ពីនេះ ពីនោះ
តើ​ពេលណា​ត្រូវ​ប្រើ​«​និវត្ត និង និវត្តន៍​» នៅក្នុង​អត្ថបទ​សំណេរ​?
10, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ភ្នំពេញ​៖ ពាក្យ​ថា «​និវត្ត និង និវត្តន៍​» សាធារណជន​មួយចំនួន នៅមាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការសរសេរ ថា​ពេលណា​ត្រូវ​សរសេរ​«​និវត្ត និង និវត្តន៍​»​ឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា «​និវត្ត និង និវត្តន៍​» មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖

 
​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​សរសេរថា​«​និវត្ត​» នោះ​គឺ​មានន័យថា​ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា វិល​វិញ​, ត្រឡប់​វិញ ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​និវត្តន៍​» ដែល​មានន័យថា ដំណើរ​វិលត្រឡប់​, ការវិល​មកវិញ ជាដើម​។ 
 
​ប៉ុន្តែ​ក្នុងករណី សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរសរ​ជាមួយ​ពាក្យ «​និវត្តន៍​»​ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​និវត្តន៍​»​ទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​
 
​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​និវត្ត​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការ​និវត្ត​, ក្ដី​និវត្ត​, សេចក្ដី​និវត្ត និង​ដំណើរ​និវត្ត​»៕
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​
 

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com