អន្តរជាតិ
ពូ​ទីន​លុប​ទស្សនកិច្ច​ទៅ​បារាំង​៖ បារាំង​ធ្លាក់​ក្នុងស្ថានភាព​«​សាច់​មិនបាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក​»?
12, Oct 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចិត្ត​លុបចោល​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង បន្ទាប់ពី​ក្រុងប៉ារីស​ផ្លាស់ប្តូរ​របៀបវារៈ​នៃ​ទស្សនកិច្ច​របស់លោក​។ រដ្ឋាភិបាល​បារាំង​លុបចោល​កម្មវិធី​បើកសម្ពោធ​ម​ជ្ឈ​ម​ណ្ឌ​វប្បធម៌​និង​សាសនា​រុស្ស៊ី​នៅ​បារាំង ហើយ​រក្សាទុក​តែ​កម្មវិធី​ពិភាក្សា​ទ្វេភាគី​រវាង​លោក ពូ​ទីន និង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ លើ​បញ្ហា​ស៊ី​រី​ប៉ុណ្ណោះ​។  រុស្ស៊ី​ក៏​ទំនង​ជាង​ខឹងសម្បារ​នឹង​បារាំង​ដែល​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ប្រឆាំង​ដំណោះស្រាយ​ដែល​ខ្លួន​ស្នើឡើង​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ហើយ​បារាំង​ក៏​មាត់ដាច​ព្រមាន​ស្នើ​ឲ្យ​មានការ​អង្កេត​មួយ​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​រុស្ស៊ី​និង​ស៊ី​រី​ប្រព្រឹត្ត នៅក្នុង​ប្រទេស​ស៊ី​រី​ដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ទំនាក់ទំនង បារាំង​និង​រុស្ស៊ី​កំពុង​រកាំរកូស​ខ្លាំង ក្រោយពេល​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​សម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​នៅ​សប្តាហ៍​ក្រោយ​។ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dimitry Peskov បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន ពន្យារពេល​ពិតមែន តែ​លោក​បដិសេធ​មិន​បកស្រាយ​ច្រើន​ឡើយ​ជុំវិញ​ការលុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​។ លោក​បាន​អះអាងថា សំណួរ​ពាក់ព័ន្ធ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពេលវេលា​ទស្សនកិច្ច​នេះ​គួរតែ​ត្រូវគេ​ចោទសួរ​ទៅកាន់​ភាគី​បារាំង ទើបត្រូវ​។

​បើតាម​អ្នកនាំពាក្យ​ខាងលើ​ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន RT ដើមឡើយ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​បារាំង​នៅ​សប្តាហ៍​ក្រោយ ដោយ​លោក​ត្រូវ​ចូលរួម​កម្មវិធី​សម្ពោធ​ម​ជ្ឈ​ម​ណ្ឌ​វប្បធម៌​និង​សាសនា​រុស្ស៊ី​នៅ​បារាំង ក៏ដូចជា​កម្មវិធី​ពិ​ព័រ​ណ៌​ផ្សេងទៀត​ផងដែរ​។ ប៉ុន្តែ រដ្ឋាភិបាល​ក្រុងប៉ារីស​បានសម្រេច​លុប​ចោល​របៀបវារៈ​ទាំងនេះ​ដោយ​រក្សាទុក​តែ​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​ផ្តោតលើ​តែ​បញ្ហា​ស៊ី​រី​ប៉ុណ្ណោះ​។​

​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ថ្លែងប្រាប់​មេដឹកនាំ​អឺរ៉ុប​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​ផងដែរ​ថា លោក​នឹង​ជួប​សន្ទនា​ជាមួយ​លោក ពូ​ទីន នៅ​គ្រប់ពេលវេលា ឲ្យ​តែ​កិច្ចពិភាក្សា​ផ្តោតលើ​ការកសាង​សន្តិភាព​និង​បញ្ចប់​បញ្ហា​នៅ​ស៊ី​រី​។ បារាំង​បច្ចុប្បន្នកំពុង​ព្យាយាម​ដើរតួនាទី​ជា​អ្នក​បញ្ចប់​ជម្លោះ​និង​កសាង​សន្តិភាព​នៅ​ស៊ី​រី បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​។ ប៉ុន្តែ​ការ​លូកដៃ​របស់​បារាំង​ចូលក្នុង​បញ្ហា​ជម្លោះ​ស៊ី​រី ត្រឹមតែ​ធ្វើ​ឲ្យ​ភាព​តានតឹង​ខ្លាំង​ជាមុន​រវាង​លោកខាងលិច និង​រុស្ស៊ី​ប៉ុណ្ណោះ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា សង្គ្រាម​ស៊ី​រី​ជា​សង្គ្រាម​រវាង​លោកខាងលិច និង​រុស្ស៊ី ប៉ុណ្ណោះ​។​



១.​រុស្ស៊ី​ខឹងសម្បារ​នឹង​ឥរិយាបទ​បារាំង​ក្នុង​បញ្ហា​ស៊ី​រី​
​ថ្វីបើ​គ្មាន​ការបកស្រាយ​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការលុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​ក្តី  គេ​ដឹង​ច្បាស់​ថា រុស្ស៊ី​ខឹងសម្បារ​នឹង​ឥរិយាបទ​របស់​ក្រុងប៉ារីស​កន្លងមក​ពាក់​ព័ន្ធ​ការដោះស្រាយ​បញ្ហា​ស៊ី​រី​។ កាលពី​សប្តាហ៍​មុន បារាំង​បានចេញ​មុខ​ព្រាង​ដំណោះស្រាយ​ស្តីពី​បញ្ហា​ស៊ី​រី​។ យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន AFP ដំណោះស្រាយ​នេះ​ទាមទារ​ឲ្យ​រុស្ស៊ី​និង​ស៊ី​រី​បញ្ឈប់​ការវាយប្រហារ​តាមផ្លូវ​អាកាស និង​ទាមទារ​ឲ្យ​មាន​ការដាក់ទោសទណ្ឌ​លើ​អ្នកណា​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​និង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដែរ​។ ក្រៅពីនេះ​ដំណោះស្រាយ​នេះ​ស្នើ​ឲ្យ​មានការ​គោរព​បទ​ឈប់​បាញ់​ឡើងវិញ និង​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ជាដើម​។ ប៉ុន្តែ​រុស្ស៊ី​ប្រើ​សិទ្ធិ​ជំទាស់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទាត់ចោល​ដំណោះស្រាយ​នេះ​កាលពី​ចុង​សប្តាហ៍​មុន​ក្នុង​ការជជែក​ដេញដោល​គ្នា​។

​ពេល​បោះឆ្នោត​ជំទាស់ រុស្ស៊ី​បាន​អះអាងថា ដំណោះស្រាយ​របស់​បារាំង​ដាក់​គំនៀប​លើ​រុស្ស៊ី និង​ស៊ី​រី តែ​បើកផ្លូវ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​រួមទាំង​ក្រុម​ភេរវជន​ដូចជា​ក្រុម Al Nusra ផងដែរ​។ តាំងពីដើម​មក​រុស្ស៊ី​ខឹង​អាមេរិក​ដែល​រារែក​មិន​ព្រម​ចាត់វិធានការ​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ស៊ី​រី​ឡើយ​។ គោលដៅ​របស់​ក្រុង​វ៉ាស៊ីនតោន​និង​លោកខាងលិច​គឺ​ទម្លាក់​លោក អាសាដ ពី​តំណែង​ប៉ុណ្ណោះ​។ 

​យ៉ាងណា​ក៏ដោយចុះ គេ​នៅ​ឆ្ងល់​ថា ហេតុអ្វី​បារាំង​ត្រូវ​ចេញមុខ​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ស៊ី​រី​ដើម្បី​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅពេលនេះ​?  ព្រោះ​ជាធម្មតា​បន្ទាប់ពី​អាមេរិក អង់គ្លេស​តែងតែ​ប្រកួត​ជាមួយ​បារាំង​ដើម្បី​ដណ្តើមយក​មុខមាត់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​។ ហើយ​អង់គ្លេស​តែង​រិះគន់​រុស្ស៊ី​មិន​សំចៃមាត់​។ ប៉ុន្តែ​លើក​នេះ​អង់គ្លេស​ហាក់បីដូចជា​នៅ​ស្ងៀម ហើយ​បារាំង​ចេញមុខ​វិញ​ម្តង​។ ប្រហែលជា​អង់គ្លេស​កំពុង​ជាប់ដៃ​ដោះស្រាយ​បញ្ហា​ក្នុងស្រុក និង​រៀបចំ​ចាក​ចេញពី​សហភាព​អឺរ៉ុប ហើយ​ទុក​ឲ្យ​បារាំង​ចេញមុខ​ម្តង​ព្រោះ​ស៊ី​រី​ធ្លាប់​«​ស្ថិតក្រោម​អាណានិគម​បារាំង​» ផង​។

​រឿង​មួយទៀត​ដែល​រុស្ស៊ី​ខឹងសម្បារ​បារាំង  គឺ ក្រៅពី​ស្នើ​ដំណោះស្រាយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ ក្រុងប៉ារីស​ក៏​ស្នើ​ឲ្យ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ស៊ើបអង្កេត​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​រុស្ស៊ី​និង​របប​ដឹកនាំ​ស៊ី​រី​ប្រព្រឹត្ត នៅក្នុង​ប្រទេស​ស៊ី​រី​ផងដែរ​។ មុន​បារាំង ស្នើ​នេះ លោក ច​ន ឃែ​រី ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ ដោយ​អះអាងថា ការទម្លាក់​គ្រាប់បែក​របស់ រុស្ស៊ី​និង​ស៊ី​រី វា​ល្មម​នឹង​អាច​ឲ្យ​គេ​បង្កើត​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​ភាគី​ទាំងពីរ​។

​២.បារាំង​៖ សាច់​មិនបាន​ស៊ី យក​ឆ្អឹង​ព្យួរ​ក​?
​ថ្វីបើ​ការសម្រេចចិត្ត​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នេះ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​បារាំង​ក៏ដោយ  មិនមែន​មានន័យថា អ្នកនយោបាយ​បារាំង​គាំទ្រ​និង​ចង់ឃើញ​ទំនាក់ទំនង​បារាំង​និង​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​បែបនេះ​ទេ​។ អ្នកនយោបាយ​បារាំង​មួយចំនួន​ចាប់ផ្តើម​ចេញមុខ​រិះគន់​រដ្ឋបាល​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក្រោយ​លោក ពូ​ទីន សម្រេចចិត្ត​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​។

​អតីត​ប្រធានាធិបតី និង​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ លោក នី​កូ​ឡា សា​កូ​ហ្ស៊ី បាន​ចេញមុខ​រិះគន់​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ផងដែរ​។ លោក​បាន​អះអាងថា លោក ហូ​ឡង់ កំពុង​នាំ​ទំនាក់ទំនង​រវាង​បារាំង​និង​សហភាព​អឺរ៉ុប​ទាំងមូល​ជាមួយ​រុស្ស៊ី​ឲ្យ​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់​។  លោក​ពន្យល់ថា ៖ «​ខ្ញុំ​មិន​យល់​ពី​នយោបាយ​របស់​រដ្ឋាភិបាល​បារាំង​ចំពោះ​រុស្ស៊ី​ទេ​។ ខ្ញុំ​មិន​ឯកភាព​ជាមួយ​លោកពូ​ទីន ដែរ ប៉ុន្តែ​ចាំ​ថា វា​ជា​ទំនួល​ខុសត្រូវ​របស់​បារាំង​និង​អឺរ៉ុប ហើយ​វា​ជា​ផលប្រយោជន៍​របស់​យើង​ក្នុងការ​ពិភាក្សា​និង​សន្ទនា​ជាមួយ​រុស្ស៊ី​»​។​

​ក្រៅពីនេះ​បេក្ខជន​ប្រធានាធិបតី​បារាំង​រូបនេះ បាន​លើកឡើងថា វា​ជា​កង្វះ​ការទទួលខុសត្រូវ​មួយ ព្រោះ​គេ​មិនអាច​ផ្លាស់ប្តូរ​ស្ថានភាព​ឲ្យ​ប្រសើរឡើង​ឡើយ បើសិនជា​គេ​បន្ត​ជជែក​គ្នា​តាម​ខ្យល់​និង​ចេញ​សេចក្តីថ្លែងការណ៍​រៀងខ្លួន​ដោយ​វាយប្រហារ​គ្នា​។​លោក​ចោទ​សួរថា តើ​គេ​កំពុង​ប្រឹងប្រែង​ទាញ​សង្គ្រាមត្រជាក់​ត្រឡប់មកវិញ​ឬ​?

​ក្រៅពី​នី​កូ​ឡា សា​កូ​ហ្ស៊ី អ្នកនយោបាយ​បារាំង​ផ្សេងទៀត​ក៏​ព្រួត​គ្នា​ទិតៀន​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​ផដែរ​។  ខ្លះ​បាន​ពន្យល់ថា ការសម្រេចចិត្ត​របស់​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខ្សោយ​របស់លោក​ក្នុងការ​អនុវត្ត​នយោបាយ​ការបរទេស ហើយក៏​កំពុង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​កើនឡើង​កាន់តែច្រើន​នៅ​មជ្ឈិមបូព៌ា​ដែរ​។​

​អនុប្រធាន​សភា​បារាំង​លោក Jean-Frederic Poisson ជឿជាក់ថា ប្រធានាធិបតី​ដែលជា​អ្នក​សង្គមនិយម លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ មិនទាន់​យល់ច្បាស់​ពី​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​នៅក្នុង​ប្រទេស​ស៊ី​រី​ឡើយ​។ ការជជែក​ពិភាក្សា​ជាមួយ​រុស្ស៊ី​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​បញ្ចៀស​បញ្ហា​និង​ដោះស្រាយ​វិបត្តិ​។ ហើយ​បើសិនជា​ការប្រឈមមុខ​ដាក់គ្នា​រវាង​ភាគី​ទាំងពីរ​កាន់តែខ្លាំង បញ្ហា​នៅក្នុង​តំបន់​នេះ​ក៏​កាន់តែ​អាក្រក់​និង​គ្រោះថ្នាក់​ដូចគ្នា​ដែរ​។

​ហើយ​ខ្លះទៀត​បាន​អះអាងថា ក្រុងប៉ារីស​មិនមាន​នយោបាយ​ការបរទេស​ឯករាជ្យ​ច្បាស់លាស់​ឡើយ​ពោលគឺ​ធ្វើតាម​ក្រុង​វ៉ាស៊ីនតោន​ព្រោះតែ​រង​សម្ពាធ​ខ្លាំង​។ មេដឹកនាំ​គណបក្ស​ឆ្វេងនិយម​និង​ជា​ប្រធាន​គណៈកម្មាធិការ​ការពា​រ​ជាតិ​នៅ​សភា​បារាំង លោក Djordje Kuzmanovic បាន​អធិប្បាយ​ថា ប្រធានាធិបតី​បារាំង​បច្ចុប្បន្ន​ខ្សោយ និង​មិនសូវ​យល់​ពី​បញ្ហា​នៅ​មជ្ឈិមបូព៌ា​ឡើយ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ក៏​ជឿជាក់ថា សេណា​រី​យ៉ូ​ដែល​ជំរុញ​ឲ្យ​លោក ពូ​ទីន បង្ខំចិត្ត​លុបចោល​ទស្សនកិច្ច​ទៅ​បារាំង​នេះ ជា​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ណែនាំ និង​បញ្ជា​ឲ្យ​បារាំង​ធ្វើតាម​តែប៉ុណ្ណោះ​។ អាមេរិក​ឯណោះ​ទេ ដែល​ចាំ​ទទួលយក​ផល ឯ​បារាំង​ត្រឹមតែ​រងគ្រោះ​និង​ខាតបង់​ព្រោះ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ល្អក់​ករក​ខ្លាំង​៕


© រក្សាសិទ្ធិដោយ thmeythmey.com