ពីនេះ ពីនោះ
តើពាក្យ«ខ្មែរ និង កម្ពុជា» ខុសគ្នាយ៉ាងដូចម្ដេច?
× ភ្នំពេញ៖ ពាក្យថា «ខ្មែរ និង កម្ពុជា» ពលរដ្ឋខ្មែរ គ្រប់រូបអ្នកណាក៏ស្គាល់ អ្នកក៏ដឹង អ្នកណាក៏ចេះសរសេរដែរ លើកលែងតែក្មេងមិនទាន់ចេះនិយាយ និងអ្នកមិនចេះអក្សរតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីថា កូនខ្មែរស្ទើរតែទាំងអស់បាន ដឹង បានស្គាល់ និងចេះសរសេរក្ដី ក៏អាចមានអ្នកខ្លះមិនទាន់អាច់យល់ពីភាពខុសគ្នា រវាងពាក្យថា «ខ្មែរ និង កម្ពុជា» នេះនៅឡើយផងដែរ។ វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពីពាក្យទាំងនេះដូចខាងក្រោម៖
ពាក្យ«កម្ពុជា» វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យនេះអាចសរសេរជា«កម្ពុជ ឬ កម្ពុជា»ក៏បាន។ ពាក្យនេះ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជាសមាសនាម ដូចជា កម្ពុជប្រទេស ប្រទេសកម្ពុជា។ កម្ពុជមិត្រ មិត្ររបស់ប្រទេសកម្ពុជា។ កម្ពុជរដ្ឋ រដ្ឋឬប្រទេសកម្ពុជា(ប្រទេសខ្មែរ)ជាដើម។
ពាក្យថា «កម្ពុជ» កើតពីការផ្សំគ្នារវាងពាក្យថា (កម្ពុ “មាស”+ជ ឬជា “កើត, កំណើត” =សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស”) ពាក្យនេះជាឈ្មោះនៃប្រទេសខ្មែរយើង ហើយយើងអាចហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ, កម្ពុជប្រទេស, ប្រទេសកម្ពុជា, ប្រទេសខ្មែរ, ខេមរប្រទេស និង ខេមររដ្ឋ ដែលអាចប្រើ និងហៅបានទាំងអស់។ ប៉ុន្តែ ពាក្យដែលយើងត្រូវប្រើជាផ្លូវការ ដើម្បីសរសេរ និងហៅ គឺ កម្ពុជរដ្ឋ ឬប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ជនបរទេស គេហៅតាមការសន្មតរបស់គេ ដូចជា បារាំងគេហៅថា Cambodge, អង់គ្លេស គេហៅ Cambodia, ប្រទេសដទៃផ្សេងទៀតហៅ Cambodja, ខ្លះទៀតហៅ Kambuja ជាដើម។
ចំណែកពាក្យ «ខ្មែរ» វចនានុក្រមខ្មែរបានបង្ហាញថា មានថ្នាក់ពាក្យជានាម មានន័យថា មនុស្សដែលកើត ឬនៅក្នុងដែនកម្ពុជា ហើយលុះនៅក្នុងអំណាចច្បាប់ខ្មែរ។ ក្នុងសម័យបុរាណព្រេងនាយ សរសេរជា ខ្មេរ ក៏មាន។ ដោយឡែកពាក្យ «ខេមរៈ» ក៏មានន័យថា «ខ្មែរ» ដែលពាក្យនេះ ទំនងជាបាលីភាសា ប្រែថា “មនុស្សមានសេចក្ដីក្សេម” មកអំពីវិគ្គហៈថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬជាពហុវចនៈថា “ខេមំ យេសមត្តីតិ ខេមរា”, ប៉ុន្តែនឹងពោលឲ្យប្រាកដថា បានជាហៅ “ខេមរៈៗ” នោះពីព្រោះប្រែថា មានសេចក្ដីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណសរសេរ “ក្មែរ” ក៏មាន។
ជារួមមក រវាងពាក្យថា «កម្ពុជា និង ខ្មែរ» គេអាចចំណាំបានថា ពាក្យ«កម្ពុជា ឬ កម្ពុជ» គឺប្រើសំដៅដល់ជាឈ្មោះប្រទេស ឬរដ្ឋមួយ នោះគឺកម្ពុជរដ្ឋ ឬប្រទេសកម្ពុជា។ ចំណែក ពាក្យ«ខ្មែរ» គឺប្រើសំដៅដល់ មនុស្សដែលបានកើតក្នុងដែនដីកម្ពុជា៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com