ជាតិ
មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ពលកម្ម​អន្តរជាតិ​អាមេរិក​ពិនិត្យ​មើល​ស្ថានភាព​ការងារ​នៅ​កម្ពុជា​
04, Oct 2016 , 10:19 pm        
រូបភាព
ដោយ:
​អ្នកស្រី Sarah Fox តំណាង​ពិសេស​ទទួលបន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួងការបរទេស​អាមេរិក បាន​បំពេញ​ទស្ស​កិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ទី ៣ ដល់​ថ្ងៃទី ៤ តុលា​។ ដំណើរ​មកកាន់​កម្ពុជា​របស់​មន្ត្រី​អាមេរិក​រូបនេះ ដើម្បី​ពិនិត្យ​ស្ថានភាព​លក្ខខណ្ឌ​ការងារ និង​ការគោរព​សិទ្ធិ​របស់​កម្មករ​និយោ​ជិត និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ការងារ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។



​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ​មកនេះ អ្នកស្រី Sarah Fox បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​មួយចំនួន មន្ត្រី​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​(ILO) អង្គការ​សង្គម​ស៊ីវិល សហជីព និង​វិស័យ​ឯកជន​មួយចំនួនទៀត​។ គោលដៅ​នៃ​ជំនួប និង​ការបំពេញ​ទស្សនកិច្ច​របស់​អ្នកស្រី Sarah Fox តំណាង​ពិសេស​ទទួលបន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួងការបរទេស​អាមេរិក​លើកដំបូង​នេះ ដើម្បី​លើកកម្ពស់​សេរីភាព​ក្នុងការ​ចងក្រង​ជា​ក្រុម សមាគម និង​ការចរចា​អនុសញ្ញា​រួម ព្រមទាំង​ការជំរុញ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ​និង​កំណើនសេដ្ឋកិច្ច​សម្រាប់​ក​ម្មក​រន​យោ​ជិត ន​យោជក និង​ប្រទេស​កម្ពុជា​។ 

​នៅក្នុង​ជំ​នួវ​តុមូល​ពិសេស​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​នៅ​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ទី ៤ ខែតុលា​នេះ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Sarah Fox បាន​ថ្លែងថា អ្នកស្រី​មិនអាច​វាយតម្លៃថា ស្ថានភាព​ស្តង់ដា​ពលកម្ម​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​កម្រិតណា​មួយ​ឲ្យ​ច្បាស់​នោះឡើយ​។ តែ​អ្នកស្រី​យល់ថា រដ្ឋាភិបាល​កម្ពុជា បាន​បោះជំហាន​យ៉ាង​មាន​សារៈសំខាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ​ពលកម្ម ដែលជា​ក្តីកង្វល់​របស់​អង្គការក្រៅរដ្ឋាភិបាល និង​រដ្ឋាភិបាល​អាមេរិក​។ «​យើង​សាទរ​ដែល​កម្ពុជា​ដាក់ចេញ​នូវ​ជំហាន​នេះ​។ រដ្ឋាភិបាល​សហរដ្ឋ​អាម​រិ​ក នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Sarah Fox ។​



​តែ​យ៉ាងណា​តំណាង​ពិសេស​ទទួលបន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួងការបរទេស​អាមេរិក ក៏​ឆ្លៀត​បង្ហាញ​ក្តីកង្វល់​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ច្បាប់​ស្តីពី​សហជីព ដែល​ទើបតែ​ចូល​ជា​ធរមាន​កាលពីពេល​ថ្មីៗ​នេះ ដែលមាន​ចំណុចខ្លះ ​មិន​ស្របតាម​ច្បាប់​អន្តរជាតិ ។ «​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ប្រឹក្សា​ជាមួយ ILO អំពី​ច្បាប់​ស្តីពី​សហជីព ដែល​បាន​ចូល​ជា​ធរមាន​។ យើង​មាន​ក្តីកង្វល់​នូវ​ចំណុច​មួយចំនួន​នៃ​ច្បាប់​នេះ​»​។ មានប្រសាសន៍​ដូច្នេះហើយ​អ្នកស្រី ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួបពិភាក្សា​ជាមួយ​និ​យោជក កម្មករ​និយោ​ជិត និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​ក្តីកង្វល់​នេះ​។

​សូមបញ្ជាក់ថា ក្រៅពី​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា អ្នកស្រី Sarah Fox  ក៏បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ នៅ​មី​យ៉ាន់​ម៉ា អ្នកស្រី បាន​ជួប​មន្ត្រី​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​ជាច្រើន ក្នុង​គោលដៅ​កែទម្រង់​ច្បាប់​ការងារ និង​ការកសាង​សមត្ថភាព​ស្ថាប័ន ដើម្បី​ឲ្យ​មានការ​គោរព​សិទ្ធិ​ការងារ​ងារ​ជា​មូលដ្ឋាន​នៅក្នុង​ប្រទេស​មី​យ៉ាម៉ា​៕


Tag:
 Sarah Fox
  ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com