កីឡាជាតិ
ជាតិ
លោកគ្រូ Lee បន្ត​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ថ្មីៗ​ក្នុងជំនួប​ជាមួយ​ក្រុម​ស្រីលង្កា​ល្ងាច​នេះ​
09, Oct 2016 , 1:02 pm        
រូបភាព
ដោយ:
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែតុលា នេះ ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​មកពី​ប្រទេស​ស្រីលង្កា​។ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នេះ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​បន្ត​ផ្តល់ឱកាស​ដល់​កីឡាករ​ថ្មីៗ​ចូលរួម​ប្រកួត​ដូច​ជំនួប​មិត្តភាព​ជាមួយ​ក្រុម​ហុងកុង​។​

 
​ទោះបី​មានមតិ​មួយចំនួន​រិះគន់​ចំពោះ​ទម្រង់​លេង ក៏ដូចជា​ការផ្លាស់ប្តូរ​កីឡាករ​ថ្មីៗ​ឲ្យ​ចូលរួម​ប្រកួត​របស់លោក Lee Tae Hoon ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង ដែល​កម្ពុជា​បាន​ចាញ់​ក្នុង​លទ្ធផល ២-០ ក៏ដោយ​។ ប៉ុន្តែ​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​បញ្ជាក់ថា ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ស្រីលង្កា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ លោក នឹង​ព្យាយាម​ផ្តល់ឱកាស​ដល់​កីឡាករ​ថ្មីៗ​ឲ្យ​ចូលរួម​ប្រកួត​ដដែល​។​
 
​ការព្យាយាម​ផ្តល់ឱកាស​ដល់​កីឡាករ​ថ្មីៗ​នេះ ដោយសារ​លោកគ្រូ​បង្វឹក​រូបនេះ​គិតថា វា​ជាការ​ប្រកួត​មិត្តភាព​ចុងក្រោយ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ អាស្រ័យហេតុនេះ​លោក​ត្រូវតែ​ព្យាយាម​ដាក់​កីឡាករ​ថ្មីៗ ដើម្បី​មើល ក៏ដូចជា​វាស់​ស្ទង់​កម្រិត​បច្ចេកទេសរ​បស់​កីឡាករ ដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព​សម្រាប់​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ម្សិលមិញ លោក Lee Tae Hoon បាន​ទទួលស្គាល់ថា ក្រុម​ស្រីលង្កា​ជា​ក្រុម​មួយ​ដែលមាន​ទម្រង់​លេង​ល្អ ខ្លាំង និង​ម៉ត់ចត់​បំផុត​តាំងពី​តំបន់​ការពារ​រហូតដល់​តំបន់​ប្រយុទ្ធ ដែល​អាចធ្វើ​ឲ្យ​មានការ​ពិបាក​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងការ​ទទួលបាន​ជ័យជម្នះ​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី លោក​នឹង​ព្យាយាម​ប្រឺ​ង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​សម្របសម្រួល​ក្រុម​កម្ពុជា​ទៅតាម​កាលៈទេស ដើម្បី​បង្កើត​ឱកាស​ក្នុងការ​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​ស្រីលង្កា​។ ម្យ៉ាងទៀត​លោក​នឹង​ព្យាយាម​យកជ័យ​ជម្នះ ដើម្បី​ផ្តល់​ជា​កាដូ ក៏ដូចជា​កម្លាំងចិត្ត​ដល់​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ដែល​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​
 
​ជាមួយគ្នានេះ លោក Dudley Steinwall គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្រីលង្កា​បាន​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​មានកា​រ​រៀបចំ​បានល្អ​តាំងពី​តំបន់​ការពារ​រហូតដល់​តំបន់​ប្រយុទ្ធ ពោលគឺ​ការរៀបចំ​មាន​ទម្រង់ និង​កលល្បិច​ក្នុងការ​ប្រកួត​បានល្អ​។ ម្យ៉ាងទៀត កីឡាករ​ពោរពេញ​ទៅដោយ​សមត្ថភាព និង​បច្ចេកទេស​ជាពិសេស​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែលជា​កីឡាករ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​របស់លោក​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក​រំពឹងថា សម្រាប់​ការដឹកនាំ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​លើកដំបូង​របស់លោក​នេះ កូនក្រុម​របស់លោក​នឺង​ធ្វើ​បានល្អ​ក្នុងជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​៕   
 
 

Tag:
 បាល់ទាត់​
  Lee Tae Hoon
  មិត្តភាព​អន្តរជាតិ​ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com