អន្តរជាតិ
ដំណើរ​ទស្សនកិច្ច​ទៅ​គុយបា​៖ លោក អា​បេ គ្រោង​និយាយ​បញ្ហា​កូរ៉េខាងជើង ឲ្យ​គុយបា​បានដឹង​ខ្លះ​
18, Sep 2016 , 8:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នឹង​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​ប្រទេស​គុយបា​នៅ​ថ្ងៃទី​២២​ដល់​២៤​ខែកញ្ញា សប្តាហ៍​ក្រោយនេះ ។ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទីមួយ​ដែល​បំពេញ​ទស្សនកិច្ច​ទៅកាន់​គុយបា លោក អា​បេ នឹង​ជួប​ជាមួយនឹង​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង ក៏ដូចជា​ការពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផងដែរ​។



​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន Yoshihide Suga បានបញ្ជាក់​នៅ​ដើម​សបា្តហ៍​នេះ​ថា «​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ នឹង​ព្យាយាម​ស្វែងរក​ការយោគយល់ និង​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ឡា​ហាវ៉ាន ដែលជា​សម្ព័ន្ធមិត្ត​ប្រែប្រួល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លើ​ដំណោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​វិ​វត្ត​ចុងក្រោយ​របស់​កូរ៉េខាងជើង ដូចជា​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាដើម​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Japan Times​។

​តាម​ប្រភពព័ត៌មាន​ដដែល នា​ដំណើរ​ទស្សនកិច្ច​នោះ មិន​ខុសពី​មហាអំណាច​អាមេរិក ចិន និង​សហភាព​អឺរ៉ុប លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​សំឡឹង​ឃើញ​ពី​ឱកាស​សេដ្ឋកិច្ច​នៅ​ទីនោះ​ផងដែរ​។ ជប៉ុន ក៏​គ្រោង​នឹង​លុប​បំណុល​ប្រមាណ​ជិត​ពីរពាន់​លាន​ដុល្លារ​ដែល​គុយបា​បាន​ជំពាក់​ផងដែរ​។ ជាងនេះទៅទៀត លោក អា​បេ ក៏​គ្រោង​នឹង​ប្រកាស​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​ទៀតផង​។

​អ្វី​គួរកត់សម្គាល់​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅកាន់​គុយបា ត្រូវបាន​មើលឃើញថា ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន បាន​ទៅដល់​កាលពីដើមឆ្នាំ​កន្លងទៅ​។ និយាយ​ឲ្យ​ខ្លី​ទៅ វត្តមាន​របស់លោក ធ្វើឡើង​ស្របទៅតាម​ទំនោរ​សកល​របស់​មហា​អំណាច អាមេរិក និង​ចិន ដែល​បាននិងកំពុង​តែ​ផ្តោត​គោលនយោបាយ​ការបរទេស​សំខាន់​នៅ​នោះ​។

​ងាក​មក​ចាប់អារម្មណ៍​របៀបវារៈ​បញ្ហា​កូ​វ៉េ​ខាងជើង​ដែល​លោក​អា​បេ គ្រោង​នឹង​និយាយ​ជាមួយនឹង​ប្រមុខ​គុយបា​វិញ​ម្តង​! កាលពីពេល​ថ្មីៗ​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​ធំ​ជា​លើក​ទី​ប្រាំ​របស់ខ្លួន ដោយបាន​គំរាមកំហែង​ដល់​ប្រទេសជិតខាង​រួមទាំង​ជប៉ុន​ផងដែរ​នោះ​។ ជាពិសេស​នោះ កូរ៉េខាងជើង បាន​បំពាន​ទៅនឹង​បម្រាប​សហគមន៍​អន្តរជាតិ ដែល​បាន​ហាមប្រាម និង​ថែមទាំង​មានទណ្ឌ​កម្ម​ជា​បន្តបន្ទាប់​។

​ហើយ​ការណ៍​ដែល​លោក​អា​បេ គ្រោង​លើក​បញ្ហា​នៃ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង​ទៅ​ជជែក​ជាមួយនឹង​គុយបា ក៏​ព្រោះតែ​គុយបា គឺជា​សម្ព័ន្ធមិត្ត​ដែល​មិន​ប្រែប្រួល​របស់​កូរ៉េខាងជើង​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មកម្ល៉េះ​។ ទោះ​និន្នាការ​នយោបាយ​សកល​ស្ថិតនៅក្នុង​ដំណាក់​កាលណា​ក៏ដោយ កូរ៉េខាងជើង និង​គុយបា បាននិងកំពុង​តែមាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រួមទាំង​ការលក់​អាវុធ​ជាមួយគ្នា​ដោយ​មិនមាន​ការប្រែប្រួល​ឡើយ​។ និយាយ​រួម​ទៅ បើ​ជប៉ុន​អាច​បញ្ចុះបញ្ចូល​គុយបា​បាន តិច​ឬ​ច្រើន គុយបា យក​បញ្ហា​នោះ​ទៅ​ជជែក​ជាមួយនឹង​កូរ៉េខាងជើង​ដើម្បី​ថមថយ​សកម្មភាព​ផ្គើន​សហគមន៍​អន្តរជាតិ​ខ្លះ​ដែរ​៕


Tag:
 ជប៉ុន​
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com