អន្តរជាតិ
អាមេរិក រីករាយ​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ និង​ពង្រីក​ទីផ្សារ​កម្ពុជា​ទៅកាន់​អន្តរជាតិ
21, Sep 2016 , 5:19 pm        
រូបភាព
លោកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា William Heidt ក្នុងកិច្ចពិភាក្សាតុមូលជាមួយនឹងអ្នកកាសែត នៅថ្ងៃទី២០ ខែកញ្ញា
លោកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា William Heidt ក្នុងកិច្ចពិភាក្សាតុមូលជាមួយនឹងអ្នកកាសែត នៅថ្ងៃទី២០ ខែកញ្ញា
ដោយ:
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt បាន​សម្តែង​ការរីករាយ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាព និង​ទីផ្សារ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​នោះ​អ្នកវិនិយោគ​ហុងកុង​ដើម្បី​ទាក់ទាញ​ឲ្យ​ពួកគេ​មក​វិនិយោគ​កម្ពុជា​ដែល​ទើបតែ​ទទួលបាន​ការលើកលែង​ពន្ធ​លើ​«​ទំនិញ​សម្រាប់​ការធ្វើដំណើរ​ពី​អាមេរិក​»​។ លោក​អគ្គរដ្ឋទូត ក៏​បញ្ជាក់ដែរថា តាមរយៈ​ការផ្សព្វផ្សាយ ក៏មាន​ក្រុមហ៊ុន និង​អ្នកវិនិយោគ​មួយចំនួន​កំពុង​ពិចារណា​ដើម្បី​មក​វិនិយោគ​ក្នុង​ទីផ្សារ​កម្ពុជា​ផងដែរ​។



«​ខ្ញុំ បាន​និយាយ​ជាមួយនឹង​ក្រុមហ៊ុន​បី​ផ្សេងៗ​គ្នា​ដោយ​ពួកគេ អះអាងថា​កំពុងតែ​រៀបចំ​ក្នុងការ​មក​វិនិយោគ​មកកាន់​កម្ពុជា និង​ប្រាំ​ផ្សេងទៀត កំពុងតែ​ពិចារណា​យ៉ាង​យកចិត្ត​ទុក​ក្នុងការ​មក​កម្ពុជា​ផងដែរ​។ ... ខ្ញុំ​គិតថា​ប្រសិនបើ​រដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​លើ​ដំណើរការ​នេះ រដ្ឋាភិបាល​នឹង​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​។​» នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​លោក​អគ្គរដ្ឋទូត William Heidt នា​កិច្ចពិភាក្សា​តុមូល​ជាមួយនឹង​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែកញ្ញា ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​នៃ​ការផ្សព្វផ្សាយ​ទីផ្សារ​កម្ពុជា​ទៅកាន់​អ្នកវិនិយោគ​នៅ​ហុងកុង​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១៩ ខែកញ្ញា​កន្លងទៅ លោក​អគ្គរដ្ឋទូត William Heidt បានរួម​ដំណើរ​ជាមួយនឹង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ចូលរួម​ធ្វើ​ប​ឋ​កថា​ស្តីពី​កាលានុវត្តភាព​វិនិយោគ​ក្នុង​វិស័យ​ផលិត​សម្ភារ​ធ្វើដំណើរ​ទៅកាន់​សមាគម​អ្នកវិនិយោគ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។

​តាម​ការបញ្ជាក់​របស់​លោក​អគ្គរដ្ឋទូត គោលបំណង​នៃ​ការធ្វើ​បទ​បង្ហាញ​នៅ​ហុងកុង​គឺ​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​វិនិយោគិន​នៅ​ហុងកុង​ប្រមាណ​ជាង​២០​ក្រុមហ៊ុន ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ទីផ្សារ​ពិភពលោក អំពី​ការទទួលបាន​ការលើក​លែង​ពន្ធ​តាម​ប្រព​ន្ធ័​អនុគ្រោះ​ទូទៅ​(GSP)​ចំពោះ​ទំនិញ​សម្រាប់​ការធ្វើដំណើរ​ដូច​ការ​បូ​ប​ជាដើម​ដែល​ផលិត​នៅ​កម្ពុជា ដែល​ទើបតែ​ផ្តល់​ដោយ​រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ​។

​លោក​អគ្គរដ្ឋទូត ថ្លែងថា​លោក ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង​ពង្រីក​ទីផ្សារ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​។ លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​ពិតជា​រីករាយ​ដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យក​ទុកចិត្ត​យ៉ាងសកម្ម​លើ​ការសម្រេចចិត្ត​បន្ថយពន្ធ​របស់​អាមេរិក តាមរយៈ​ការរៀបចំ​គណៈប្រតិភូ ការអញ្ជើញ​ទូត​អាមេរិក​ដើម្បី​ចូលរួម​ដំណើរ​ផ្សព្វផ្សាយ​ជាមួយ​នោះ​។  វា ក៏បាន​បង្ហាញ​ដែរ​ថា រដ្ឋាភិបាល​ពិតជា​យកចិត្តទុកដាក់​ក្នុងការ​ទទួលយក​ផលប្រយោជន៍​សម្រាប់​កម្ពុ​ជា ....​ដែល​ខ្ញុំ​គិតថា​នេះ គឺជា​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​។​»

​ជាងនេះទៅទៀត​នោះ លោក​អគ្គរដ្ឋទូត ដែល​អះអាងថា​លោក​ធ្លាប់បាន​ធ្វើការ​លើ​ផ្នែក​សេដ្ឋកិច្ច​ជាង​បី​ទសវត្ស​រ៍ហើយ​នោះ ក៏បាន​បង្ហាញ​ការជឿជាក់​ដែរ​ថា កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​អាមេរិក នឹង​កើនឡើង​គួរកត់សម្គាល់​នៅ​ឆ្នាំក្រោយ ហើយ កម្មករ​កម្ពុជា​ក៏​នឹង​ទទួល​ការងារ​កាន់តែច្រើន​ផងដែរ​។

​បើ​យោង​ការចុះផ្សាយ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក មាន​ផលិតផល​ចំនួន​ប្រហែល ៥០០០​មុខ មកពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន ១២២ និង​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចជាងគេ​ចំនួន ៤៣​ប្រទេស ទទួលបាន​ការលើកលែង​ពន្ធ សម្រាប់​ការនាំ​ចូលទៅ​កាន់​សហរ​ដ្ឋ​អាមេរិក​។ ក្នុងនោះ​ទំនិញ​ជាង​១៥០០ ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា​ក៏​អាច​នាំចេញ​ដោយ​ឥត​បង់ពន្ធ​ផងដែរ​៕


Tag:
 ​កម្ពុជា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com