កីឡាជាតិ
ជាតិ
លោក Lee Tae Hoon ថា កម្ពុជា​ធ្វើបាន​ល្អ តែ​ចាញ់​កម្ពស់ មាឌ និង​បច្ចេកទេស​របស់​ហុងកុង​
08, Oct 2016 , 11:39 am        
រូបភាព
រួបថត​ពីសហព័ន្ធបាល់ទាត់កម្ពុជា
រួបថត​ពីសហព័ន្ធបាល់ទាត់កម្ពុជា
ដោយ:
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បរាជ័យ ២-០ នៅមុខ​អ្នកគាំទ្រ​ប្រមាណ​ជាជាង​៤​ម៉ឺន​នាក់​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង​នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​៦ ខែតុលា​។ ការបរាជ័យ​នេះ​លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បកស្រាយ​ថា ដោយសារ​កីឡាករ​ហុងកុង​មាន​មាឌធំ និង​កម្ពស់​ខ្ពស់ជាង​កម្ពុជា ជាពិសេស​កម្រិត​បច្ចេក​ទេស​។ ទោះបី​ចាញ់​ក៏ដោយ ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា​ធ្វើបាន​ល្អ​ក្នុងជំនួប​មួយ​នេះ​។

 
​អ្នកគាំទ្រ​ប្រមាណ​ជាជាង​៤​ម៉ឺន​នាក់​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​បានធ្វើ​ទឹកមុខ​ក្រៀមក្រំ ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រង​ការបរាជ័យ ២-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើសជាតិ​ហុងកុង​ដែលមាន​មាឌធំ ខ្ពស់ និង​កីឡាករ​ស្បែក​ខ្មៅ​ចូលសញ្ជាតិ​ហុងកុង​។ នេះ​ជា​លើក​ទី​២​សម្រាប់​កម្ពុជា​ដែល​ចាញ់​ក្រុម​ហុងកុង​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​លើក​មុន​នៅ​ដើមខែ​កញ្ញា កម្ពុជា​បាន​ចាញ់​ក្នុង​លទ្ធផល ៤-២ នៅលើ​ទឹកដី​ហុងកុង​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​កាលពី​យប់​ថ្ងៃទី​៦ ខែតុលា លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទទួលស្គាល់​ក្រុម​ហុងកុង​មាន​កម្រិត​បច្ចេកទេស​ខ្ពស់ជាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ម្យ៉ាងទៀត​កីឡាករ​របស់​ហុងកុង​មាន​មាឌធំ និង​កម្ពស់​ខ្ពស់ជាង​កម្ពុជា ហើយ​ពួកគេ​លែង​បាល់​លើ​ដែលជា​ហេតុ​បង្ករ​ការលំបាក​សម្រាប់​កម្ពុជា​ក្នុងការ​ដណ្តើម​បាល់​»​។​
 
​ទោះបីជា​ក្រុម​កម្ពុជា​រង​ការបរាជ័យ និង​មានមតិ​មួយចំនួន​រិះគន់​ពី​ទម្រង់​លេង​របស់​កម្ពុជា​ថា​មិនសូវ​ល្អ​យ៉ាងណាក៏ដោយ ប៉ុន្តែ​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​អះអាងថា កូនក្រុម​របស់លោក​ធ្វើ​បានល្អ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង​នៅ​លើក​នេះ​។ 
 
​យ៉ាងណាមិញ លោក​ទទួលស្គាល់ថា កម្ពុជា​នូវមាន​ភាពខ្វះខាត​ខាង​ផ្នែក​គ្រប់គ្រង​បាល់​ជា​ក្រុម ហើយ​លោក​នឹង​កែលម្អ​ចំណុច​ខ្វះខាត​ទាំងនេះ ដើម្បី​ត្រៀម​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​ស្រីលង្កា នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​៩ ខែតុលា ស្អែក​នេះ​។ ជាពិសេស​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ​២០១៦៕     
 
 

Tag:
 បាល់ទាត់​
  Lee Tae Hoon
© រក្សាសិទ្ធិដោយ thmeythmey.com