កីឡាជាតិ
ជាតិ
លោក Lee ថា កម្ពុជា​ត្រូវ​ប្ដូរ​ទម្រង់​លេង ព្រោះ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត ដឹង​ពី​ចំណុចខ្សោយ
11, Oct 2016 , 8:39 am        
រូបភាព
លោក Lee Tae Hoon គ្រូបង្វឹកក្រុម​ជម្រើស​ជាតិកម្ពុជា។ រូបថត Masayori Ishikawa KPT studio
លោក Lee Tae Hoon គ្រូបង្វឹកក្រុម​ជម្រើស​ជាតិកម្ពុជា។ រូបថត Masayori Ishikawa KPT studio
 
​ភ្នំពេញ​៖ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tea Hoon មើលឃើញថា កីឡាករ​កម្ពុជា​ភាគច្រើន​នៅមាន​ចំណុច​ខ្វះខាត ដែល​ត្រូវ​ពង្រឹង​ស្ទីល​លេង​បន្ថែមទៀត ដើម្បី​ទប់ទល់​ជាមួយ ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត នៅក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup ។ សម្រាប់​លោក Lee ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំនេះ មិនមែនជា​រឿង​ងាយស្រួល​ដល់​កម្ពុជា​នោះទេ ព្រោះ​គូប្រកួត​ខ្លួន​ទាំងបី​ក្រុម​នេះ សុទ្ធតែ​ដឹង​ពី​ចំណុចខ្សោយ និង​ទម្រង់​លេង​របស់​កម្ពុជា​។​


​បើ​ទោះ​កម្ពុជា យកឈ្នះ​ក្រុម​ស្រីលង្កា​ដោយ​លទ្ធផល​៤ ទល់ ០ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្តី ក៏​វា​មិនទាន់​ជា​លទ្ធផល​គាប់ចិត្ត​សម្រាប់​លោក Lee Tea Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែរ ។ មិនទាន់​គាប់ចិត្ត​ដោយសារតែ​កីឡាករ​កម្ពុជា​ភាគច្រើន ធ្វេសប្រហែស​ក្នុងការ​គ្រប់គ្រង​បាល់ និង​មិនទាន់​អាច​ផ្លាស់ប្ដូរ​ល្បឿន​វាយ​សម្រុក និង​ការពារ​នៅពេល​ប្រកួត​។ សម្រាប់​លោក Lee Tea Hoon បាន​មើលឃើញថា ចំណុច​ខ្វះខាត​របស់​កីឡាករ​កម្ពុជា​ទាំងនេះ គឺជា​បញ្ហា​ដែល​ពួកគេ​ត្រូវ​យកចិត្តទុកដាក់ និង​ពង្រឹង​ស្ទីល​លេង ដើម្បី​ទប់ទល់​ជាមួយ ក្រុម​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត នៅក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup ខាងមុខនេះ ព្រោះ​ក្រុម​ទាំងបី​នេះ​សុទ្ធតែ​ដឹង​ពី​ចំណុចខ្សោយ​របស់​កម្ពុជា​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត ក្រោយ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ស្រីលង្កា គ្រូបង្វឹក​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ការបន្ថែម​ល្បឿន និង​គុណភាព​ក្នុងការ​គ្រប់គ្រង​បាល់ ព្រោះ​កីឡាករ​របស់​យើង​ភាគច្រើន គឺ​ការផ្លាស់ប្ដូរ​ល្បឿន​នៅពេល​គ្រប់គ្រង​ខាងក្រៅ ភាគច្រើន​មិនទាន់​បានល្អ ដោយ​ភាគច្រើន​គ្រប់គ្រង​ចូលទៅ​ដល់​ជើង​របស់​គូប្រកួត​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​បាល់​ច្រើន​។ សម្រាប់​រឿងនេះ​ខ្ញុំ​គិតថា ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ ដឹង​ពី​ចំណុចខ្សោយ ដឹង​ពី​របៀប​លេង​របស់​យើង​។ ពួកគេ​នឹង​យក​ចំណុចខ្សោយ​យើង ដើម្បី​រារាំង​ជា​ឧបសគ្គ​សម្រាប់​ពួកយើង ហើយ​ពួកគេ​នឹង​វាយ​សម្រុក​ចំណុចខ្សោយ​យើង​។ ដូច្នេះ​ពួកយើង​ត្រូវតែ​បង្កើន​គុណភាព​នូវ​ការផ្លាស់ប្ដូរ​ល្បឿន​ឲ្យ​បាន​លឿន​ជាមុន និង​ការគ្រប់គ្រង​បាល់​ឲ្យ​មានគុណ​ភាព​ជាង​មុន​»​។​
 
​ទោះជា​កីឡាករ​មាន​ចំណុច​ខ្វះខាត​ក្តី តែ​លោក Lee ក៏​មើលឃើញថា ពួកគេ​បាន​សហការគ្នា ដោយ​បង្កើន​ទម្រង់​លេង​កាន់តែ​រីកចម្រើន​ជា​លំដាប់​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។​
​នៅ​ថ្ងៃទី​១៥ ខែតុលា ខាងមុខ កម្ពុជា​នឹង​ស្វាគមន៍​ឡាវ សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFF Suzuki Cup មុន​ប៉ះ​ជា​បន្តបន្ទាប់​ជាមួយ​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ឈានទៅ​កាន់​វគ្គ​បន្ត​៕
 
 

Tag:
 កម្ពុជា​
 ​ ឡាវ​
  ​ព្រុយ​ណេ​
 ​ ទី​ម័​រ​ខាងកើត​
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com