ពីនេះ ពីនោះ
ពាក្យ«ឧបស័គ្គ» សរសេរបែបនេះ គឺមិនត្រឹមត្រូវនោះទេ
× ភ្នំពេញ៖ ពាក្យថា «ឧបស័គ្គ» ត្រូវបានសាធារណជនជាច្រើនសរសេរស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែមិនបានដឹងថា ការសរសេរ ពាក្យ«ឧបស័គ្គ» ដោយមានសញ្ញា«័» នេះមិនត្រឹមត្រូវតាមវចនានុក្រមខ្មែរនោះទេ។ វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវគឺ «ឧបសគ្គ» គឺត្រូវសរសេរដោយគ្មានសញ្ញា «័»ឡើយ។
ពាក្យ «ឧបសគ្គ» មានថ្នាក់ពាក្យជានាម មានន័យថា ឧបទ្រព, ចង្រៃ, គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ។ ឧទាហរណ៍ ពីម្សិលមិញ ខ្ញុំមករួច ព្រោះមានឧបសគ្គ។ នៅក្នុងពាក្យកាព្យៈ ឧបសគ្គជាថ្នាក់នាំជំទាស់ រារាំងឲ្យងាស់ស្ទោកកិច្ចការ ទោះជនកំពុងកាន់ធម៌អាថ៌ អាចារ្យក៏ដោយដូចជាគ្នា។ ជា ព.វ ឈ្មោះសព្ទពួកមួយសម្រាប់ប្រើចំពោះតែជាបុព្វបទរៀងភ្ជាប់ពីខាងដើមនាមសព្ទ និងកិរិយាសព្ទតាមគូរដល់ការប្រកប, ដូចជា អតិ,អនុ, អភិ, ជាដើមៈ អតិកល្យាណ, អតិជាតបុត្ត, អនុគ្រោះ, អនុជ, អនុជាតបុត្ត, អភិរោធ, អភិរោធ, អភិវន្ទ, អភិវាទ។ល។ ឧបសគ្គការណ៍ឬការ មានន័យថា ហេតុជាគ្រឿងជំទាស់។ ឧបសគ្គនិបាត មានន័យថា និបាតសព្ទជាឧបសគ្គៈ។ ឧបសគ្គសព្ទ មានន័យថា សព្ទជាឧបសគ្គៈ។ល។ អាចសរសេរ ជាឧបសគ្គៈ ក៏បាន៕
ដកស្រង់ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com