ពីនេះ ពីនោះ
«សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»៖ បង្កប់អត្ថន័យល្អ ប៉ុន្តែមនុស្សស្ទើគ្រប់គ្នាធ្វើមិនបាន
× ភ្នំពេញ៖ ការសាមគ្គី គឺជាពាក្យពេចន៍ដ៏មានតម្លៃមួយសម្រាប់បង្ហាញពីកម្លាំង នៃការរួមចិត្តរួមគំនិត រួមសកម្មភាព ក្នុងបេសកម្មអ្វីមួយឲ្យទទួលបានជោគជ័យក្នុងបេសកកម្ម។ ដោយឡែក ចាស់បុរាណលោកក៏បានលើកឡើងជាសុភាសិតមួយឃ្លាថា«សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ដើម្បីជាមេរៀនគិតមួយសម្រាប់កូនខ្មែរជំនាន់ក្រោយ។ រហូតពាក្យនេះធ្វើឲ្យមនុស្សជំនាន់ក្រោយភាគច្រើនលើកយកមកនិយាយ និងបកស្រាយយ៉ាងទូលំទូលាយ ប៉ុន្តែរឿងដែលសំខាន់គឺភាគច្រើនបានត្រឹមតែនិយាយ និងជាទ្រឹស្ដី ហើយអនុវត្តន៍មិនបាន។
បច្ចុប្បន្ននេះ មនុស្សស្ទើគ្រប់គ្នាតែងតែលើកយកពាក្យមួយឃ្លា«សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» មកពន្យល់ និងណែនាំអ្នកដទៃឲ្យរួបរួមគ្នា បណ្ដុះស្មារតីស្រឡាញ់ជាតិ ស៊ូស្លាប់ដើម្បីជាតិ រស់ដើម្បីជាតិ ហើយរួមគ្នាធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីឲ្យជាតិរស់ជាដើម។ ពិតណាស់ ក្នុងអត្ថន័យនៃសុភាសិតនេះ ចាស់បុរាណលោកបានបង្ហាញយ៉ាងច្បាស់ថា មិនថានៅក្នុងចំណងមិត្តភាពក្ដី ជីវិតគ្រួសារក្ដី ការធ្វើការជាសហជីពក្ដី ជាក្រុមហ៊ុនក្ដី ស្ថាប័នសង្គមក្ដី ជាពលរដ្ឋនៅក្នុងសង្គមជាតិមួយទាំងមូលក្ដី ឲ្យតែបុគ្គលម្នាក់ៗនៅតាមស្ថាប័នទាំងនោះមានស្មារតីចុះសម្រុងគ្នា សហការគ្នា និងរួមសាមគ្គីគ្នា ច្បាស់ណាស់គ្រប់ចំណងមិត្តភាព ស្ថាប័ន និងសង្គមនោះនឹងមានភាពរឹងមាំ និងរីកចម្រើន។
ប៉ុន្តែ ប្រសិនបើបុគ្គលទាំងនោះមិនអាចមាននូវស្មារតី សាមគ្គីបានទេ ទោះបីបុគ្គលនីមួយៗ ព្យាយាមប្រឹងប្រែងតែម្នាក់ឯងយ៉ាងណា ក៏មិនបានសមិទ្ធផលធំធេងនោះដែរ។ ហេតុផលនេះហើយ ទើបបានជាចាស់បុរាណលោកលើកឡើងពំនោលពាក្យពិចារណាទាំងនេះមកទុកឲ្យកូនខ្មែរជំនាន់ក្រោយពិចារណា។
តថភាពសង្គមមួយចំនួន បង្ហាញឲ្យឃើញថាសុភាសិត«សាមគ្គីរស់ បែកបាក់ សាមគ្គីស្លាប់» គឺជាសុភាសិតមួយដែលបង្ហាញឲ្យឃើញពីផ្នត់គំនិតដ៏ល្អរបស់ចាស់បុរាណ ដើម្បី អប់រំកូនចៅជំនាន់ក្រោយ ឲ្យចេះកាន់ដៃគ្នា មូលមតិគ្នា កសាងសុខសន្តិភាពឲ្យគ្នា បណ្ដុះឆន្ទៈសហការគ្នា កសាងស្ថាប័ន កសាងសង្គម។ ក៏ប៉ុន្តែ មួយផ្នែកធំនៃសុភាសិតនេះ ត្រូវបរាជ័យ ព្រោះតែការអនុវត្តមិនបាន ពីសំណាក់ប្រជាពលរដ្ឋ។
ការពិតណាស់ ទស្សនៈល្អ គំនិតល្អ មេរៀនល្អ សុភាសិតល្អ ហើយមានអ្នកសូត្រច្រើន និយាយច្រើន បកស្រាយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងករណីដែលអ្នកនិយាយគ្មានការប្រតិបត្តិជាក់ស្ដែង។ ជាក់ស្ដែង មានបុគ្គលមួយចំនួន គ្រាន់តែការធ្វើការងារជាក្រុម ក៏មិនមានការចុះសម្រុងគ្នា កើតចិត្តច្រណែន និងចង់ឈ្នះគ្នាទៅហើយ តើអាចទៅនិយាយថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»បានដោយ របៀបណា? ចំណែក ជីវិតជាប្ដីប្រពន្ធមួយចំនួន មិនអាចសាមគ្គីគ្នាផង មិនអាចមានភាពស្មោះត្រង់និងគ្នាផង ប៉ុន្តែបែជាអាចនិយាយថា ដើម្បីឲ្យជាតិរឹងមាំ ត្រូវតែរួមសាមគ្គីគ្នា កសាងជាតិ។ តើទៅសាមគ្គីជាតិបានយ៉ាងដូចម្ដេច បើសូម្បីជីវិតតែពីរនាក់ប្ដីប្រពន្ធមិនអាចត្រូវគ្នា?
ម្យ៉ងវិញទៀត បើនិយាយពីនិស្សិតបញ្ញវន្ត មួយចំនួន ក៏រឹតតែសម្បូរអ្នកលើកឡើង ជាគំនិត ជាទ្រឹស្ដី ជាការយល់ឃើញជុំវិញគោលគំនិត «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» នេះ។ ប៉ុន្តែក្រឡេកទៅមើលទំនាក់ទំនងក្នុងថ្នាក់វិញ មានការបែងចែកជាបក្ស ជាពួក រើសអើងគ្នា អ្នកមានអ្នកក្រ អ្នកស្រែអ្នកក្រុងទៅវិញ។ រូបភាពនេះ តើមានទេ ពាក្យថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» នៅក្នុងចិត្ត និងការគិតរបស់គេទេ? ឬមួយគ្រប់យ៉ាងគ្រាន់តែជាទ្រឹស្ដីតែប៉ុណ្ណោះ?
បើមើលទៅលើរូបភាពសង្គមទាំងមូលវិញ រឹតតែមិនអាចនិយាយបានថាសុភាសិតនេះទទួលបានជោគជ័យនៅក្នុងការប្រតិបត្តិ ជាក់ស្ដែងឡើយ។ សង្គមបែងចែកបក្សពួក បែងចែកកម្រិតតម្លៃមនុស្ស និងការសម្លឹងឃើញប្រយោជន៍បុគ្គលជាជាងប្រយោជន៍រួម ប្រយោជន៍ឯកជន ជាជាងប្រយោជន៍ជាតិ។ ប៉ុន្តែមនុស្សនៅក្នុងសង្គមនេះ បែរជាសម្បូរអ្នកដែលនិយមលើកយកពាក្យថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» មកអះអាងពីឆន្ទៈខាងក្រៅរបស់ខ្លួនទៅវិញ។
ជារួមមក សុភាសិតខ្មែរមួយនេះ មិនមែនមានន័យថា ចាស់បុរាណលោកបានទទួលជោគជ័យនៅក្នុងការអនុវត្តនោះទេ គឺឆ្លងកាត់ការវិវត្តនៃសង្គម ក៏មិនបានទាំងស្រុងដូចគ្នា។ ប៉ុន្តែអ្វីដែលសំខាន់ ទស្សនៈខ្លីមួយនេះត្រូវបានគេស្គាល់រាប់សិបឆ្នាំមកហើយ អ្នកចេះ អ្នកដឹងក៏ច្រើន ប៉ុន្តែនៅតែមិនអាចអនុវត្តបាន។ ដើម្បីជាការបញ្ជាក់ពីជំហរពិតរបស់ខ្លួន ក្នុងការសូត្រនូវសុភាសិតនេះបុគ្គលគ្រប់រូបត្រូវដឹងថា មនុស្សដែលមានតម្លៃ គឺប្រកាន់ជំហរ និងរក្សាពាក្យសម្តីណាស់ បើហ៊ាននិយាយហើយ គឺគេហ៊ានធ្វើ ហ៊ានទទួលខុសត្រូវចំពោះពាក្យពេចន៍របស់ខ្លួន។ ជាក់ស្ដែង នៅពេលដែលបុគ្គលដែលហ៊ាននិយាយថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» គួរណាស់តែនិយាយហើយត្រូវព្យាយាមអនុវត្តឲ្យបាន ដើម្បីបង្ហាញពីតម្លៃពិតរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com