ជាតិ
អ្នកនាំពាក្យ​ព្រឹទ្ធសភា​បញ្ជាក់ថា សម្ដេច សាយ ឈុំ មិន​ពាក់ព័ន្ធ​នឹង​ការទិញ​អង្ករ​ពី​ក្រម​ហ៊ុន​ABC
29, Sep 2016 , 8:39 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​បញ្ជាក់ថា ការទិញ​អង្ករ​ចំនួន ៥០ តោន ពី​ក្រុមហ៊ុន ABC មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សម្ដេច សាយ ឈុំ ឡើយ​។ សេចក្ដី​ថ្លែង​ការ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​នេះ បន្ទាប់ពី​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា សម្តេច សាយ ឈុំ ទិញ​អង្ករ​ពី​ក្រុមហ៊ុន​នេះ ដែល​ព្រឹទ្ធសភា​ចាត់ទុកថា ជាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​ព្រឹទ្ធសភា​។​


​កាលពីពេល​ថ្មីៗ​នេះ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ទិញ​អង្ករ​ចំនួន ៥០​តោន ពី​ក្រុមហ៊ុន ABC របស់លោក សេង ប៊ុន​វេ​ង ហៅ​អាចារ្យ​អេ ។ លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ការផ្សព្វផ្សាយ​ថា សម្តេច សាយ ឈុំ ទិញ​អង្ករ​ពី​ក្រុមហ៊ុន ABC នោះ គឺជា​រឿង​បំផ្លើស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​ស្ថាប័នព្រឹទ្ធសភា​ទាំងមូល​។ ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​The Cambodia Daily លោក អ៊ុំ សា​រឹទ្ធ អះអាងថា ការទិញ​អង្ករ​ពី​ក្រុមហ៊ុន ABC គ្រាន់តែ​ជា​ទំនាក់ទំនង​ធម្មតា រវាង​អ្នកទិញ និង​អ្នកលក់​ប៉ុណ្ណោះ​។ ករណីនេះ គឺ​ពុំ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សម្ដេច សាយ ឈុំ ដែលជា​ប្រធានព្រឹទ្ធសភា​ឡើយ​។ 
 
​សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅ​ថ្ងៃទី ២៩ នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំណាត់ការ​លើ​ការទិញ​អង្ករ គឺជា​ភារកិច្ច​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ព្រឹទ្ធសភា​ទាំងស្រុង​។ ចំណាត់​ការទិញ​អង្ករ​នេះ គឺ​គោលបំណង​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាពលរដ្ឋ និង​លើកទឹកចិត្ត​ប្រជាកសិករ ដែល​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃ​កសិផល ជាពិសេស​ស្រូវ និង អង្ករ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​រវាង​ក្រុមហ៊ុន ABC ជាមួយ​ភាគី​ណាមួយ​នោះ ព្រឹទ្ធសភា​បានចាត់ទុក​ថា ជា​បញ្ហា​បុគ្គល ហើយ​ការដែល​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា ទិញ​អង្ករ​ពី​ក្រុមហ៊ុន ABC គឺ​មិនមែន​មានន័យថា ព្រឹទ្ធសភា​បង្ហាញ​ជំហរ​គាំទ្រ​ភាគី​ក្រុមហ៊ុន​ABC នោះដែរ​៕

Tag:
 អ៊ុំ សា​រឹទ្ធ​
  សេង ប៊ុន​វេ​ង​
  ព្រឹទ្ធ​សភាព​
© រក្សាសិទ្ធិដោយ thmeythmey.com