ជាតិ
សម្តេចម៉ែ៖ Papy ជាអ្នកសប្បុរសធម៌ដ៏ល្អប្រពៃមួយរូបនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា
×
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ កាលពីព្រឹកថ្ងៃចន្ទនេះ បានយាងទៅគោរពវិញ្ញាណក្ខន្ធ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ។ លោក គ្រីស្យង់ ដែលគេនិយមហៅថា Papy បានទទួលមរណភាពដោយរោគាពាធក្នុងអាយុ៨២ឆ្នាំ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ។
ជាមួយគ្នានេះផងដែរ សម្តេចម៉ែ បានចេញព្រះរាជសាររំលែកទុក្ខដល់លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallieres) ហៅ Mami ដែលជាភរិយារបស់ Papy រួមទាំងបុគ្គលិក អ្នកគ្រូ លោកគ្រូ សិស្សានុសិស្សទាំងអស់នៃអង្គការ PSE។
សម្តេចព្រះវររាជមាតា បានមានព្រះរាជបន្ទូលថា៖ «ការចូលមរណភាពនៃលោក គ្រីស្យង់ ហ្គោគឺឡាំង ដេប៉ាលីយ៉ែរ ហៅ Papy គឺជាការបាត់បង់អ្នកសប្បុរសធម៌ដ៏ល្អប្រពៃមួយរូបនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា»។
បន្ថែមពីលើនេះ ព្រះអង្គបានទតឃើញពីពលីកម្មដ៏ធំធេងរបស់ Papy តាមរយៈការបង្កើតអង្គការ PSE ចាប់ពីឆ្នាំ១៩៩៥មក ដោយលះបង់នូវកម្លាំងកាយ ប្រាជ្ញា និងពេលវេលាប្រមូលកុមារក្រីក្រនៅតំបន់គំនរសំរាមស្ទឹងមានជ័យជាច្រើនពាន់នាក់ ឲ្យទទួលបាននូវការស្នាក់នៅ អាហារ ការសិក្សាអប់រំ និងទំនុកបំរុងផ្សេងៗ។
លោក គ្រីស្យង់ និងភរិយា Marie-France បានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) តាំងពីឆ្នាំ១៩៩៥ មក ហើយបានជួយដល់កុមារដែលរស់នៅម្តុំស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ជាពិសេសនៅគំនរសំរាម ជាច្រើនពាន់នាក់ តាមរយៈការផ្តល់ឱកាសសិក្សា ការស្នាក់នៅ អាហារ និងការទំនុកបម្រុងផ្សេងៗ។
សប្បុរសជនទាំងពីរត្រូវបានគេហៅថា Papi Mami ដែលត្រូវបានគេចាត់ទុកថា ជាឪពុកម្តាយទីពីររបស់កុមារកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com