កីឡាជាតិ
លោក Lee Tae Hoon មិន​ចង់ឲ្យ​ផ្សាយ​ការប្រកួត​ទាំងស្រុង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៅកាន់​ពិភពលោក​
09, Oct 2016 , 9:24 am        
រូបភាព
ដោយ:
ដោយសារ​មិន​ចង់​ឲ្យ​ក្លិប​បាល់ទាត់​នៅ​តំបន់​អាស៊ី ក៏ដូចជា​ពិភពលោក​ងាយស្រួល​សិក្សា​ពី​តិច​និក និង​បច្ចេកទេស​ការប្រកួតរ​បស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រាប់​ដល់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មិនគួរ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ប្រកួត​ទាំងស្រុង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទៅកាន់​ពិភពលោក​នោះទេ​។ 

 
​ស្របពេល​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​មានការ​រីកចម្រើន​ជាមួយគ្នា​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅលើ​វិស័យ​កីឡា​មួយ​នេះ​ក៏មាន​ភាព​រីកចម្រើន និង​ទូលំទូលាយ​ផងដែរ​។ វា​ជាហេតុ​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ប​ណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក​ងាយស្រួល​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស និង​តិច​និក​នៃ​ការប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជាពិសេស​ប្រទេស​ដែលជា​គូប្រជែង​របស់​កម្ពុជា​។ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រាប់​ដល់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ គួរ​ជៀសវាង​ការផ្សព្វផ្សាយ​ពី​សកម្មភាព​ទាំង​មូលនៃ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ស្រីលង្កា​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៨ ខែតុលា លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ជាក់យ៉ាងនេះថា​៖«​ខ្ញុំ​មានរឿង​មួយ​ដែល​លាក់ទុក​ក្នុង​ចិត្ត​យូរ​មកហើយ​ចង់​ប្រាប់ គឺ​ខ្ញុំ​ចង់បាន​ការយោគយល់​ពី​បណ្តាញសារព័ត៌មាន​ទាំងអស់ សូមមេត្តា​កុំ​ផ្សព្វផ្សាយ​ព​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​ពិភពលោក​បានដឹង​អី គ្រាន់តែ​ចាក់​សារ​ឡើងវិញ​៤​ទៅ​៥​នាទី​ត្រង់ចំណុច​សំខាន់ៗ​បាន​ហើយ​»​។​
 
​ការលើកឡើង​របស់លោក​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​នេះ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ថត​វីដេអូ​ពី​សកម្មភាព​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែតុលា ម្សិលមិញ ដើម្បី​ចង់ដឹង​ពី​ទម្រង់​នៃ​ការប្រកួត​របស់​ក្រុម​មួយ​នេះ មុន​ជួប​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។        
 
​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ស្រីលង្កា​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ថ្ងៃទី​៩ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែតុលា ខាងមុខនេះ​៕ 
 

Tag:
 ​បាល់ទាត់​
  Lee Tae Hoon
  មិត្តភាព​អន្តរជាតិ​ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com