អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​-​អាស៊ាន ប្តេជ្ញា​រក្សា​សន្តិសុខ​ដែនសមុទ្រ​ក្នុង​តំបន់ ខណៈ ចិន​ក៏​នៅ​បន្តសកម្មភាព​ខ្លួន​នៅ​ទីនោះ​ដែរ​
04, Oct 2016 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter នាឱកាសនៃកិច្ចប្រជុំក្រៅផ្លូវការការពារជាតិអាមេរិក-អាស៊ាន (រូបភាព៖ ក្រសួងការពារជាតិអាមេរិក)
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter នាឱកាសនៃកិច្ចប្រជុំក្រៅផ្លូវការការពារជាតិអាមេរិក-អាស៊ាន (រូបភាព៖ ក្រសួងការពារជាតិអាមេរិក)
ដោយ:
​កិច្ចប្រជុំ​ការពារជាតិ​អាមេរិក​-​អាស៊ាន ដែល​រៀបចំ​ដោយ​ក្រសួងការពារជាតិ​អាមេរិក​នៅ​រដ្ឋ​ហា​វ៉ៃ​នៃ​សហរដ្ឋអាមេរិក បានបញ្ចប់​នៅ​ថ្ងៃទី​០១ ខែតុលា​កន្លង​ហើយ​។ ប្រមុខ​ការពារជាតិ​អាមេរិក និង​អាស៊ាន បាន​អះអាង​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការពង្រឹង​សហប្រតិបត្តិ​ជាច្រើន​វិស័យ​រាប់បញ្ចូល​ទាំង​សន្តិសុខ​ដែនសមុទ្រ និង​ការប្រឆាំង​ភេរវកម្ម​ជាដើម​។



«​យើងទាំងអស់គ្នា បាន​ប្តេជ្ញាចិត្ត​ជាថ្មី​ក្នុង​ការរក្សា​មធ្យោបាយ​ដែនទឹក​នៅក្នុង​តំបន់​ឲ្យ​សេរី និង​សន្តិសុខ និង​ជួយ​គ្រប់​រដ្ឋ​ទាំងអស់​ឲ្យ​ឃើញ​កាន់តែច្រើន ចែករំលែក​កាន់តែច្រើន និង​ធ្វើ​កាន់តែច្រើន​តាមរយៈ​ម​ធ្យោ​បាយ​ដ៏​សំខាន់​នៃ​ដែនទឹក​របស់​អាស៊ីអាគ្នេយ៍​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក អេ​ស្ហ ខាត​ធ័​រ (Ash Carter) នា​ស​ន្និសិទ​សារព័ត៌មាន​ពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​ការពារជាតិ​អាមេរិក​-​អាស៊ាន​នៅ​ចុង​សប្តាហ៍​មុន ដែល​បាន​ចុះផ្សាយ​នៅ​គេហទំព័រ​ផ្លូវការ​នៃ​ក្រសួងការពារជាតិ​អាមេរិក​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនោះ បាន​អះអាងថា លោក​ជាមួយនឹង​សម​ភាគី​អាស៊ាន បាន​ជជែក​ពី​គោលនយោបាយ​នាពេល​អនាគត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​បណ្តាញ​សន្តិសុខ​រួមគ្នា ដែល​លោក​ជឿជាក់ថា វា​នឹង​អាចជួយ​ឲ្យ​អាមេរិក​និង​អាស៊ាន​អាច​រួមគ្នា​ដើម្បី​សហប្រតិបត្តិការ និង​ចូលរួម​កសាង​សន្តិសុខ​នៅក្នុង​តំបន់​ទៀតផង​។ លោក ថ្លែងថា អាមេរិក ទន្ទឹងរង់ចាំ​ក្នុងការ​ចាប់​គូ​ជាមួយនឹង​អាស៊ាន និង​សមាជិក​អាស៊ាន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ទៅមុខ​ផងដែរ​។

​ប្រមុខ​ការពារជាតិ​រូបនោះ បាន​សង្កត់ធ្ងន់ថា «​ភាពជា​ដៃគូ​រវាង​អាមេរិក​-​អាស៊ាន បច្ចុប្បន្ន​មាន​ភាពរឹងមាំ​ជាង​ពេលណា​ទាំងអស់​» ហើយ អាមេរិក នឹង​នៅតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ខ្លួន និង​អាស៊ាន​តាមរយៈ​គោលនយោបាយ​តុល្យភាព​ឡើងវិញ​មកកាន់​អាស៊ី​ប៉ាស៊ីហ្វិក​ទៀតផង ។

​ត្រលប់​ទៅ​និយាយ​ពី​ប​ញ្ហ​មធ្យោបាយ​ដែនទឹក​ឡើងវិញ​! តាមពិតទៅ បើទោះបីជា ប្រមុខ​ការពារជាតិ​អាមេរិក មិនបាន​បញ្ជាក់​ពី​តំបន់​ជាក់លាក់​នៃ​ដែនទឹក​នោះ​ច្បាស់លាស់​ក៏ដោយ តំបន់​នោះ ត្រូវបាន​គេ​ដឹង​ច្បាស់​ហើយ​ថា​ជា​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះឯង​។ នោះ​ក៏​ព្រោះតែ​កន្លងមក ទាំង​លោក​ប្រធានាធិបតី​អាមេរិក និង​លោក​រដ្ឋមន្ត្រី​ការពារជាតិ​រូបនោះ​ផ្ទាល់ បានបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ពី​ផែនការ​របស់ខ្លួន​នៅក្នុង​តំបន់​នោះ​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​សេរីភាព​នៃ​ការធ្វើដំណើរ​តាម​ដែនទឹក និង​ដែនអាកាស​ដែល​ផ្តល់​ដោយ​ច្បាប់​អន្តរជាតិ​។

​មួយវិញទៀត​នោះ ដើម្បី​លើកកម្ពស់ និង​ធានា​ឲ្យ​បាន​សេរីភាព​នៃ​ការធ្វើដំណើរ​ទាំង​ដែនទឹក និង​ដែនអាកាស​នៅក្នុង​តំបន់ អាមេរិក កន្លងមក មិន​ត្រឹមតែ​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​សកម្មភាព​ឲ្យ​ស្របទៅនឹង​គោលការណ៍​នីតិរដ្ឋ​នោះទេ តែ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ថែមទាំង​បាន​បញ្ជូន​ទាំង​នាវាចម្បាំង​ឬ​ល្បាត និង​យន្តហោះ​សង្គ្រាម​មកកាន់​តំបន់​នោះ​ទៀតផង​។ ហើយ​ការណ៍​ដែល​អាមេរិក​ធ្វើបែបនេះ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ប្រឆាំង​ទៅនឹង​សម្មភាព​មហាអំណាច​អាស៊ី​ដែល​កំពុងតែ​រះ​ឡើង «​ចិន​» ដែល​បាននិងកំពុង​តែ​បន្តស​កម្ម​ភាព​របស់ខ្លួន​ឥតឈប់ឈរ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​ជម្លោះ​អធិបតេយ្យ​រវាង​ចិន និង​រដ្ឋ​សមាជិក​អាស៊ាន​។

​កាលពីដើមឆ្នាំ​កន្លងទៅ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​អញ្ជើញ​មេដឹកនាំ​កំពូល​អាស៊ាន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន​ក្នុង​ទឹកដី​អាមេរិក​ដើម្បី​ជជែក និង​ពង្រឹង​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​នៃ​ភាគី​ទាំងពីរ ខណៈ​រដ្ឋបាល​របស់លោក ក៏​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ផង​នោះ​។ បញ្ហា​ដែនសមុទ្រ​នៅក្នុង​តំបន់​(​សមុទ្រ​ចិន​ខាងត្បូង​) នាពេលនោះ ក៏​ស្ថិតនៅក្នុង​របៀបវារៈ​សំខាន់​ផងដែរ​៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com