អន្តរជាតិ
ភេរវកម្ម​១១ កញ្ញា​៖ អូ​បា​ម៉ា «​វ៉េតូ​» ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​អ្នករងគ្រោះ​ប្ដឹង​អា​រ៉ា​ប៊ី​សា​អូឌីត​
24, Sep 2016 , 9:59 pm        
រូបភាព
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​ប្រើ​សិទ្ធិ​វ៉េតូ​របស់លោក​លើ​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​នៃ​ព្រឹ​ត្ត​ការណ៍​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ប្ដឹង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការបដិសេធ​ច្បាប់​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ត្រូវ​ប្រឈមមុខ​នឹង​សភា​អាមេរិក ដែល​អនុម័ត​ច្បាប់​នេះ ហើយ​គេ​រំពឹងថា សភា​អាមេរិក នឹង​ទាត់ចោល​សិទ្ធិ​វ៉េតូ​របស់​ប្រធានាធិបតី​លើ​ច្បាប់​ថ្មី​នេះដែរ​។​

 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចិត្ត «​វ៉េតូ​» លើ​ច្បាប់​ស្ដីពី «​យុត្តិធម៌​ប្រឆាំងនឹង​អ្នកគាំទ្រ​ភេ​រកម្ម​» ដែល​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ និង​គ្រួសារ​អ្នក​ដែល​សម្លាប់​ក្នុង​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ប្ដឹង​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ត្រូវ​ចោទថា នៅ​ពីក្រោយ​ហេតុការណ៍​នោះ​។ លោក អូ​បា​ម៉ា និយាយថា ច្បាប់​ថ្មី​នេះ នឹង​ប៉ះពាល់​ដល់​សន្តិសុខ​អាមេរិក ក៏ដូចជា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ដែរ​។ លោក​បន្តថា ច្បាប់​នេះ អាចធ្វើ​ឲ្យ​មន្ត្រីការទូត និង​ទាហាន​អាមេរិក ត្រូវ​កាត់ក្ដី​នៅឯ​តុលាការ​ប្រទេស​ផ្សេង​។ 
 
​យោងតាម​សារព័ត៌មាន CNN ប្រធានាធិបតី​អាមេរិក​ព្រមាន​ថា ច្បាប់​ខាងលើ ក៏​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​។ នេះ ក៏​ព្រោះតែ​វា​បាន​ដកយក​ការសង្ស័យ​លើ​ការពាកព័ន្ធ​របស់​បរ​ទេស ពី​ដៃ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​អ្នកជំនាញ​នយោបាយ​អន្ត​រ​ជាតិ ហើយ​បែរជា​ទុក​ឲ្យ​តុលា​រការ ជា​អ្នកសម្រេច​ក្ដី​ជំនួស​វិញ​នោះ​។ 
 
​ការប្រើ​អំណាច​វ៉េតូ​ដើម្បី​បដិសេធ​ច្បាប់​នេះ ធ្វើ​ឲ្យ​សាធារណជន ជាពិសេស​ជនរងគ្រោះ​នៃ​អំពើ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា មិន​ពេញចិត្ត​ឡើយ​។ ជាមួយគ្នានេះ សភា​ទាំងពីរ​របស់​អាមេរិក ដែល​បានអនុម័ត​ច្បាប់​នេះ ចាត់វិធានការ​ឆ្លើយតប​មិន​ខាន​។ គេ​រំពឹងថា សភា​ទាំងពីរ នឹង​សម្រេច​ទាត់ចោល​អំណាច​វ៉េតូ​របស់​ប្រធានាធិបតី​អាមេរិក នៅ​សប្ដាហ៍​ក្រោយ​នេះហើយ​។​
 
​មិន​ត្រឹមតែ​ជនរងគ្រោះ​ទេ អ្នកនយោបាយ​ជាច្រើន ក៏​មិន​ពេញចិត្ត​នឹង​ការសម្រេចចិត្ត​របស់លោក អូ​បា​ម៉ា ដែរ​។ បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការសម្រេចចិត្ត​នេះ ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​។ លោក​អះអាងថា ប្រធានាធិបតី អូ​បា​ម៉ា បាន​ទាត់ចោល​ឱកាស​របស់​ឪពុកម្ដាយ ប្ដី​ប្រពន្ធ​-​កូន​នៃ​ជនរងគ្រោះ ក្នុង​ការបិទ​ទំព័រ​នៃ​ការឈឺចាប់​ក្នុង​ជីវិត​របស់​ពួកគេ​។​
 
​បើ​រាប់ទាំង​លើក​នេះ​ទៀត ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រើ​សិទ្ធិ​ពិសេស​វ៉េតូ ចំនួន​១២​ដង​ហើយ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ពីរ​អាណត្តិ​មកនេះ​។ ការប្រើ​សិទ្ធិ​វ៉េតូ​ទាំង​១២​នេះ មិនដែល​ត្រូវបាន​សភា​ទាត់ចោល​ឡើយ​។ ប៉ុន្តែ​លើក​នេះ សភា​អាមេរិក ហាក់​មាន​ជំហរ​ជំទាស់​ខ្លាំង​នឹង​ការសម្រេចចិត្ត​នេះ ហើយ​ជា​លើកដំបូង​នោះ ពួកគេ​អាច​នឹង​បដិសេធ​សិទ្ធិ​វ៉េតូ​ប្រធានាធិបតី ដើម្បី​បើកផ្លូវ​ឲ្យ​ច្បាប់​ខាងលើ ចូល​ជា​ធរមាន​៕ 
 

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ១១ កញ្ញា​
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com