អន្តរជាតិ
អាមេរិក​-​ចិន រួមគ្នា​ថ្កោលទោស​កូរ៉េខាងជើង តែ​ខ្ទាស់​គ្នា​រឿង​គម្រោង​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​
22, Sep 2016 , 5:05 pm        
រូបភាព
ដោយ:
​ឆ្លៀតពេល​ពី​កិច្ចប្រជុំ​កំពូល​ពេញអង្គ​លើក​ទី​៧១ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា (Barak Obama) បាន​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង (Li Keqiang) ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​ផងដែរ​។



​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ដែល​ត្រូវជា​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ​ផងដែរ​នោះ បាន​ព្រមព្រៀង​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាង ក្នុង​ការបន្ត​ការប្រឹងប្រែង​បង្រួម​ការខ្វែងគំនិត​គ្នា និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​នៅក្នុង​តំបន់ និង​បញ្ហា​ប្រឈម​សកល​ដើម្បី​ធានា​ឲ្យ​បានការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​។

​នា​ជំនួប​នោះដែរ មេដឹកនាំ​ទាំងពីរ ក៏បាន​ថ្កោលទោស​ចំពោះ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា​កន្លងទៅ ហើយ សន្យា​ដោះស្រាយ​បញ្ហា​តាមរយៈ​ការពង្រឹង​កិច្ចសហការ​រួមគ្នា ដែល​រាប់បញ្ចូល​ក្នុង​ក្របខណ្ឌ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប​ញ្ញ​តិ​ដែល​ទាក់ទង​នឹង​កូរ៉េខាងជើង​។ ទាំង​ចិន និង​អាមេរិក គឺជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលមាន​ទាំង​អំណាច និង​សិទ្ធិ​ជំទាស់​ក្នុងការ​អនុម័ត​លើ​សេចក្តីសម្រេច​ដែល​ពាក់ព័ន្ធ​វិធានការ​របស់​ស្ថាប័ន​ឆ្លើយតប និង​ប្រឆាំងនឹង​ការគំរាមកំហែង​សន្តិសុខ និង​សន្តិភាព​គ្រប់​ទម្រង់ និង​រូបភាព​លើ​ពិភពលោក​។

​បើទោះបីជា​ជំនួប​ទ្វេភាគី ដែល​អាចជា​ជំនួប​ចុងក្រោយ​ផ្លូវការ​នៃ​មេដឹកនាំ​ទាំងពីរ​ផងដែរ​នោះ សម្រេចបាន​ទាំង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​និង​ឆន្ទៈ​នយោបាយ​រួមគ្នា​ក៏ដោយ ភាគី​ទាំងពីរ នៅតែមាន​ចំណុច​ខ្ទាស់​គ្នា​លើ​បញ្ហា​ធំ​មួយ​នៅក្នុង​ឧបទ្វីប​កូរ៉េ​ផងដែរ​។ ហើយ​នោះ​គឺ លោកនាយក​រដ្ឋមន្ត្រី លី បាន​ប្រា​ប់លោក​ប្រធានាធិបតី អូ​បា​ម៉ា ត្រង់ៗ​ថា ចិន មិន​យល់ស្រប​ចំពោះ​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង នៅ​កូរ៉េខាងត្បូង​នោះទេ​។

​សូម​ជម្រាប​ផងដែរ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​០៨ ខែកក្កដា​កន្លងទៅ បាន​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​(THAAD)​របស់​អាមេរិក​នៅក្នុង​ទីក​ដី​កូរ៉េខាងត្បូង​។ ផែនការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការត្រៀមខ្លួន និង​ការឆ្លើយតប​ទៅនឹង​ការបន្ត​សាកល្បង​បាញ់​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​កន្លងមក ចិន ក៏​ធ្លាប់​ទទូច​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង បញ្ឈប់​ដំណើរការ​នៃ​ប្រព័ន្ធ​ការពារ​នេះ​ជាបន្ទាន់ ហើយ ចៀសវាង​សកម្មភាព​បង្ក​ភាពស្មុគស្មាញ​ក្នុង​តំបន់ ឬ​បំផ្លាញ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​សន្តិសុខ​របស់​ចិន​ទៀតផង​។ ក្រុង​ប៉េកាំង ចាត់ទុកថា​សកម្មភាព​នេះ មិន​ជួយ​ដល់​ទិសដៅ​នៃ​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​នោះទេ តែ​វា ប្រឆាំង​ទៅនឹង​ការប្រឹងប្រែង​ដោយ​ភាគី​ពាក់ព័ន្ធ​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់​ទៅវិញ​នោះទេ​៕


Tag:
 អាមេរិក​
  ចិន​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com