អន្តរជាតិ
នយោបាយអន្តរជាតិ
អង់គ្លេស សន្យាជួយតួកគីឲ្យបានចូលជាសមាជិកសហភាពអឺរ៉ុប
×
ប្រមុខការទូតអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានសន្យាជួយតួកគី ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប បើទោះជាអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប តាមរយៈប្រជាមតិថ្ងៃទី២៤ ខែមិថុនាហើយក្ដី។ ការប្រកាសគាំទ្រតួកគីរបស់ប្រមុខការទូតអង់គ្លេសរូបនេះ ហាក់ផ្ទុយពីអ្វីដែលលោកធា្លប់និយាយកាលពីយុទ្ធនាការបោះឆ្នោតប្រជាមតិ ដោយលោកបានរិះគន់តួកគីខ្លាំងៗ ជុំវិញបញ្ហាជនភៀសខ្លួន។
«យើងចាកចេញពីសហភាពអឺរ៉ុប តែយើងមិនមែនចាកចេញពីអឺរ៉ុបឡើយ ហើយយើងនឹងជួយតួកគីឲ្យបានចូលសហភាពអឺរ៉ុប ។» នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តួកគី ក្នុងនាមជាប្រមុខការទូតអង់គ្លេស ដោយអះអាងថា ចក្រភពអង់គ្លេស នឹងជួយតួកគីតាមគ្រប់វិធីទាំងអស់។
ក្នុងសន្និសីទកាសែតជាមួយ លោក Omer Celik រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់តួកគី ប្រមុខការទូតអង់គ្លេសរូបនេះ ក៏បានសន្យាដែរថា ចក្រភពអង់គ្លេសនឹងប្រកៀកស្មាជាមួយក្រុងអង់ការ៉ា និងបានសង្កត់ធ្ងន់ថា តួកគីមានតួនាទីសំខាន់ណាស់លើឆាកអន្តរជាតិ។ ហើយលោកក៏បានលើកឡើងពីសារៈសំខាន់ដែលប្រទេសទាំងពីរនៅតែជាដៃគូពាណិជ្ជកម្មដដែល បើទោះជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្ដី។
យោងតាមសារព័ត៌មាន RT លោក បូរីស ចនសុន បញ្ជាក់ថា អង់គ្លេសសំណាងណាស់ ដែលក្លាយជាអ្នកនាំចូលទំនិញតួកគីធំជាងគេ។ ជាក់ស្ដែងនោះ លោកបានបង្ហាញពីមោទនភាពរបស់លោកចំពោះម៉ាស៊ីនបោកគក់របស់តួកគី ដែលស្អាត និងមានមុខងារល្អៗច្រើន។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន ក៏បានសរសើរប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ចំពោះការទទួលជនភៀសខ្លួនរាប់លានឲ្យស្នាក់នៅទឹកដីតួកគី។ បញ្ហាជនភៀសខ្លួននេះហើយ ដែលលោក ចនសុន ជាអ្នកគាំទ្រការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស ប្រើក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រពីប្រជាជនអង់គ្លេស ដោយលោកបានលើកឡើងពីផលវិបាកកើតចេញលំហូរជនភៀសខ្លួននេះ។
តាមពិតទៅ លោក បូរីស ចនសុន ដែលជាអតីតអភិបាលក្រុងឡុងដ៍ ជាអ្នកជារិះគន់ខ្លាំងលើប្រធានាធិបតីតួកគី និងតែងតែប្រឆាំងនឹងសមាជិកភាពតួកគីក្នុងអង្គការតំបន់នេះ។ លោកធ្លាប់និយាយថា ពេលតួកគីក្លាយជាសមាជិកអឺរ៉ុប ជនភៀសខ្លូនរាប់លាននាក់ នឹងហូរចូលទឹកដីអង់គ្លេស ហើយបញ្ហានេះ ក្លាយជាហេតុផលដែលអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប៕
Tag:
អឺរ៉ុប
អង់គ្លេស
តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com