អន្តរជាតិ
សង្គ្រាម​ស៊ី​រី​៖ តើ​លោកខាងលិច​អាច​ប្រើ​តុលាការ​ព្រហ្មទណ្ឌ ICC កាត់ទោស​រុស្ស៊ី បានទេ​?
12, Oct 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សង្គ្រាមស៊ីវិល​ស៊ី​រី បន្ត​អូសបន្លាយ អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ តែ​គេ​មិនទាន់​អាច​អាច​រកឃើញ​ដំណោះស្រាយ​នយោបាយ និង​ពន្លឺ​សន្តិភាព​សម្រាប់​ប្រទេស​នេះ​នៅឡើយ​ទេ​។ កងកម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​នៅតែ​បន្ត​វាយ​ប្រយុទ្ធ​គ្នា​ឥត​ឈប់ ប្រជាជន​បន្ត​ស្លាប់បាត់​បង់ជីវិត និង​រត់​ភៀសខ្លួន ។ ចំណែកឯ​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាសាដ នៅតែ​បន្ត​កាន់តំណែង ដោយ​ទទួលបាន​ការគាំទ្រ​និង​ការពារ​ពី​រុស្ស៊ី​ទៀត​។ បារាំង និង អាមេរិក​បានស្នើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម  ដោយ​ចោទ​ភាគី​រុស្ស៊ី និង ស៊ី​រី ថា​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​។ ប៉ុន្តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មាន​យុត្តាធិការ​ក្នុង​សំណុំ​រឿងនេះ​ទេ​។​



​សង្គ្រាមស៊ីវិល​ស៊ី​រី​បានអូសបន្លាយ​អស់​ពេល​ជាង ៥​ឆ្នាំ​មកហើយ​គិត​ដល់ពេល​បច្ចុប្បន្ននេះ​។​ប៉ុន្តែ​គេ​មិនទាន់​រកឃើញ​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នេះឡើយ ទោះ​មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់បាត់​បង់ជីវិត​ក៏ដោយចុះ​។  សង្គ្រាម​នេះ​កាន់តែ​ស្មុគស្មាញ​ពិបាក​បញ្ចប់ ហើយ​វា​ក៏​ក្លាយជា​សង្គ្រាម​រវាង​មហាអំណាច​រុស្ស៊ី​និង​អាមេរិក​ទៀត​។​

​យ៉ាងណា​ក៏ដោយចុះ លោកខាងលិច​បាន​ចោទប្រកាន់ថា រុស្ស៊ី​និង​របប​ដឹកនាំ​ស៊ី​រី កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​និង​ប្រឆាំង​មនុស្សជាតិ​ផងដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ច​ន ឃែ​រី បាន​អះអាង សកម្មភាព​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​និង​ស៊ី​រី​ប្រឆាំង​ជន​ស៊ីវិល ល្មម​អាច​បើក​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​សង្គ្រាម​បាន​ហើយ​។ ហើយ​បារាំង​នៅ​ដើម​សប្តាហ៍​នេះ​បាន​ព្រមាន​នាំ​សំណុំ​រឿងនេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទីក្រុង​ឡាអេ (ICC) ថែមទៀត​ដើម្បី​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ប្រឆាំង​រុស្ស៊ី​និង​ស៊ី​រី​។​

​តាមពិតទៅ វា​ជា​រឿង​មួយ​ដែល​គេ​គួរ​យល់​នៅពេលដែល​គេ​លើកឡើង​ពីបទ​ឧក្រិដ្ឋ​សង្គ្រាម និង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​ប្រទេស​ស៊ី​រី​។ នោះ​គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មាន​យុត្តាធិការ​ដើម្បី​ស៊ើបអង្កេត និង​នាំយក​មេដឹកនាំ​ទាំង​នោះមក​កាត់ទោស​ឡើយ បើ​និយាយ​តាម​នីតិវិធីតុលាការ​។

​តាមពិតទៅ​ស៊ី​រី មិនមែនជា​សមាជិក​នៃ​លក្ខន្តិក​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះឡើយ ព្រោះ​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា តែ​មិនមាន​ការផ្តល់​សច្ចាប័ន​ដោយ​សភា​នៃ​ប្រទេស​នេះឡើយ​ចាប់តាំងពី​កើតមាន​នូវ​លក្ខន្តិកៈ និង​មានការ​បង្កើត​តុលាការ​នេះ​ឡើង​។ នេះ​មានន័យថា ប្រសិនបើ​គ្មាន​ការទទួលយក លក្ខន្តិកៈ​នេះ​ទេ តុលាការ​គ្មាន​យុត្តាធិការ​ណាមួយ​ដើម្បី​លូកដៃ និង​នាំខ្លួន​មេដឹកនាំ​នៃ​ប្រទេស​ស៊ី​រី​យកមក​កាត់ទោស​តាមច្បាប់​ឡើយ បើទោះជា​មាន​ពាក្យបណ្តឹង និង​មាន​ភស្តុតាង​គ្រាប់​គ្រាន់​ក៏ដោយ​។ ដូច្នេះហើយ ទើប​បញ្ហា​នៅក្នុង​ប្រទេស​ស៊ី​រី​នៅតែ​ជា​កង្វល់​ធំ​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ ហើយ​មេដឹកនាំ​ទាំងនោះ​នៅតែ​បន្ត​ប្រព្រឹត្ត​នូវ​សកម្មភាព​ដែល​រំលោភ​ទៅលើ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​។

​ក្នុងករណី​ដែល​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ​គ្មាន​យុត្តាធិការ​ដើម្បី​នាំយក​មេដឹកនាំ​ទាំងនោះ​យកមក​កាត់ទោស ដោយសារ​ប្រទេស​នោះ​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ស្តី គេ​អាច​ស្នើសុំ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ត្រូវ​ចេញ​ដំណោះស្រាយ​ដើម្បី​ផ្តល់នូវ​យុ​ត្តិ​ធិ​ការ​មួយ​ដល់​តុលាការ​នេះ ដើម្បី​ធ្វើ​ប្រតិបត្តិការ នាំយក​ឧក្រិដ្ឋជន​ទាំង​នោះមក​កាត់ទោស​តាមច្បាប់​។

 នីតិ​វិធិ​ដែល​បញ្ជូន​សំនុំរឿង និង​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ត្រូវបាន​គេ​ធ្វើឡើង​តែ​ពីរដង​ប៉ុណ្ណោះ​តាំងពី​ពេលដែល​តុលាការ​នេះ​បង្កើត​មក ទីមួយ​នៅក្នុង​វិបត្តិ​នៅ Darfur ប្រទេស​ស៊ូដង់​កាលពី​ឆ្នាំ ២០០៥ ហើយ​លើក​ទី​២ នៅក្នុង​ជម្លោះ​នៅ​ប្រទេស​លី​ប៊ី នៅក្នុង​ឆ្នាំ ២០១១​។​

 តែ​យ៉ាងណាក៏ដោយ​ក្រុមប្រឹក្សាសន្តិសុខ បរាជ័យ​ក្នុង​ការចេញ​ដំណោះស្រាយ​ដើម្បី​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ព្រហ្មទណ្ឌ​នេះ​នៅ​កាលនោះ​។​មកដល់​ដំណាក់កាល​នេះ បញ្ហា​វា​មិនមែន​ស្ថិតនៅលើ​តុលាការ​ទេ តែ​វា​ជា​បញ្ហា​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​វិញ​ម្តង​។​យើង​បានដឹង​ច្បាស់​ហើយ​ថា នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​មាន​សមាជិក​អចិន្ត្រៃយ៍​ប្រាំ​ប្រទេស ហើយ​ប្រសិនបើ​មាន​សមាជិក​ណាមួយ​ក្នុងចំណោម​ប្រាំ​ប្រើប្រាស់​សិទ្ធិ​ប្រឆាំង ឬ​សិទ្ធិ​វេតូ​នោះ ក្រុមប្រឹក្សា​នេះ​មិនអាច​ចេញ​ដំណោះស្រាយ​រូ​ចឡើយ​។  ត្រលប់មក​ផ្តោតលើ​រឿង​ស៊ី​រី​វិញ ក៏​ដូចគ្នា​ដែរ បើទោះជា​ក្រុមប្រឹក្សា​មាន​សិទ្ធិ​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ដើម្បី​ធ្វើ​បេសកម្ម នាំខ្លួន​ឧក្រិដ្ឋជន​ទាំង​នោះមក​កាត់ទោស​ក៏ពិតមែន តែ​គេ​ដឹង​ច្បាស់​ហើយ​ថា ក្រុមប្រឹក្សា​នេះ​មិនអាច​ចេញ​ដំណោះស្រាយ​បាន​នោះឡើយ​។

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវបាន​បង្កើត​ឡើយ ដោយ​អនុលោម​តាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បានអនុម័ត​នៅ​ឆ្នាំ ១៩៩៨ និង​ចូល​ជាធរ​មាននៅ​ថ្ងៃ ០១ កក្កដា​    ​ឆ្នាំ ២០០២​។ មកទល់ពេលនេះ​តុលាការ​នេះ​មាន​សមាជិក​ប្រមាណ ១២២​ប្រទេស​ហើយ ក្នុងនោះ​មាន​កម្ពុជា​យើង​ដែរ​។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​មួយ​ដែលមាន​យុត្តាធិការ ក្នុងការ​កាត់ទោស បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធំៗ​ចំនួន​បួន​ប្រភេទ​ដែល​រួមមាន​ដូចជា​៖ ១.​បទ​ប្រល័យពូជសាសន៍ ២.​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ៣ ឧក្រិដ្ឋកម្ម​សង្គ្រាម​៤. និង​បទឧក្រិដ្ឋ​ឈ្លានពាន ៕


© រក្សាសិទ្ធិដោយ thmeythmey.com