ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​ត្រៀម​កម្លាំងចម្រុះ​ ៧ពាន់​នាក់​ការពារ​សុវត្ថិភាព​ប្រធានាធិបតី​ចិន
04, Oct 2016 , 1:03 pm        
រូបភាព
សម្ដេច ហ៊ុន សែន ជួបលោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៤
សម្ដេច ហ៊ុន សែន ជួបលោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៤
ដោយ:
ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពី ៦ពាន់ ទៅ ៧ពាន់​នាក់​នឹង​ពង្រាយ​ការពារ​សុវត្ថិភាព​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង (Xi Jinping) ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា។ នេះ​បើតាម​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឲ្យ​សារព័ត៌មានថ្មីៗដឹងថា សមត្ថកិច្ច​បានរៀបចំ​វិធានការ​រឹតបន្តឹង​សន្តិសុខ​ជូន​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង រួចរាល់​ហើយ។ អ្នកនាំពាក្យ និង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផង​នោះ បាន​ប្រាប់ថា កម្លាំងចម្រុះ​ពី​ជាង ៦ ទៅ៧ពាន់​នាក់ ក្នុងនោះ រួមមាន កម្លាំង​កងទ័ព នគរបាលជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​កង​អង្គរក្ស​ជាដើម ដែល​បាន​ត្រៀម​សហការគ្នា រឹតបន្តឹង​ការពារ​សន្តិសុខ​នាពេល​ខាងមុខនេះ។

នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​និយាយ​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី៤ ខែតុលា​នេះ​យ៉ាង​ដូច្នេះ​ថា៖«យើង​បាន​ត្រៀម​កម្លាំងចម្រុះ​ពី ៦ ទៅ៧ពាន់​នាក់ ការពារ​សន្តិសុខ​តាម​គោលដៅសំខាន់ៗ រួចរាល់​ហើយ ការពារ​ប្រធានាធិបតី​ចិន មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ឆាប់ៗខាងមុខនេះ»។

ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង (Xi Jinping) គ្រោង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ខែតុលា​នេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​សារព័ត៌មាន​ជាតិ​កម្ពុជា (AKP) កន្លងទៅ។

ព័ត៌មាន​នេះ ចេញផ្សាយ​ក្រោយពី​ជំនួប​រវាង​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន លោក Wang Xiaohong នា​រសៀល​ថ្ងៃទី២៧ខែកញ្ញា កន្លងមក។

ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី​ចិន​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ពុំទាន់​បញ្ជាក់​កាលបរិច្ឆេទ និង​របៀបវារៈ​ជាក់លាក់​នៅឡើយ​ទេ។ បើតាម​លោក ជុំ សុន្ទរី ក្រសួងការបរទេស​នឹង​ចេញផ្សាយ​ព័ត៌មាន​ស្តីពី​គម្រោង​ទស្សនកិច្ច​របស់ លោក Xi Jinping មក​កម្ពុជា​ជាក់លាក់​ក្នុង​សប្តាហ៍​នេះ។

គួរ​បញ្ជាក់ថា លោក ស៊ី ជិន​ពីង ធ្លាប់​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​ដែរ​នៅ​ចុងឆ្នាំ២០០៩ ក្នុងពេល​លោក​បំពេញការងារ​ជា​អនុ​ប្រធានាធិបតី​ចិន៕


Tag:
 គៀត ច័ន្ទ​ថា​រិ​ទ្ធ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com