ពីនេះ ពីនោះ
យុវជនចង់ធ្វើធំ ដោយមិនពង្រឹងសមត្ថភាព តើទៅរួចដែរទេ?
× ភ្នំពេញ៖ សមត្ថភាពខួរក្បាលរបស់មនុស្សម្នាក់ៗមិនលើសខ្វះគ្នា នោះទេ ប៉ុន្តែទម្រាំបានក្លាយជាបុគ្គលដែលមានសមត្ថភាពខួរក្បាលខ្ពស់ គឺអាស្រ័យទៅលើលទ្ធភាព ការខិតខំប្រឹង ដុសខាត់វិចារណញ្ញាណ និងការប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹង និងពង្រីកជាប្រចាំទៅលើសមត្ថភាពដែលខ្លួនមាន។ នៅពេលដែលក្លាយជាអ្នកមានសមត្ថភាពហើយ ទោះប្រាថ្នាចង់ធ្វើកិច្ចការ ឬមុខដំណែងសំខាន់ប៉ុណ្ណា ក៏បុគ្គលទាំងនោះអាចធ្វើបាន។
យុវជនមួយចំនួនបច្ចុប្បន្ន មិនសូវចេះ តែចង់ធ្វើធំ សួរថាតើអាចទៅដឹកនាំអ្នកផ្សេងបានដោយរបៀបណា? ចំណែកសុភាសិតខ្មែរលោកក៏បានលើឡើងថា «បើខ្លួនល្ងង់កុំធ្វើចេះ បើខ្លួនគ្មានចំណេះកុំចង់ធ្វើធំ» នោះគឺមិនមែនជារឿងគ្មានមូលដ្ឋានគិតនោះដែរ។ ចាស់បុរាណលោកមានការគិតពិចារណា និងឲ្យតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អ្នកដឹកនាំ។ ហើយក៏មិនមែនការយក ចំណេះ មកប្រើដើម្បីប្រកួតប្រជែងយកឋានៈ បុណ្យស័ក្តិ ឬលាភសក្ការនោះដែរ។
តួនាទី មុខតំណែង ជាប្រធានគេ ជាអ្នកគ្រប់គ្រងគេ ជាអ្នកដឹកនាំគេ ឬជាថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ មិនមែនចេះតែយកក្រុមមនុស្សដែលមានសមត្ថភាពខួរក្បាលសាមញ្ញមកធ្វើនោះទេ ព្រោះជារឿងដែលខុសឆ្គងបំផុតចំពោះពាក្យថា ដឹកនាំ និងគ្រប់គ្រង។ ទោះបីជាយកមនុស្សធម្មតា អាចកាន់ការងារបានដូចគ្នា ប៉ុន្តែប្រសិទ្ធភាពការងារមិនអាចសមភាពសមិទ្ធផល ដូចគ្នាជាមួយអ្នកដែលមានសមត្ថភាពខ្ពស់នោះទេ។
កត្តានេះ យុវជនត្រូវដឹងថា តំណែង តួនាទី កាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ សមត្ថភាពក៏ពង្រីកឲ្យកាន់តែខ្លាំង និងទូលាយទើបអាចធ្វើឲ្យការងារមានប្រសិទ្ធភាព។
ប្រសិនបើចង់ក្លាយជាអ្នកធំ មានតំណែងតួនាទីជាអ្នកគ្រប់គ្រង និងដឹកនាំគេ យុវជនត្រូវតែព្យាយាមពង្រឹងសមត្ថភាពខ្លួនឯង ជាពិសេសគឺចំណេះដឹងនេះតែម្ដង។ ត្រូវរៀបចំខ្លួនឯង ឲ្យក្លាយជាមនុស្សមានភាពច្បាស់លាស់ ក្នុងការកំណត់គោលដៅ យុទ្ធសាស្ត្រ សកម្មភាពជាក់ស្តែង និងរិះរកគ្រប់មធ្យោបាយ សម្រាប់យកទៅអនុវត្តគម្រោង ផែនការ សកម្មភាពឲ្យមានប្រសិទ្ធភាព និងបានជោគជ័យ នោះទើបអាចជាផ្នែកមួយនៃកិច្ចការរបស់អ្នកធំ អ្នកដឹកនាំ អ្នកគ្រប់គ្រង។
បន្ថែមពីនេះ ព្យាយាមហ្វឹកហាត់ការងារ រៀនពីរបៀបដឹកនាំមនុស្ស របៀបបែងចែកការងារ ស្គាល់ប្រភពបញ្ហា អាចដោះស្រាយបញ្ហា។ បើនិយាយពីការងារជាតិ ត្រូវដឹងពីរបៀបធ្វើកិច្ចការថ្នាក់មូលដ្ឋាន ការងាររដ្ឋបាល ស្គាល់ច្បាប់ ចេះចាំជំនាញ់ច្បាស់លាស់។
ដោយឡែក សីលធម៌ គុណធម៌ ការគោរព មនសិការ ស្មារតីសាម គ្គីភាពការផ្តល់តម្លៃគ្នាទៅវិញទៅមក និងគម្រូភាពក្នុងការសហការគ្នាធ្វើការងារ ក៏ជាកិច្ចការដែលយុវជនត្រូវរៀបចំ និងសិក្សាពីខ្លួនឯងជាមុនផងដែរ ដើម្បីក្លាយជាអ្នកធំ ឬអ្នកដឹកនាំល្អមួយរូប។
ដូច្នេះ កុំព្យាយាមអង្គុយស្រមៃថាខ្លួនបានធ្វើធំ ខ្លួនក្លាយជាអ្នកមាន ទាំងមិនបានគិតគូរពង្រឹងសមត្ថភាពខ្លួនឯង និងរៀបចំខ្លួនឲ្យក្លាយជាជំពូកមនុស្ស ដែលអាចដឹកនាំគេ។ កុំព្យាយាមធ្វើជាជំពូកមនុស្សគ្រាន់តែនិយាយ ហើយខ្វះការប្រតិបត្ត ព្រោះអ្នកដឹកនាំ មិនមែនជាជំពូកមនុស្សដែលគ្រាន់តែទៅកាន់តំណែង ហើយបញ្ជានោះទេ ប៉ុន្តែជាក្រុមមនុស្សដែលត្រូវទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះបញ្ហា។
© រក្សាសិទ្ធិដោយ thmeythmey.com