បទយកការណ៍ / បទសម្ភាសន៍
យោធា និស្សិត កម្មករ ថា​នឹង​ឆ្លៀត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ក្នុងអំឡុង​ភ្ជុំបិណ្ឌ​
28, Sep 2016 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យោធា កម្មករ និស្សិត បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ធ្វើដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ និង​មិត្តភក្តិ​នៅ​ស្រុកកំណើត ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ក្រៅពី​គម្រោង​ជួបជុំ​គ្រួសារ ពួកគេ​មិនបាន​បំភ្លេច កាតព្វកិច្ច​ជា​ពលរដ្ឋ​នោះឡើយ  ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្នុង​ឃុំ ឬ​សង្កាត់​របស់ខ្លួន​។ ទន្ទឹម​នឺង​ការ​អះអាងថា នឹង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ក្នុងអំឡុង​ភ្ជុំបិណ្ឌ ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រី​ទទួលបន្ទុក​ការងារ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​វិញ ក៏បាន​បញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​រួចជាស្រេច ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។

    


​លោក កែវ ឧ​ត្ត​ម និស្សិត​មក​ខេត្តស្វាយរៀង គ្រោង​ទៅ​ស្រុកកំណើត​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ដើម្បី​ជួបជុំ​គ្រួសារ និង​ទៅ​វត្ត​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។ ក្រៅពី​ជូន​អ៊ំ​ទៅ​វត្ត បុរស​មាឌ​ដំបង​រូបនេះ ក៏​គ្រោង​ទៅលេង​ផ្ទះ​មិត្តភក្តិ​ក្នុងភូមិ​ផងដែរ​។ ជាងនេះទៀត​នោះ ឧ​ត្ត​ម ក៏​ឆ្លៀតពេល​ទៅ​ចុះឈ្មោះ​ឆ្នោត​ផងដែរ​។ លោក កែវ ឧ​ត្ត​ម បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ថ្ងៃ​ភ្ជុំបិណ្ឌ ខ្ញុំ​នឹង​ឆ្លៀតឱកាស​នេះ ទៅ​ចុះឈ្មោះ​បោះឆ្នោត ពីព្រោះ​នេះ​ជា​ពេលទំនេរ​ពី​ការងារ អ៊ីចឹង​កុំ​ឲ្យ​ខាត​ពេល​»​។

​ចំណែកឯ លោក សឹង វ៉ាន់ឌី ជា​នាយទាហាន​ជើងគោក នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏​ឆ្លៀត​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ​។ លោក សឹង វ៉ាន់ឌី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​នឹង​មកជួបជុំ​ក្រុមគ្រួសារ​ដែល​រស់នៅ​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែកញ្ញា​។ វ៉ាន់ឌី លៃលក​ពេលវេលា​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ «​ក្រោយ​ភ្ជុំ ខ្ញុំ​នឹង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​»​។ នេះ​ជាការ​បញ្ជាក់​របស់ នាយទាហាន​ជើងគោក​រូ​ប​នេះ ដែល​បន្ត​ប្រាប់ថា​មាន​មិត្តភក្តិ​របស់ខ្លួន​ជាច្រើន​នាក់​ទៀត​ដែល​ហ្វឹកហាត់​នៅក្នុង​បន្ទាយ​ជាមួយគ្នា ក៏​គ្រោង​នឹង​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះដែរ​។



​លោក រស់ សា​រៀង ក៏​ជា​ពលរដ្ឋ​ម្នាក់​ដែល​មិន​បំភ្លេច​ពី​កាតព្វកិច្ច​របស់ខ្លួន​ដែរ​។ ការចុះឈ្មោះ​បោះឆ្នោត ជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​បី​ដែល​លោក នឹងធ្វើ​នៅក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ជា​កម្មករ​រោងចក្រ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ លោក រស់ សា​រៀង បាន​រៀបរាប់​ពី​គម្រោង​ទាំងបី​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​គម្រោង​បី ទីមួយ​ជួបជុំគ្នា​ជាមួយ​គ្រួសារ ទី​ពីរ គឺ​ជួបជុំ​ពួកម៉ាក​នៅ​ស្រុក និង​ទី​បី គឺ​ខ្ញុំ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រើស​មេឃុំ​»​។ ការចុះឈ្មោះ​បោះឆ្នោត គឺ​ដើម្បី​រើស​មនុស្ស​ល្អ សម្រាប់​ដឹកនាំ​ភូមិ​ឃុំ​ឲ្យ​រីកចម្រើន និង​ឈានទៅ​បោះឆ្នោត​រើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​យុវជន​វ័យ ដែល​ធ្លាប់បាន​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣ ម្តង​រួចហើយនោះ​។ មាន​វ័័យ​២៤​ឆ្នាំ សា​រៀង បាន​បន្តថា​៖«​វា​ជា​កាតព្វកិច្ច និង​តួនាទី​ក្នុងនាម យើង​ជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវខិតខំ​ជ្រើសរើស​មនុស្ស​ល្អៗ ឲ្យ​ក្លាយជា​ដឹកនាំ ព្រោះនេះ​ជា​សិទ្ធិ​នយោបាយ​»​។

​ទន្ទឹមនឹង​ការបញ្ជាក់​ពី​គម្រោង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ មន្ត្រី​ទទួលបន្ទុក​ការងារ​ចុះឈ្មោះ​បោះឆ្នោត ក៏បាន​អះអាង​ពី​ការត្រៀមខ្លួន​ផ្តល់​សេវាកម្ម​ជូន​ពលរដ្ឋ​នៅក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ដែរ​។ កញ្ញា ងួន មួយ​គាង មន្ត្រី​ផ្នែក​ការីកុំព្យូទ័រ នៅ​ឃុំ​មហា​ភ្ញូ​ង ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំពឹងថា ពលរដ្ឋ​នឹង​មក​ចុះឈ្មោះ​បោះឆ្នោត​កាន់តែច្រើន នៅ​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ក្រុមការងារ​របស់ខ្ញុំ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​បម្រើ​ពលរដ្ឋ​»​។ ប៉ុន្តែ​នេះ​មិនមែន​មានន័យថា កញ្ញា ងួន មួយ​គាង មិនបាន​ឈប់សម្រាក​សោះ​នៅក្នុង​អំឡុង​បុណ្យ​នេះឡើយ​។ បើតាម មន្ត្រី​រូបនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានអនុញ្ញាត​ឲ្យ​មន្ត្រី​ផ្លាស់ប្តូរ​វេន​គ្នា​ឈប់សម្រាក​ក្នុង​ម្នាក់ៗ ចំនួន​ពីរ​ថ្ងៃ​។ សម្រាប់ កញ្ញា ងួន មួយ​គាង នាង​សម្រេច​រើសយក​ថ្ងៃ​ឈប់ នៅ​ថ្ងៃមុន​ភ្ជុំ​មួយថ្ងៃ និង​ថ្ងៃ​ភ្ជុំ​ធំ​មួយថ្ងៃ​។

​មួយរយៈ​ចុងក្រោយ​នេះ ក្នុង​មួយថ្ងៃ មាន​អ្នក​មក​ចុះ​ឈ្នោះ​បោះឆ្នោត​ប្រមាណ​១០០​នាក់​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា មួយ​គាង មុននឹង​និយាយ​ពី​ការរំពឹងទុក​របស់ខ្លួន​ថា នៅ​ថ្ងៃ​សម្រាក​ខាងមុខនេះ ពលរដ្ឋ​នឹង​សម្រុក​មក​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​។ បើទោះជា​យ៉ាងនេះ​ក្តី មួយ​គាង មិនបាន​បញ្ចេញ​អាកប្បកិរិយា​ធុញទ្រាន់ ចំពោះ​ការងារ​ដែល​គ្មាន​ថ្ងៃ​ឈប់សម្រាក នេះឡើយ ផ្ទុយទៅវិញ មួយ​គាង ពេញចិត្ត នឹង​ការងារ​របស់ខ្លួន ព្រោះ​ឃើញ​ពលរដ្ឋ​បាន​បំពេញ​តួនាទី​របស់ខ្លួន​។ 

​សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មិនមាន​ការឈប់​សម្រាក​ក្នុង​ថ្ងៃ​សៅរ៍  និង​ថ្ងៃអាទិត្យ ឡើយ​។ លើសពីនេះ​ទៀត គ​.​ជ​.​ប បានសម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​៕


Tag:
 ចុះឈ្មោះ​បោះឆ្នោត​
 ​ ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com