អន្តរជាតិ
ក្រុង New York នឹង​ពង្រាយ​ចំនួន​ប៉ូលិស​មិន​ធ្លាប់មាន​ត្រៀម​ការពារ​កិច្ចប្រជុំ UN
19, Sep 2016 , 10:39 pm        
រូបភាព
លោក Bill de Blasio អភិបាលក្រុងញូវយ៉ក ចុះទៅមើល​កន្លែងកើតហេតុ
លោក Bill de Blasio អភិបាលក្រុងញូវយ៉ក ចុះទៅមើល​កន្លែងកើតហេតុ
ដោយ: ថ្មីៗ
​បន្ទាប់ពី​ការវាយប្រហារ​បំផ្ទុះ​នៅ​ក្រុង New York ដែល​បណ្ដាល​ឲ្យ​មនុស្ស​២៩​នាក់​របួស​មក អជ្ញាធរ​ក្រុង New York នឹង​ពង្រាយ​ចំនួន​ប៉ូលិស​កាន់តែច្រើន​បន្ថែម​ទៀត ដើម្បី​ការពារ​សន្តិសុខ​។ ការបង្កើន​ចំនួន​ប៉ូលិស​ដែល​មិន​ធ្លាប់មាន​នេះ ក៏​សំដៅ​ការពារ​សន្តិសុខ​អំឡុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​មេដឹកនាំ​ប្រទេស​ជុំវិញ​ពិភពលោក នឹង​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​។

 


​អភិបាលក្រុង New York លោក Bill de Blasio និយាយថា ក្រុង New York នឹងមាន​វត្តមាន​ប៉ូលិស​ច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើ​ម្ប​ការពារ​សុខ​សុវត្ថិភាព​នៃ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧១ ដែល​នឹង​ចាប់ផ្ដើម​នៅក្នុង​សប្ដាហ៍​នេះ​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការ​បំផ្ទុះ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ដែល​ធ្វើ​ឲ្យ​មនុស្ស​២៩​នាក់​របួស ខណៈ​មូលហេតុ​ពិតប្រាកដ​នៅ​មិនទាន់​បង្ហាញ​នៅឡើយ​។  
 
​ក្នុង​សន្និសីទកាសែត​ដដែល​នោះ អភិបាលក្រុង​រូបនេះ​និយាយថា ប៉ូលិស​មកពី NYPD នឹងមាន​វត្តមាន​ច្រើន​ក្រាស់ក្រែល​នៅក្នុង​ទីក្រុង​នៅក្នុង​សប្ដាហ៍​នេះ​។ ហើយ​មន្ត្រីប៉ូលិស​ទាំងនោះ នឹងត្រូវ​ពង្រាយ​នៅតាម​កន្លែង​សំខាន់​ដូចជា នៅ​ជុំវិញ​ស្នាក់ការ​អង្គការសហប្រជាជាតិ ទីលាន Time Squares ក៏ដូចជា​ទីបញ្ជាការ​ឆ្លើយ​តប​បន្ទាន់ និង​ក្រុម​ឆ្លើយតប​យុទ្ធសាស្ត្រ​ផងដែរ​។​

​បន្ថែម​ពីលើ​ការបង្កើន​ចំនួន​ប៉ូលិស​នោះ អាជ្ញាធរ​ក្រុង New York ក៏​នឹង​បង្កើន​ការ​ឆែក​កាបូប និង​ការប្រើប្រាស់​ឆ្កែ​ហិតក្លិន នៅតាម​ស្ថានីយ៍​រថភ្លើង ដែលមាន​មនុស្ស​ណែនណាន់​ដែរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។

​សូម​រម្លឹកថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក នៅ​ថ្ងៃ​សៅរ៍​បានធ្វើ​ឲ្យ​មនុស្ស​ជិត​៣០​នាក់​របួស​។ គ្រាប់​ដែល​ប្រើប្រាស់​នោះ​ត្រូវបាន​គេ​រកឃើញថា ជា​គ្រាប់បែក​ច្នៃ​ហើយ​ប្រហាក់ប្រហែល​គ្រឿងផ្ទុះ​ដែល​គេ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ ២០១៣ នៅ​បូ​ស្តុ​ន​។ គេ​ដាក់​ការសង្ស័យថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​មាន​ជាប់​ពាក់ព័ន្ធ​បណ្តា​ក្រុម​ភេរវជន​អន្តរជាតិ តែ​អភិបាលរដ្ឋ​ទាត់ចោល​ការលើកឡើង​បែបនេះ​។​

​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​មាន​កិច្ចប្រជុំ​អង្គការ​សហ​ប្រជា​តិ​ដែល​ត្រូវ​រៀបចំឡើង​នៅ​ស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​នា​ក្រុង​ញូវយ៉ក​។ ហើយ​មេដឹកនាំ​ពិភពលោក​រួមទាំង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ផង​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​។​

​ដោយសារ​កិច្ចប្រជុំ​នេះ​នឹងមាន​វត្តមាន​បណ្តា​មេដឹកនាំ​ពិភពលោក​ច្រើន ស្ថាប័ន​អង្គការសហប្រជាជាតិ​បានស្នើ​សុំ​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ មុន​កិច្ចប្រជុំ​មកដល់​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់​ហើយ​ថា សន្តិសុខ​ជារួម​នៅក្នុង​បរិវេណ​ស្ថាប័ន​ត្រូវបាន​ការពារ​យ៉ាង​តឹងតែង​បំផុត​ដោយមាន​ការសហការ​ពី​អាជ្ញាធរ​សហព័ន្ធ​៕


Tag:
 UN
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com