កីឡាជាតិ
ជាតិ
​សម្តេច ហ៊ុន សែន យកចិត្តទុកដាក់​បាល់​ទាត់ តែ​មិន​ភ្លេច​ប្រដាល់ និង​កីឡា​ផ្សេង​ទៀតឡើយ​
10, Oct 2016 , 9:19 pm        
រូបភាព
សម្តេចហ៊ុន សែន នាការប្រកួតកីឡា​បាល់ទាត់ពង្រឹង​ចំណងមិត្តភាព​កម្ពុជា-ថៃ
សម្តេចហ៊ុន សែន នាការប្រកួតកីឡា​បាល់ទាត់ពង្រឹង​ចំណងមិត្តភាព​កម្ពុជា-ថៃ
ដោយ: ថ្មីៗ
​ឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​មួយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្រោយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឈ្នះ​ស្រីលង្កា ៤-០ នា​ជំនួប​មិត្តភាព​កាលពី​ថ្ងៃទី​៩ ខែតុលា ថា សម្តេច​មិន​ដែលមាន​ភាពលំអៀង​ទៅលើ​តែ​បាល់ទាត់​នោះឡើយ ពោលគឺ​សម្រេច​យកចិត្តទុកដាក់​លើ​ប្រភេទ​កីឡា​ទាំងអស់ រួមទាំង​ប្រដាល់​ជាដើម ដោយ​លើកលែងតែ​ការប្រកួត​ស្ងាត់ៗ ហើយ​ក្រៅ​ក្របខណ្ឌ​។​



​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបរាប់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា សម្តេច ក៏ដូចជា​រដ្ឋ​ភិ​បាល បាន​យកចិត្តទុកដាក់​លើ​គ្រប់​ប្រភេទ​កីឡា​ដោយ​គ្មាន​ការរើសអើង​។ សម្តេច​បាន​ឆ្លើយតប​ទៅនឹង​ការបញ្ចេញមតិ​មួយ​ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​ស្រីលង្កា ៤-០ ថា​៖ «​ល្មម​ដល់​ពេលដែល​ខ្ញុំ​ចេញមក​ពន្យល់​អំពី​ការ​លើកឡើងថា​យកចិត្តទុកដាក់​លើ​បាល់ទាត់ ខ្វះ​ការយកចិត្តទុកដាក់​លើ​កីឡាប្រដាល់​និង​កីឡា​ផ្សេងទៀត​។ ប្រសិន​លោកអ្នក​ទៅ​សួរ​ទូរទស្សន៍​បុ​ស្ត៍​លេខ​៥  CTN បាយ័ន​ដែល​បាន​ចាត់តាំង ប្រកួត​កីឡាប្រដាល់​ខ្មែរ និង​បរទេស ខ្ញុំ​តែង​ឧបត្ថម្ភ​ជានិច្ច​ម្នាក់​១០០០​ដុល្លា​ទោះ​ចាញ់ក្តី​ឈ្នះក្តី​»​។​

​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុ​ក្រិ​ត្យ​កំណត់​ក្របខណ្ឌ​ប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ​ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​រហូត​មាន​ម៉ូតូ​អមដំណើរ​ទៀតផង​។ សម្តេច​លើកឡើងថា​៖ «​យើង​បានកំណត់​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។ អ្វីដែល​បងប្អូន​ត្រូវ​គិត​បើ​ប្រដាល់​វាយ​ឈ្នះ​តែ​១​នាក់​នៅ​ក្រុមហ៊ុន​ទូរទស្សន៍​១ និង​មានការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន តើ​ត្រូវ​លើក​ទិ​ក​ចិត្ត​បែបណា​?​បើ​ខ្សែក្រវាត់​ឬ​ពានរង្វាន់​នៃ​ក្រុមហ៊ុន​ឯកជន គឺ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​។​ខ្ញុំ​ធ្វើ​ចលនា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ច្រើនណាស់​ទើប​មាន​ចលនា​បែប​នេ​កើតឡើង​»​។​



​ជាមួយគ្នានេះ​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អាក់អន់​ចំពោះ​មនុស្ស​ចំនួន​ដែល​មិន​យល់​ពី​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួលបាន​នូវ​ការលើកទឹកចិត្ត ដូច​ជាការ​លើកឡើងថា កីឡាករ​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក តែ​មិន​ទទួល​រង្វាន់​អ្វី​សោះ​។ សម្តេច​ចោទសួរ​ថា​៖ « ឯណា​ខ្សែក្រវាត់ ឬ​ពាន​វង្វាន់​ពិភពលោក​? មិនទាន់មាន​ទេ បើ​ប្រដាល់​សូម្បីតែ SEA GAME ក៏​មិនទាន់មាន​មេដាយមាស​មួយ​ផង​។​ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​បានទទួល​និង​បំពាក់​មេដាយ​ជូន ស៊ន សៀវ​ម៉ី សែន​រ៉ា​ឌី និង​កែ ឡេង ដែល​ទាំង​៣​នាក់​សុទ្ធ តែ​ទៅ​ប្រកួត​ដោយមាន​ការចាត់តាំង​និង​ប្រកួត​ក្នុង​ក្របខណ្ឌ​ដែល​អន្តរជាតិ​ទទួលស្គាល់ ហើយ​ត្រូវ​ប្រកួត​ជម្រុះ​រហូតដល់​ជ័យជម្នះ​ចុងក្រោយ​»​។​

​ប្រមុខ​រដ្ឋាភិបាល បាន​សំណូមពរ​ដល់​កីឡាករ​កីឡា​ការ​នី​គ្រប់​ប្រភេទ​កីឡា ឲ្យ​ប្រឹងប្រែង និង​ប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្របខណ្ឌ​កំណត់​កុំទៅ​ប្រកួត​ស្ងាត់ៗ អត់​ក្របខណ្ឌ ហើយ​ឲ្យ​មនុស្ស​មិន​យល់​ប្រកាសថា​ជា​ខ្សែក្រវាត់​ពិភពលោក​រហូត​ទិទៀន​ថា​រាជរដ្ឋាភិបាល​លំអៀង​ទៅរក​តែ​បាល់ទាត់​។​

​សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ជ័យជម្នះ ៤-០ របស់​កម្ពុជា​លើ​ស្រីលង្កា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​យប់​ថ្ងៃទី​៩ ខែតុលា ថា​វា​ជាការ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព និង​ការរីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។ លើសពីនេះ សម្តេច​បានផ្តល់​ប្រាក់រ​ង្វាន់​លើកទឹកចិត្ត​ម្នាក់​១​ពាន់​ដុល្លារ​ដល់​ក្រុម​កីឡាករ និង​គ្រូបង្វឹក​ថែម​ទៀតផង​៕


Tag:
 សម្តេច ហ៊ុន សែន​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com