អន្តរជាតិ
ក្រោយ​បញ្ចប់​ជំនួប​ត្រីភាគី អាមេរិក​-​ជប៉ុន​-​កូរ៉េខាងត្បូង នៅ​មិនទាន់មាន​វិធាន​ក្តៅ​ប្រឆាំង​កូរ៉េខាងជើង​ឡើយ
19, Sep 2016 , 5:19 pm        
រូបភាព
ដោយ:
​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​ធំ​លើក​ទី​៥​របស់​កូរ៉េខាងជើង បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​បី​ប្រទេស​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវ​ប្រជុំគ្នា​ជាថ្មី​ដើម្បី​រិះរក​យុទ្ធសាស្ត្រ និង​ផែនការ​ដើម្បី​តទល់​ទៅនឹង​សកម្មភាព​ដែល​ពួកគេ​ចាត់ទុកថា​ជាការ​បង្កហេតុ និង​ព្រហើន​ទៅនឹង​បម្រាម​សហគមន៍​អន្តរជាតិ​របស់​ក្រុង​ព្យុងយ៉ាង​។ តាមរយៈ​ជំនួប​ដែលមាន​ការចូលរួម​ពី​ប្រមុខ​ការទូត​ត្រីភាគី​នេះ ក្រុង​វ៉ាស៊ីនតោន ប្តេ​ជា្ញ ថា អាមេរិក បន្ត​សហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដើម្បី​តទល់​ជាមួយនឹង​កូរ៉េខាងជើង​តាម​គ្រប់​មធ្យោបាយ​។



​នា​ជំនួប​ប្រមុខ​ការទូត​ត្រីភាគី​ក្នុង​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី​១៨ ខែកញ្ញា លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Fumio Kishida បាន​សម្តែង​ការ​ព្រួយ​ខ្លាំង​ពី​សកម្មភាព​ចុងក្រោយ​របស់​កូរ៉េខាងជើង ដោយ​លោក បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវមាន​វិធាន​ថ្មី​ផ្សេងទៀត​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល​។ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា អាម​រិ​ក កូរ៉េខាងត្បូង និង​ជប៉ុន ត្រូវតែ​ចេញមុខ​ក្នុង​ចាប់ផ្តើម​ពិភាក្សា​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ឲ្យ​កូរ៉េខាងជើង​បានដឹងថា កម្មវិធី​បង្កហេតុ​ដដែលៗ​នោះ នឹងធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ឯកា​ពី​គេឯង និង​ជាពិសេស​នោះ​គ្មាន​អនាគត​ល្អប្រសើរ​ឡើយ​។

​មិន​ខុសពី​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Yun Byung-se ក៏​ត្អូញត្អែរ និង​ព្រួយបារម្ភ​ខ្លាំង​ណាស់ដែរ​ពី​សកម្មភាពរ​បស់បង​ប្អូន​កូរ៉េ​ដូចគ្នា​នោះ​។ លោក បាន​ប្រាប់​សម​ភាគី​ទាំងពីរ​ថា ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​លើក​ទី​ប្រាំ​កាលពីពេល​ថ្មីៗ​នេះ គឺជា​ខ្លាំង​ជាង​ពេលមុនៗ​ច្រើន​ឆ្ញា​យ​ណាស់​។ លោក​រដ្ឋមន្ត្រី ថែមទាំង​បញ្ជាក់ថា​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង បាន​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ជាពិសេស​នោះ កូរ៉េខាងជើង មិន​ត្រឹម​តែមាន​សមត្ថភាព​បង្កើត​នោះទេ តែ កូរ៉េខាងជើង បានបង្ហាញ​អាវុធ​ទាំងនោះ​ជា​សាធារណៈ​រួចទៅហើយ​។

​ប្រមុខ​ការទូត​កូរ៉េខាងត្បូង ក៏បាន​រម្លឹក​ពី​ក្តី​របស់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye យ៉ាង​ដូច្នេះ​ថា «​អ្វីដែល​យើង​ឃើញ​ពី​ព្យុះ​ដែល​កំពុង​បក់បោក​យ៉ាងខ្លាំង​នោះ​(​សកម្មភាព​កូ​រ៉​ខាងជើង​) មិនមែន​វាយប្រហារ​ទៅលើ​ភាគ​ឥ​សាន្ត​របស់​អាស៊ី​នោះទេ តែ វា ក៏​នឹង​បក់បោក​ទៅលើ​ពិភពលោក​ផងដែរ​។ ហើយ​ហេតុផល​នេះហើយ ដែល​លោកស្រី​ប្រធានាធិបតី បាន​ព្រមាន​ក្នុងពេល​កិច្ចប្រជុំ​អាស៊ី​បូព៌ា​កន្លងមក​ថា ប្រសិន យើង មិនអាច​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ថ្ងៃនេះ​ទេ នោះ​ថ្ងៃស្អែក​យើង​នឹងមាន​ការសោកស្តាយ​ហើយ​»​។

​ជុំវិញ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Jonh Kerry ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នោះ បាន​ពណ៌នា និង​ហៅ​សកម្មភាព​របស់​ប្រមុខ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ថា ជាស​កម្ម​ភាពព្រហើនរ​បស់​មេដឹកនាំ​ផ្តាច់ការ​។ លោក​ប្រមុខ​ការទូត ក៏បាន​ប្តេជ្ញា​បន្ត​អនុវត្ត​តួនាទី​ក្នុងនាម​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា​, តាមរយៈ​កាតព្វកិច្ច​ការពារជាតិ​រួម និង​តទល់​ជាមួយនឹង​ឥ​រិ​យោ​បថ​ព្រហើន​របស់​កូរ៉េខាងជើង​ផងដែរ​។

​អ្វី​គួរកត់សម្គាល់​នោះ មិន​ខុសពី​ពេលមុនៗ​នោះ លោក​រដ្ឋមន្ត្រី មិនទាន់មាន​វិធាន​ធ្ងន់ធ្ងរ​រហូតដល់​ការប្រឈមមុខ​ផ្នែក​យោធា ឬ​វិធាន​ការបង្ខំ​អ្វី​ឡើយ ដោយ ត្រឹម​បញ្ជាក់ថា អាមេរិក បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការចរចា​ជាមួយនឹង​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ,​ដោយ​មិន​ប្រើ​ហិង្សា​, ដោយមាន​ការចូលរួម​ពី​សហគមន៍​អន្តរជាតិ ,​ដោយមាន​ការបញ្ចូល​ជាមួយនឹង​ជំនួយ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាដើម​។​

​សូម​ជម្រាប​ផងដែរ កាលពីដើមឆ្នាំ​២០១៦​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​ក្នុងការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ យ៉ាងណាក៏ដោយ ទណ្ឌ​កម្មនេះ ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​អ្វី​ឡើយ ដ្បិត​កូរ៉េខាងជើង នៅតែ​បន្ត​សាកល្បង​ទាំង​ការបាញ់​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ ដែល​កូរ៉េខាងត្បូង បាន​ចាត់ទុកថា អាវុធ​នុយក្លេអ៊ែរ​នោះ បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​នោះ​។​

​បើទោះជា​ក្នុងជំនួប​ត្រីភាគី​នៃ​សម្ព័ន្ធមិត្ត​ទាំងបី មិនបាន​បញ្ជាក់​ពី​វិធាន​ក្តៅ​ប្រឆាំង​កូរ៉េខាងជើង​ក៏ដោយ អាមេរិក និង​កូរ៉េខាងត្បូង បាន​ត្រៀម​ការពារ និង​តទល់​ជាមួយនឹង​កូរ៉េខាងជើង​តាមរយៈ​ការអនុញ្ញាត​ឲ្យ​អាមេរិក​អាច​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​រូ​ច​ទៅហើយ​៕


Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com