អន្តរជាតិ
កូរ៉េខាងជើង​ប្រាប់ UN ថា អាមេរិក​ជា​អ្នកធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​ក្លាយជា​ចំណុច​គ្រោះថ្នាក់
24, Sep 2016 , 8:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong Ho (រូបភាព UN)
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong Ho (រូបភាព UN)
កូរ៉េខាងជើង បាន​ប្រើ​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧១ ដើម្បី​វាយប្រហារ​លើ​គូសត្រូវ​អាមេរិក ដោយ​កូរ៉េខាងជើង​អះអាងថា ស្ថានភាព​តានតឹង​ប្រកបដោយ​ការគ្រោះថ្នាក់​នៅ​ឧបទ្វីប​កូរ៉េ គឺ​ដោយសារតែ​គោលនយោបាយ​របស់​អាមេរិក​។ ហើយ​កូរ៉េខាងជើង ក៏​ប្រកាសប្រាប់​គេឯង​ថា ខ្លួន​នឹង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ទៅមុខទៀត ដើម្បី​ទប់ទល់​អាមេរិក និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​។​


​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho បាន​រិះគន់​ខ្លាំង​លើ​អាមេរិក ដែល​នៅ​ពីក្រោយ​ស្ថានភាព​អាក្រក់​កំពុង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក Ri Yong Ho និយាយថា នៅពេលនេះ ឧបទ្វីប​កូរ៉េ ក្លាយជា​តំបន់​ដែល​គ្រោះថ្នាក់​ជាងគេ​លើ​លោក ហើយ​ថែមទាំង​អាច​ផ្ទុះ​ទៅជា​សង្គ្រាម​នុយក្លេអ៊ែរ​ទៀតផង ហើយ​ដើមហេតុ​នៃ​ស្ថានការណ៍​បែបនេះ គឺ​គោលនយោបាយ​បង្កហេតុ​របស់​អាមេរិក ចំពោះ​កូរ៉េខាងជើង​តែម្ដង​។​
 
​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ក៏បាន​រិះគន់​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​រួមបញ្ចូល​ទាំង​ការវាយប្រហារ​នុយក្លេអ៊ែរ សំដៅលើ​មេដឹកនាំ​កូរ៉េខាងជើង និង​ការដណ្ដើម​គ្រប់គ្រង​រដ្ឋ​ធានី​ព្យុងយ៉ាង​។ លោក Ri Yong Ho និយាយ​ដែរ​ថា កូរ៉េខាងជើង​មិនដែល​គំរាម​វាយប្រហារ​យោធា និង​ធ្វើ​សកម្មភាព​គ្រោះថ្នាក់​បែបនេះ នៅក្បែរ​សត្រូវ​របស់ខ្លួន​យ៉ាង​នេះឡើយ​។​
 
​ជាមួយគ្នា​នោះ ប្រមុខ​ការទូត​កូរ៉េខាងជើង បាន​ប្រាប់​អង្គប្រជុំ​មហាសន្និបាត​ទៀតថា សង្គ្រាម​កូរ៉េ​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​ឧបទ្វីប​កូរ៉េ ក៏​មិនមាន​យន្តការ​ដោះស្រាយ​ជម្លោះ​ត្រឹមត្រូវ​ដែរ​។ ដោយសារ​រឿងនេះ សកម្មភាព​បង្កហេតុ​ដូចជា​សមយុទ្ធ​យោធា ងាយ​នឹងធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ខឹងសម្បា​រណាស់ ដែល​ពេលខ្លះ​ការឆ្លើយតប​ណាមួយ​នោះ អាច​នឹង​ក្លាយជា​សង្គ្រាម​ទៀតផង​។   
 
​លោក Ri Yong Ho ក៏​បន្ត​លើកឡើងថា កូរ៉េខាងជើង​តែងតែ​ព្យាយាម​គ្រប់បែបយ៉ាង ដើម្បី​ចៀសវាង​ជម្លោះ​ប្រដាប់អាវុធ ព្រម​គ្នា​នឹង​ការចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​បង្កហេតុ​នៃ​សមយុទ្ធ​រួមគ្នា​របស់​អាមេរិក និង​កូរ៉េខាងត្បូង​។ ក្រុង​ព្យុងយ៉ាង ក៏​តែង​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់ នៅពេល​ដែលមាន​សមយុទ្ធ​ម្ដងៗ ប៉ុន្តែ​សំណើ​នោះ តែង​ត្រូវបាន​ទាត់ចោល​ជានិច្ច​។ 
 
​ទន្ទឹមនឹង​ការរិះគន់ និង​ការ​ទម្លាក់កំហុស​លើ​អាមេរិក​នោះ កូរ៉េខាងជើង ក៏​មិន​ភ្លេច​ប្រាប់​គេឯង​ពី​ជំហរ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ការពារ​ខ្លួន​នោះ បើទោះជា​កន្លងមក សហគមន៍​អន្តរជាតិ នាំគ្នា​ដាក់ទណ្ឌកម្ម​ក៏ដោយ​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho ប្រាប់​មហាសន្និបាត​ថា ក្រុង​ព្យុងយ៉ាង នឹង​ពង្រឹង​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន ដើម្បី​ការពារ​សេចក្ដីថ្លៃថ្នូរ សិទ្ធិ​ជា​ប្រទេសមួយ ក៏ដូចជា​ការពារ​សន្តិ​ភាព ប្រឆាំងនឹង​ការ​គំរាម​នុយក្លេអ៊ែរ​របស់​អាមេរិក​ដែរ​៕
 

Tag:
 កូរ៉េខាងជើង​
  UN
  អាមេរិក​
 ​នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com