ជាតិ
សង្គម​ស៊ីវិល​បង្ហាញថា អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី រង​ការរើសអើង​យ៉ាងខ្លាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​
21, Sep 2016 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​រដ្ឋាភិបាល ក្នុងការ​គាំទ្រ​លើ​ការគោរព​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​។ ប៉ុន្តែ អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ សង្កេតឃើញថា  មន្ត្រី និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន បែរជា​មិនសូវ​ផ្តល់​តម្លៃ​និង​ការពារ​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​ទៅវិញ ទៅវិញ​។ អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី គឺ​សំដៅ​ទៅលើ​ពួក​បុរស ដែល​ព្យាយាម​ធ្វើខ្លួន ឲ្យ​ក្លាយជា​ស្ត្រី​។



​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទៅលើ​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី គឺជា​ក្តីកង្វល់ និង​បញ្ហា​ដ៏​ចម្បង ដែល​ពួកគេ​កំពុងតែ​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​។

​លោកស្រី ចក់ សុភា បាន​លើកឡើងថា អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី គឺជា​ក្រុមមនុស្ស​ដែល​ងាយ​នឹងរង​គ្រោះ​នៅក្នុង​សង្គម ជាពិសេស​នៅតាម​មូលដ្ឋាន​។ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​របស់​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក អ្វីដែល​ធ្វើ​ឲ្យ​លោកស្រី ចក់ សុភាព និង​ក្រុមការងារ មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំងជាងគេ​នោះ គឺ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់មូលដ្ឋាន ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ទាក់ទង​នឹង​ការគោរព​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​។​



​លោកស្រី មើលឃើញថា មន្ត្រីជាន់ខ្ពស់​មួយចំនួន រួមទាំង​រដ្ឋាភិបាល​តែម្តង បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ប្រឆាំងនឹង​ការរើសអើង​លើ​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី ឬ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ ប៉ុន្តែ មន្ត្រី​នៅតាម​មូលដ្ឋាន បែរជា​មិន​លើកស្ទួយ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទៅវិញ ហើយ​ថែមទាំង​ប្រើ​អំពើហិង្សា​លើ​ពួកគេ​ទៀតផង​។

​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ​សង្កត់ធ្ងន់ៗ​ថា​៖«​យើង​ចាប់អារម្មណ៍​ថា មានការ​រើសអើង​ក្នុង​អត្រា​មួយ​ខ្ពស់​។ អ្វីដែល​ពួកគាត់ (​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​) ប្រឈម​ខ្លាំង​នោះ គឺ​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មន្ត្រីនគរបាល​។ នេះ គឺជា​រឿង​មួយ​ដែល​យើង​រកឃើញថា ការអនុវត្ត​ច្បាប់​នៅតាម​មូលដ្ឋាន ហាក់ដូចជា​ផ្ទុយ​ពីអ្វី ដែលជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​»​។



​ការ​ថ្លែង​របស់​លោកស្រី ចក់ សុភាព ខាងលើ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​របាយការណ៍​ស្តីពី «​ការរើសអើង​លើ​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​នៅតាម​ទីប្រជុំជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។ របាយការណ៍​នេះ ត្រូវបាន​ចងក្រង​ដោយ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​តាំងពី ឆ្នាំ​២០១០ មក​។

​យ៉ាងណាក៏ដោយ របាយការណ៍​ខាងលើ មិនបាន​បង្ហាញថា អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​នៅ​កម្ពុជា មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ច្បាស់លាស់​នោះទេ​។ របាយការណ៍​នេះ គ្រាន់​តែ បង្ហាញ​ទិន្នន័យ ដែល​ក្រុម​អ្នកស្រាវជ្រាវ​ស្តីពី​មេរោគ​អេដស៍ បាន​ប៉ាន់ស្មាន​កន្លងមក ថា​មាន​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី ជាង​៣​ពាន់​នាក់​។ ចំនួន​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី ជាង​៣​ពាន់​នាក់​នេះ គឺជា​ការស្រាវជ្រាវ​ក្នុង​ខេត្ត​ចំនួន​៧​ប៉ុណ្ណោះ​។



​លោក នួន ស៊ី​ដា​រ៉ា ជា​វាគ្មិន ដែល​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​នោះ បាន​បញ្ជាក់ថា ក្រៅពី​ការ​ប្រឈម​នឹង​ការរើសអើង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី ក៏​កំពុងតែ​រង​សម្ពាធ​ពី​ក្រុមគ្រួសារ​និង​សហគមន៍​ផងដែរ​។ ជាពិសេស​នោះ អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី ក៏​ពិបាក​ក្នុងការ​ស្វែងរក​ការងារ ឬក៏​បាត់​បង់ការ​ទៅវិញ ដោយសារតែ​ការរើសអើង​របស់​ថៅកែ​។ នេះ​ជាការ​បន្ថែម​របស់លោក នួន ស៊ី​ដា​រ៉ា ដដែល​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល បន្ត​លើកកម្ពស់​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី រួមទាំង​ចាត់​វិធា​ការ​ឲ្យ​បាន​តឹងរឹង​ក្នុង​ការដាក់ទោសទណ្ឌ​ដល់​ជន​ទាំងឡាយណា ដែល​រើសអើង​ឬ​ប្រើ​អំពើហិង្សា​លើ​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​។ អង្គ​ការដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិមនុស្ស​មួយ​នេះ យល់ថា វា ជា​រឿង​ល្អ​មែនទែន ប្រសិនបើ​រដ្ឋាភិបាល តាក់​តែ​ច្បាប់​ស្តីពី​ការការពារ​មនុស្ស​ភេទ​ទី​៣៕




Tag:
 ​យេនឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com