អន្តរជាតិ
សមាជិកព្រឹទ្ធសភាអស់តំណែងព្រោះផ្ចាញ់ផ្ចាលលោក Duterte
× សមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Leila De Lima ដែលជាអ្នករិះគន់បុរសខ្លាំង លោក Rodrigo Duterte ជុំវិញយុទ្ធនាការបោសសម្អាតគ្រឿងញៀនដែលសម្លាប់មនុស្សជាច្រើននោះ ត្រូវបានដកចេញពីតំណែងប្រធានគណៈកម្មាធិការព្រឹទ្ធសភាហើយ។ ការដកតំណែងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយគណៈកម្មាធិការរបស់លោកស្រីបង្ហាញមុខសាក្សីដែលបានអះអាងថា លោក Duterte ចេញបញ្ជាសម្លាប់មនុស្ស ពេលលោកនៅធ្វើជាចៅហ្វាយក្រុង Davao នៅឡើយនោះ។
ព្រឹទ្ធសភាហ្វីលីពីន នៅថ្ងៃទី១៩ ខែកញ្ញា បានបោះឆ្នោតដោយសំឡេង១៦ ទល់នឹង៤ បណ្ដេញលោកស្រី Leila De Lima ជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាហើយ។ លោកស្រី De Lima ដែលជាប្រធានគណៈកម្មាធិការយុត្តិធម៌ និងសិទ្ធិមនុស្ស តែងតែរិះគន់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte ហើយថែមទាំងបើកការស៊ើបអង្កេតលើការសម្លាប់មនុស្សយ៉ាងច្រើននោះទៀតផង។
បន្ទាប់ពីការបោះឆ្នោតនេះ លោកស្រី De Lima បានបន្ទោសប្រធានាធិបតីហ្វីលីពីន Duterte ចំពោះរឿងនេះ ក៏ព្រោះតែសម្ព័ន្ធមិត្តរបស់លោក Duterte នៅក្នុងព្រឹទ្ធសភា បានដកតំណែងលោកស្រី។ សមាជិកព្រឹទ្ធសភាដែលគាំទ្រលោក Duterte ចោទលោកស្រី De Lima ថា ការស៊ើបអង្កេតជុំវិញការសម្លាប់មនុស្សក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន កំពុងតែបំផ្លាញមុខមាត់ប្រទេស និងព្រឹទ្ធសភាហ្វីលីពីនដែរ។
អតីតប្រធានគណៈកម្មាធិការដែលអស់តំណែងខាងលើនិយាយថា លោកស្រីនឹងត្រូវរងការធ្វើបាបបន្តទៀត ហើយនេះជាការចង់បានរបស់លោកប្រធានាធិបតី ដ្បិតលោកស្រីហ៊ានបើកការស៊ើបអង្កេតការលើសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរបស់លោក។ ហើយការស៊ើបអង្កេតលើការសម្លាប់មនុស្ស ទំនងជារលាយទៅដែរ ក្រោយការដកតំណែងរបស់លោកស្រី ពីគណៈកម្មាធិការព្រឹទ្ធសភានោះ។
យោងតាមសារព័ត៌មាន Rappler លោកស្រី De Lima និងប្រធានាធិបតី Duterte មិនដែលត្រូវគ្នាឡើយជុំវិញរឿងសិទ្ធិមនុស្សនេះ។ ពោលគឺចាប់តាំងពីលោក Duterte នៅកាន់តំណែងអភិបាលក្រុង Davao ហើយលោកស្រី De Lima នៅធ្វើជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងបន្ទាប់មកកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌មកម្លេះ។ ហើយការមើលមុខគ្នាមិនត្រូវនេះ ក៏បន្តមកដល់ការប្រតិបត្តិការបោសសម្អាតគ្រឿងញៀននេះតែម្ដង។
ចុងក្រោយនោះ មិនត្រឹមតែអស់តំណែងប្រធានគណៈកម្មាធិការឡើយ លោកស្រី De Lima ក៏រងបណ្ដឹងធ្វើខុសបញ្ញត្តិព្រឹទ្ធសភា និងការជាប់ពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់នៅតាមពន្ធធនាគារជាតិ អំឡុងពេលលោកស្រីធ្វើជារដ្ឋយុត្តិធម៌។ ការស៊ើបអង្កេតបញ្ហាលើចែកចាយគ្រឿងញៀននេះ នឹងធ្វើដោយរដ្ឋបាលលោកប្រធានាធិបតី Duterte បន្ទាប់ពីទទួលបានភ្លើងខៀវពីរដ្ឋសភារួចមកនោះ៕
Tag:
ហ្វីលីពីន
Rodrigo Duterte
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com