តការស្ទាបស្ទង់ដែលសមស្របទៅនឹងបរិបទនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាប និងដែលត្រូវបានគេយកមកប្រើប្រាស់ ដើម្បីវាស់ស្ទង់សមត្ថភាពសិស្ស ដែលមានអាយុ ១៥ឆ្នាំ លើមុខវិជ្ជាគណិតវិទ្យា អំណាន និងសំណេរ ព្រមទាំងការអនុវត្តគម្រោងមួយដែលមានរយៈពេល៥ឆ្នាំ គាំទ្រមូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) ដើម្បីគាំទ្រដល់ជំនាញផ្នែកអំណានសម្រាប់សិស្សថ្នាក់ទាប៕
© រក្សាសិទ្ធិដោយ thmeythmey.com