អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ខឹង​នឹង​អាមេរិក​មិន​លក់​អាវុធ​ឲ្យ លោក Duterte ថា លោក ទៅ​ទិញ​ពី​រុស្ស៊ី និង​ចិន ក៏បាន​
05, Oct 2016 , 7:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នាឱកាសនៃកិច្ចប្រជុំអាស៊ាន​(រូបភាព៖ គណនីហ្វេសប៊ុកលោក Duterte)
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នាឱកាសនៃកិច្ចប្រជុំអាស៊ាន​(រូបភាព៖ គណនីហ្វេសប៊ុកលោក Duterte)
ដោយ:
​សុន្ទរកថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ការបរទេស​ជាមួយនឹង​អាមេរិក កាន់តែ​ពិបាក​ស្តាប់ និង​ធ្ងន់ធ្ងរ​ទៅៗ​ហើយ​។ ក្នុង​បរិបទ​ថ្មី​ចុងក្រោយ​ទៀត​នោះ លោក ឌើ​ទើ​តេ បាន​បន្ត​ជះ​កំហឹង​របស់លោក​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​មិន​លក់​អាវុធ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន ដោយ​លោក អះអាងថា លោក​អាច​ទិញ​ពី​រុស្ស៊ី និង​ចិន ក៏បាន​ដែរ​។



«​ប្រសិនបើ​អ្នក​មិន​ចង់​លក់​អាវុធ​នោះទេ ខ្ញុំ នឹង​ទៅ​(​ទិញ​) រុស្ស៊ី​ក៏បាន​។ ខ្ញុំ បាន​បញ្ជូន​ឧ​ត្ត​ម​សេនីយ៍​ទៅ​រុស្ស៊ី​រួចហើយ​។ ហើយ​រុស្ស៊ី ក៏បាន​អះអាង​ដែរ​ថា​កុំ​បារម្ភ យើង​មាន​អ្វីដែល​អ្នកត្រូវការ​។ ហើយ​សម្រាប់​ចិន​វិញ គឺ​គ្រាន់តែ​ចុះហត្ថលេខា អ្វី​គ្រប់យ៉ាង នឹង​មកដល់​ភ្លាមៗ​តែម្តង​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​០៤ ខែតុលា​ម្សិលមិញ ដើម្បី​បញ្ជាក់បន្ថែម​ពី​គោលជំហរ​នយោបាយ​ការបរទេស​របស់លោក​ទៅកាន់​អាមេរិក ដែល​បាន​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​លោក​ប្រធានាធិបតី ឌើ​ទើ​តេ ក៏បាន​បញ្ជាក់ដែរថា លោក កំពុងតែ​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​របស់លោក ពីព្រោះ​អាមេរិក បាន​បរាជ័យ​ក្នុង​ការជួយ​ហ្វីលីពីន​។ ជាពិសេស​នោះ លោក ក៏បាន​ព្រមាន​ដែរ​ថា នៅពេល​ណាមួយ លោក នឹង​«​ចែកផ្លូវ​»​ជាមួយ​អាមេរិក តែ លោក មិនបាន​លម្អិត​ថា​តើ​ការចែក​ផ្លូវ​នោះ​មានន័យ​យ៉ាងណា ឬ​នៅពេលណា​ឡើយ​។

​អ្វីដែល​កាន់តែ​ពិបាក​ស្តាប់ និង​ពិបាក​យល់​ពី​គោលនយោបាយ​ការបរទេស​របស់លោក​នោះ​គឺ នា​ថ្ងៃ​ដដែល​នោះ លោក ឌើ​ទើ​តេ ក៏បាន​ជេរប្រមាថ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​ម្តងទៀត ដោយ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អ្នក​អាច​ទៅ​នរក​ចុះ លោក អូ​បា​ម៉ា !»​។ មុនពេល​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ខែ​មុន លោក បាន​ជេរ​លោក អូ​បា​ម៉​ថា ថា «Son of B***»​។

​មុនពេល​នៃ​ការ​ថ្លែងការណ៍​បែបនេះ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ដែលមាន​រហ័ស​នាម​ថា​ជា «​អ្នក​ដាក់ទណ្ឌកម្ម​» នៅ​ចុង​សបា្តហ៍​មុននេះ ក៏បាន​ប្រកាស​ពិនិត្យឡើងវិញ​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការពង្រឹង​វិស័យ​ការពារជាតិ​ជាមួយនឹង​អាមេរិក ដែល​បាន​ចុះហត្ថលេខា ក្នុងពេល​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ទៀតផង​។

​សូម​ជម្រាប​ផងដែរ ការណ៍​ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ហ្វីលីពីន បង្ហាញ​ឥរិយាបថ​មិន​ខ្វាយខ្វល់​ពី​អាមេរិក ដែល​ធ្លាប់តែ​ជា​សម្ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នេះ ក៏​ព្រោះតែ​ក្រុង​វ៉ាស៊ីនតោន បាន​សម្តែង​ការព្រួយបារម្ភ និង​រិះគន់​ខ្លាំង​ដល់​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី​លើ​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​នោះឯង​។

​បើ​គិតពី​ថ្ងៃ​ឡើងកាន់​អំណាច​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​មក លោក​ប្រធានាធិបតី មិនដែល​និយាយ​អ្វី​ល្អ​ពី​អាមេរិក​ឡើយ បើទោះជា​អាមេរិក បាននិងកំពុង​តែមាន​សកម្មភាព​យោធា​យ៉ាងសកម្ម​ដើម្បី​ជ្រោមជ្រែង និង​ធានា​សន្តិសុខ​របស់​ហ្វីលីពីន​ក៏ដោយ​នោះ​។ មួយវិញទៀត​នោះ ខណៈ​អវត្តមាន​នៃ​ការទទួលស្គាល់​ពី​ការជួយ​ជ្រៀម​ជ្រែង​របស់​អាមេរិក លោក ឌើ​ទើ​តេ បែរជាយក​រុស្ស៊ី និង​ចិន ដែលជា​ដៃគូ​ប្រជែង​របស់​អាមេរិក​ក្នុង​ឆាក​អន្តរជាតិ មក​ធ្វើជា​ខ្នងបង្អែក និង​ដៃគូ​សហប្រតិបត្តិការ​ថ្មី​ជំនួស​អាមេរិក​ទៅវិញ​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com