អន្តរជាតិ
មេដឹកនាំ​ហា​ម៉ាស់​សប្បាយចិត្ត​ពេល​ត្រូវ​អាមេរិក​ចាត់ទុកជា «​ភេរវជន​ពិភពលោក​»
19, Sep 2016 , 6:04 pm        
រូបភាព
លោក Fathi Hammad មេដឹកនាំម្នាក់របស់ក្រុមហាម៉ាស់ នៅប៉ាលេស្ទីន
លោក Fathi Hammad មេដឹកនាំម្នាក់របស់ក្រុមហាម៉ាស់ នៅប៉ាលេស្ទីន
​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ក្រសួង​ការ​បរ​ទេ​អាមេរិក បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​បុគ្គល ដែល​ត្រូវ​ចាត់ទុកជា​ភេរវជន​ពិភពលោក ដ្បិត​បុគ្គល​ទាំងនោះ​មាន ជាប់​ពាក់ព័ន្ធ​ក្រុម​ភេរវកម្ម​ជ្រុលនិយម​នៅ​ជុំវិញ​ពិភពលោក​ដូចជា​ក្រុម​ហា​ម៉ាស់ តា​លី​បង់ និង​ក្រុម​រដ្ឋ​ឥស្លាម​ជាដើម​។ យ៉ាងណាក្ដី លោក Fathi Hammad ដែលជា​មេដឹកនាំ​ម្នាក់​របស់​ក្រុម​ហា​ម៉ាស់ នៅ​ប៉ា​លេ​ស្ទី​ន បែរជា​សប្បាយចិត្ត​ពេល​ត្រូវ​អាមេរិក​ដាក់ចូល​ក្នុង​បញ្ជី​ភេរវជន​ទៅវិញ​។​



«​ខ្ញុំ​មាន​មោទនភាព ដែល​អាចធ្វើ​ឲ្យ​អាមេរិក​ខឹងសម្បារ​បាន​។​» នេះ​ជា​សម្ដី​របស់លោក Fathi Hammad មេដឹកនាំ​ម្នាក់​របស់​ចលនា​ហា​ម៉ាស់ បន្ទាប់ពី​ត្រូវ​អាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជី​ភេរវជន​ពិភពលោក​រួចមក​។ ហើយ​លោក​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​ត្រូវ​អាមេរិក​ហៅថា​ជា​ភេរវជន​នោះ​។

​ថ្លែងប្រាប់​សារព័ត៌មាន The Washington Post នៅ​ថ្ងៃទី​១៧ ខែកញ្ញា លោក Fathi Hammad បន្តថា ការដាក់​ឈ្មោះ​លោក​ក្នុង​បញ្ជី​នេះ នឹង​បង្កើន​ទំនុកចិត្ត​របស់លោក​លើ​ផ្លូវ​ដែល​លោក​បានជ្រើសរើស​ហើយ​នោះ​។ ហើយ​លោក​មិន​ខ្លា​ចការ​គំរាម ឬ​ការសម្លាប់​អ្វី​ដែរ និង​ត្រៀមខ្លួន​ទទួលយក​បញ្ហា​ទាំងអស់​។ ប៉ុន្តែ មេដឹកនាំ​ចលនា​ហា​ម៉ាស់​រូបនេះ មិនដឹង​ទេ​ថា ហេតុអ្វី​បានជា​ក្រុង​វ៉ាស៊ីនតោន​ដាក់ឈ្មោះ​លោក​ក្នុង​បញ្ជី​ខាងលើ​ដែរ​។​

​បើតាម​ប្រភពព័ត៌មាន​ខាងលើ ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​លោក Fathi Hammad ដែលជា​អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​ហា​ម៉ាស់ ចំពោះ​សកម្មភាព​ភេរវកម្ម​ជា​ប្រព័ន្ធ​។ អាមេរិក​ក៏​ចោទប្រកាន់​លោក Fathi ចំពោះ​ការប្រើប្រាស់​ទូរទស្សន៍ Al-Aqsa ដើម្បី​ទាក់ទាញ​កុមារ​ឲ្យ​ចូលរួម​ជាមួយ​ចលនា​ហា​ម៉ាស់ និង​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក ពេល​ពួកគេ​ធំ​ឡើង​។​

​ជាមួយគ្នា​នោះ បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ ក៏បាន​រិះគន់​មហា​យក្ស​អាមេរិក ចំពោះ​សកម្មភាព​នៅ​ជុំវិញ​ពិភពលោក ដោយ​លោក​បញ្ជាក់ថា អាមេរិក​តែង​អះអាងថា ខ្លួន​ឈរ​នៅ​ជាមួយ​អ្នក​ត្រូវគេ​ធ្វើបាប និង​ឈរ​ជាមួយ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ប៉ុន្តែ​អាមេរិក​មិនដែល​ធ្វើ​ដូច​មាត់​ឡើយ​។ ហើយ​អាមេរិក តែង​កុហក​គេឯង​គ្រប់គ្នា​ទាំងអស់​។

«​ខ្ញុំ​សុំ​ផ្ញើ​សារ​មួយ​ទៅ​ប្រជាជន​អាមេរិក​។ រដ្ឋាភិបាល​អាមេរិក កំពុង​កុហក​អ្នក ហើយ​ប្រធានាធិបតី​អាមេរិក ក៏​កំពុង​កុហក​អ្នក​ដែរ​។ ពួកគេ​យកលុយ​របស់​អ្នក ដែល​អាច​ចំណាយ​លើ​សុខាភិបាល និង​វិស័យ​អប់រំ ទៅ​ឲ្យ​អ៊ីស្រាអែល​ដែលជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​ដ៏​ធំ​មួយ​។​» នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក Fathi Hammad ដែល​និយាយ​សំដៅ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​រវាង​អាមេរិក និង​អ៊ីស្រាអែល ដែលមាន​តម្លៃ​ដល់​ទៅ​៣៨​ពាន់​លាន​ដុល្លារ​៕ 


Tag:
 អាមេរិក​
 ​ ប៉ា​លេ​ស្ទី​ន​
  ​ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com