ជាតិ
ទូត​អាមេរិក រៀបចំ​សិក្ខាសាលា TechCamp H2.0 សម្រាប់​យុវជន​អាស៊ាន​៥​ប្រទេស
23, Sep 2016 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក រៀបចំ​សិក្ខាសាលា TechCamp Cambodia H2.0: Supporting Healthy Waterways in the Lower Mekong (​ទ្រទ្រង់​ផ្លូវទឹក​ល្អ នៅ​តំបន់​មេគង្គ​ក្រោម​) សម្រាប់​យុវជន​មកពី​ប្រទេស​កម្ពុជា ភូមា វៀតណាម ឡាវ  និង​ថៃ​។ សិក្ខាសាលា​នេះ រៀបចំ​នៅ​ព្រឹក​ថ្ងៃទី​២៤ កញ្ញា វេលា​ម៉ោង​៩​ព្រឹក នៅ​Raintree Cambodia  ដោយមាន​វត្តមាន​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William Heidt​។​



​សិក្ខាសាលា TechCamp Cambodia H2.0 «​ទ្រទ្រង់​ផ្លូវទឹក​ល្អ នៅ​តំបន់​មេគង្គ​ក្រោម​»  មាន​គោលបំណង​ស្ដីពី​បច្ចេកទេស ដែលមាន​រយៈពេល​២​ថ្ងៃ នឹងមាន​ការចូលរួម​ពី​អ្នកឯកទេស​ផ្នែក​បច្ចេកវិទ្យា នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។ TechCamp ជា​សិក្ខាសាលា​ដើម្បី​បង្រៀន​សមាជិក​ចំនួន​៥០​នាក់ នៃ​គម្រោង​ស្ដីពី គំនិត​ផ្ដួចផ្ដើម​នៃ​មេដឹកនាំ​យុវជន​វ័យក្មេង​នៅ​អាស៊ីអាគ្នេយ៍ (YSEALI) របស់លោក​ប្រធានាធិបតី អូ​បា​ម៉ា ដែល​មកពី​ប្រទេស​កម្ពុជា ថៃ ឡាវ ភូមា និង​វៀតណាម ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ចាំបាច់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ទឹក នៅក្នុង​តំបន់​មេគង្គ​ក្រោម​។ គោលបំណង​សំខាន់​ផ្សេងទៀត គឺ​ដើម្បី​ជំរុញ​ការ សិក្សា​និង​អាជីព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។​

TechCamp ដែលជា​គំនិត​ផ្ដួចផ្ដើម​នៃ​ការិយាល័យ កិច្ច​ការទូត​តាម​អ៊ី​ន​ធឺ​ណេ​ត របស់​ការិយាល័យ​គ្រប់គ្រង​ធនធាន​ព័ត៌មាន និង​ការិយាល័យ​ព័ត៌មាន​អន្តរជាតិ IPP របស់​សហរដ្ឋអាមេរិក​។ TechCamp ធ្វើ​ឲ្យ​មានការ​ចូលរួម​ធ្វើ​ការងារ និង​ការផ្ដល់អំណាច ឲ្យ​អ្នកចូលរួម​មាន​គោលដៅ តាមរយៈ​ការបណ្ដុះបណ្ដាល​លើ​វិធី​ប្រើ​មធ្យោបាយ​បច្ចេកវិទ្យា ដែល​ចំណាយ​តិច ងាយ​យកទៅអនុវត្ត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សិក្ខាសាលា TechCamp ចំនួន​៤០ ត្រូវបានធ្វើ​នៅ​ទូទាំង​សាកលលោក នឹង​ធ្លាប់​បានរៀបចំ​២​ដង​រួចមកហើយ នៅ​កម្ពុជា ដែល​ស្ដីពី «​ការកសាង​សមត្ថភាព និង​ការផ្ដល់អំណាច​ឲ្យ​យុវជន​» និង «​ការប្រយុទ្ធប្រឆាំង​និង​ការជួញដូរ​មនុស្ស នៅ​អាស៊ីអាគ្នេយ៍​» កាលពី​ឆ្នាំ​២០១៣​។ បន្ទាប់ពី​សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ជា​បន្ត តាមរយៈ​បណ្ដាញ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទាក់ទង​គ្នា​តាម​អ៊ី​ន​ធឺ​ណេ​ត និង​គម្រោង​សាកល្បង ដែល​នឹងត្រូវ​ទ្រទ្រង់ ដោយ​ថវិកា​សម្រាប់​ចាប់ផ្ដើម​គម្រោង Seen Grant ។​

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​ខេ​មរ​សិក្សា (CKS) ជា​ដៃគូ​ក្នុងការ​រៀបចំ TechCamp  ដោយ​សហការ​ជាមួយ បុគ្គលិក​កម្មវិធី IPP និង​ស្ថានទូត​អាមេរិក ដើម្បី​រៀបចំ ដំណើរការ​សិក្ខាសាលា​នេះ​៕


Tag:
 ទូត​អាមេរិក​
  បរិស្ថាន​
  TeachCamp
© រក្សាសិទ្ធិដោយ thmeythmey.com