ពីនេះ ពីនោះ
ក្បួន ក្នុងការ​សរសេរ​ពាក្យ​«​ប្រព្រឹត្តិ​» មាន “​ិ​” និង​«​ប្រព្រឹត្ត​» គ្មាន “​ិ​”
20, Sep 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​ជាទូទៅ មិនសូវ​បាន​យល់ដឹង​ក្នុង​ការសរសេរ​ពាក្យពេចន៍​ឲ្យ​បាន​ត្រឹម​តាម​ក្បួនខ្នាត​វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​ទេ​។ ដោយឡែក​ចំពោះ​ពាក្យ​ថា «​ប្រព្រឹត្តិ និង ប្រព្រឹត្ត​»​ហេតុអ្វី​បានជា​ពេលខ្លះ​សរសេរ​មាន​ស្រៈ “ ​ិ​ ” ហើយ​ពេលខ្លះ​សរសេរ​គ្មាន​ស្រៈ “ ​ិ ​”​?



​ខាងក្រោម​នេះ ជាហេតុ​ផល​ដែល​សាធារណជន​ត្រូវតែ​ចងចាំ​ពី​មូលហេតុ​ដែល​ត្រូវ​ពាក្យ​ទាំង​ពីនេះ ខុសពី​គ្នា​៖

​ពាក្យ​ថា «​ប្រព្រឹត្តិ​» នៅពេលដែល​សរសេរ​មាន “​ិ​” នោះ​គឺ​មានន័យថា ពាក្យ​នេះ​មាន​ថ្នាក់​ពាក្យ​ជានា​ម ដែល​មានន័យថា ការធ្វើ​, ការ​កាន់​វត្តប្រតិបត្តិ​, ដំណឹង​, ហេតុ​, ដើមហេតុ​, រឿងរ៉ាវ​, ពង្សាវតារ​។ ដោយឡែក បើ​សរសេរ​«​ប្រព្រឹត្ត​» បែបនេះ​គឺ​មានន័យថា ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា  ធ្វើតាម​, អនុវត្តតាម​, ប្រតិបត្តិ​តាម ជាដើម​។

​ហេតុនេះ ប្រសិនបើ​អ្នកសរសេរ ប្រើពាក្យ​នេះ​ជា​នាម គឺ​ត្រូវ​សរសេរ ដោយ​ផ្សំ​ជាមួយ តិ​-​បច្ច័យ តម្រួត​គ្នា​ជា “​ត្តិ​” គឺ​ត្រូវ​សរសេរថា «​ប្រព្រឹត្តិ​»​។ ប៉ុន្តែ បើ​ប្រើ​ជា​កិរិយាសព្ទ គឺ​សរសេរ​ត្រឹមតែ «​ប្រព្រឹត្ត​»​បាន​ហើយ​។

​ដោយឡែក ប្រសិនបើ​សរសេរ ដោយ​ផ្សំ​ជាមួយ​ពាក្យ​ថា ការ​, ក្ដី​, ដំណើរ​, សេចក្ដី គឺ​មិនត្រូវ​សរសេរ​ជាមួយ​ពាក្យ​«​ប្រព្រឹត្តិ​» តែ​ត្រូវ​សរសេរ​ជាមួយ​ពាក្យ «​ប្រព្រឹត្ត​»​វិញ​។

​នៅពេលដែល​សរសេរថា​៖ «​ការប្រព្រឹត្តិ​, ក្ដី​ប្រព្រឹត្តិ​, ដំណើរ​ប្រព្រឹត្តិ​, សេចក្ដី​ប្រព្រឹត្តិ​» ការសរសេរ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ទេ​។ មូលហេតុ គឺ​ដោយសារតែ​ពាក្យ​ថា «​ការ​, ក្ដី​, ដំណើរ​, សេចក្ដី​»​គឺជា​នាម ហើយ​ពាក្យ «​ប្រព្រឹត្តិ​» ក៏​ជា​នាម​ដូចគ្នា​។​

​ប៉ុន្តែ​ត្រូវ​សរសេរថា​៖ «​ការប្រព្រឹត្ត​, ក្ដី​ប្រព្រឹត្ត​, ដំណើរ​ប្រព្រឹត្ត​, សេចក្ដី​ប្រព្រឹត្ត​» សរសេរ​បែបនេះ​ទើប​ត្រឹមត្រូវ​។ មូលហេតុ គឺ​ដោយសារតែ​ពាក្យ​ថា «​ការ​, ក្ដី​, ដំណើរ​, សេចក្ដី​»​គឺជា​នាម ទើប​អាច​ផ្សំ​ជាមួយ​ពាក្យ «​ប្រព្រឹត្ត​» ដែលជា​កិរិយាសព្ទ​។ ហើយ​ពាក្យ «​ការប្រព្រឹត្ត​, ក្ដី​ប្រព្រឹត្ត​, ដំណើរ​ប្រព្រឹត្ត​, សេចក្ដី​ប្រព្រឹត្ត​»​មាន​ថ្នាក់​ពាក្យ ជា​នាម​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com