អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន ព្រមាន​ពិនិត្យឡើងវិញ​លើ​កិច្ចព្រមព្រៀង​យោធា​ជាមួយនឹង​អាមេរិក
04, Oct 2016 , 4:51 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីនលោក Duterte
ប្រធានាធិបតីហ្វីលីពីនលោក Duterte
ដោយ:
​ការរិះគន់​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​លើ​រដ្ឋបាល​ថ្មី​របស់​ក្រុង​ម៉ានីល​ពី​ចំណាត់ការ​នៃ​ការ​បោសសម្អាត​បទល្មើស​គ្រឿងញៀន​ដែល​បាននិងកំពុង​តែ​ប៉ះពាល់​ខ្លាំង​ដល់​បញ្ហា​សិទ្ធិមនុស្ស បានធ្វើ​ឲ្យ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) នៅ​មិន​សុខ​ស្រួល​នោះទេ​។ លោក​ប្រធានាធិបតី​រូបនោះ បាន​បន្ត​បង្ហាញ​ឥរិយាបថ និង​គោលនយោបាយ​ការបរទេស​ប្រឆាំង​តប​ទៅនឹង​អាមេរិក ដែល​ធា្ល​ប់​តែ​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​របស់ខ្លួន​វិញ​។ លោក ថែមទាំង​ព្រមាន​ពី​ការ​ពិនិត្យឡើងវិញ​លើ​កិច្ចព្រមព្រៀង​យោធា​ផ្លូវការ​ទ្វេភាគី​ទៀតផង​។

-


«​ឥលូវ ខ្ញុំ ចង់​ដាស់តឿន​ដល់​អាមេរិក ថា កិច្ចព្រមព្រៀង​ពង្រឹង​សហប្រតិបត្តិការ​យោធា​(EDCA) គឺជា​លិ​ខិ​តូ​បក​រណ៍​ផ្លូវការ​មែន ប៉ុន្តែ វា គ្រាន់តែ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ជំនួយការ​ម្នាក់ និង​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ប៉ុណ្ណោះ​។ វា មិនបាន​រួមបញ្ចូល​ជាមួយនឹង​ហត្ថលេខា​របស់​ប្រធានាធិបតី​ហ្វីលីពីន​នោះទេ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី Rodrigo Duterte នៅ​ថ្ងៃទី​០២ ខែតុលា​នាឱកាស​នៃ​ការបើក​កម្មវិធី​បុណ្យជាតិ MassKara ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន The Philippine Star​។

​លោក ឌើ​ទើ​តេ ដែលមាន​រហ័ស​នាម​ថា​«​អ្នក​ដាក់ទណ្ឌកម្ម​» នាឱកាស​នោះ ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​វា​(EDCA) មិនបាន​ភ្ជាប់​ហត្ថលេខា​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក Benigno Aquino នោះទេ​។ វា គ្មាន​ន័យ​អ្វី​ឡើយ​។ គិត​ឲ្យ​បាន​ពីរដង​មើល​ឥលូវ ! ពីព្រោះ​ខ្ញុំ អាច​នឹង​ស្នើ​ឲ្យ​អ្នក​(​កងទ័ព​)​ចាក​ចេញពី​ហ្វីលីពីន​ទាំងអស់​តែម្តង​»​។

​អាមេរិក មិន​ដាក់​ទម្ងន់​លើ​ការអត្ថាធិប្បាយ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​?
​ក្រោយ​មួយថ្ងៃ​នៃ​ការព្រមាន​ពិនិត្យឡើងវិញ​លើ​កិច្ចព្រមព្រៀង​យោធា​នោះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Jeff Davis ក៏បាន​អះអាង​ដែរ​ថា ភាគី​អាមេរិក ក៏បាន​ដឹង​ពី​ការ​ថ្លែងការណ៍​នោះដែរ តែ​លោក មិន​ដាក់​ទម្ងន់​លើ​ពាក្យសម្តី​ប្រធានាធិបតី​ហ្វីលីពីន​ប៉ុន្មាន​នោះទេ ដោយ​បញ្ជាក់ថា ពាក្យសម្តី​នោះ មិន​សបញ្ជាក់​ដល់​សក​ម្ម​ភាពជាក់ស្តែង​ឡើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន AFP​។

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា សម្ព័ន្ធមេត្រីភាព​រវាង​អាមេរិក និង​ហ្វីលីពីន នៅតែ​ស្អិតល្មួត និង​ស្ថិរភាព​តាម​មាគ៌ា​របស់ខ្លួន ហើយ អាមេរិក នៅតែ​បន្ត​សហប្រតិបត្តិការ​លើ​ការធ្វើ​លំ​ហាត់​យោធា និង​ជំនួយ​យោធា​នៅក្នុង​ប្រទេស​ហ្វីលីពីន​ទៀតផង​។ អ្វី​គួរកត់សម្គាល់​នោះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក នៅ​សប្តាហ៍​មុន​នាឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​-​អាស៊ាន​ក្រៅផ្លូវការ​នៅ​រដ្ឋ​ហា​វ៉ៃ​នៃ​សហរដ្ឋ​អាម​រិ​ក ក៏បាន​អះអាង​ដែរ​ថា លោក បាន​មាន​កិច្ចពិភាក្សា​ដ៏​ល្អ និង​ផ្លែផ្កា​ជាមួយនឹង​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍​ដែល​រាប់បញ្ចូល​ទាំង​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ផងដែរ​នោះ​។ លោក ចង់​សំដៅថា ទំនាក់ទំនង​យោធា​អាមេរិក និង​ហ្វីលីពីន នៅក្នុង​ស្ថានភាព​ធម្មតា​នោះទេ បើទោះជា លោក ឌើ​ទើ​តេ បាន​ព្រមាន​ពិនិត្យឡើងវិញ​ក៏ដោយ​។

​យ៉ាងណាក៏ដោយ អាមេរិក ក៏​មិនអាច​មើលស្រាល​ពី​សុន្ទរកថា​ចុងក្រោយ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនោះ​ដែរ​។ ហើយ​នោះ ក៏​ព្រោះតែ គិត​ចាប់ពី​ការឡើង​កាន់អំណាច​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០ ខែមិថុនា​លោក Duterte មិនដែល​និយាយ​សរសើរ​ពី​អាមេរិក​ម្តងណា​ឡើយ ពោលគឺ មានតែ​ការរិះគន់ និង​ផែនការ​ងាក​ចេញពី​សហប្រតិបត្តិការ​ជាមួយនឹង​អាមេរិក​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​នោះ ទន្ទឹមនឹង​អវត្តមាន​នៃ​ការទទួលស្គាល់​ពី​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អាម​រិ​ក លោក Duterte បានប្រកាស​ម្តង​ហើយ​ម្តង​ទៀតថា លោក ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​រុស្ស៊ី និង​ចិន ដែលជា​ដៃគូ​ប្រជែង​ក្នុង​ឆាក​អន្តរជាតិ​របស់​អាមេរិក​ទៅវិញ​។

​តើ​អ្វី​ជា​កិច្ចព្រមព្រៀង EDCA ?
​ងាក​មក​ចាប់អារម្មណ៍​កិច្ចព្រមព្រៀង​យោធា​ហ្វីលីពីន និង​អាមេរិក​វិញ​ម្តង​! កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ (EDCA) គឺជា​កិច្ចព្រមព្រៀង​រវាង​អាមេរិក និង​ហ្វីលីពីន ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៤ ក្រោម​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ។ វា បាន​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​កំពូល​ហ្វីលីពីន បានប្រកាស​ពី​ធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​នោះ​។​

​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្តរាយ​ផ្សេងៗ​ទៀតផង​។

​អ្វី​គួរកត់សម្គាល់​នោះ តាមរយៈ​កិច្ចព្រមព្រៀង​នោះដែរ អាមេរិក នៅ​ខែមីនា ឆ្នាំ​២០១៦ ក៏​ទទួលបាន​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​ដាក់​មូលដ្ឋាន​យោធា​កងទ័ពអាកាស​ដោយ​ស្របច្បាប់​នៅក្នុង​ទឹកដី​ហ្វីលីពីន​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com