ជាតិ
អង្គការ​ភ្លែ​ន ចាប់ផ្ដើម​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​៥​ឆ្នាំ​
12, Oct 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានរៀបចំ​ពិធី​ដាក់​ឲ្យ​មានការ​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៦-២០២១ រយៈពេល​៥​ឆ្នាំ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី កាលពី​ថ្ងៃទី ១១ តុលា​កន្លងមកនេះ ក្រោម​អធិបតីភាព​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក Jan Jaap Kleinrensink  នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។​



​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​មានការ​ចាប់ផ្ដើម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៦-២០២១ លោក Jan Jaap Kleinrensink (​យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ក​)  នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​មានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​រយៈពេល ៥​ឆ្នាំ ដែល​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បានចាប់ផ្ដើម​អនុវត្ត​នៅថ្ងៃនេះ ជា​ផែនការ​ទី​បី​ហើយ​ចាប់តាំងពី​អង្គការ​នេះ បានចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០២​មក​។​

​លោក Jan Jaap Kleinrensink បាន​លើកឡើងថា​៖  «​ការរួម​ប​ញ្ជូ​ល​ក្មេងស្រី និង​ស្ត្រី​ដែល​មិន​បានទទួល​ការយកចិត្តទុកដាក់​» ដោយ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​ក្មេងស្រី និង​ស្ត្រី​ត្រឹម​ឆ្នាំ​២០៣០ គឺជា​ប្រធានបទ​តស៊ូ​មតិ​ជាស​កល​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១៦​។ ប្រធានបទ​នេះ​ស៊ីសង្វាក់​គ្នា​បំផុត​ទៅនឹង​គោលបំណង​របស់​អង្គការ ព្យាយាម​សម្រេចបាន​នូវ​ពិភពលោក​មួយ​ប្រកបដោយ​ភាពយុត្តិធម៌ ដែល​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​សម្រាប់​ក្មេងស្រី​។​



​ប្រធាន​អង្គការ​ខាងលើនេះ   បាន​បន្តទៀតថា អង្គការ​ភ្លែ​ន បាន​ជំរុញ​ឲ្យ​ប្រជាជន និង​ដៃគូ​របស់​អង្គការ​ភ្លែ​ន​ចូលរួម​ក្នុងការ​បង្កើន​សិទ្ធិអំណាច​របស់​កុមារ យុវជន និង​សហគមន៍​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ដែល​ដោះស្រាយ​ឬ​សគល់​នៃ​ការរើសអើង​ក្មេងស្រី ការ​ផាត់​ចេញ និង​ភាព​ងាយ​រងគ្រោះ​។ ការធ្វើការ​ជា​មូ​យ​កុមារ និង​សហគមន៍​គឺ​ដើម្បី​ត្រៀមខ្លួន និង​ឆ្លើយតប​នឹង​វិបត្តិ និង​ជម្នះ​ការលំបាក​នានា​។ ជួយ​កុមារ​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ ចាប់ពី​ពេល​កើត​រហូតដល់​ពេញវ័យ​។​

​លោកស្រី សុទ្ធ សា​កាន អ្នកឯកទេស​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា ការអភិវឌ្ឍន៍​សហគម​ន៍​ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​កុមារ គឺជា​យុទ្ធសាស្ត្រ​របស់​អង្គការ​ភ្លែ​ន​ក្នុងការ​អនុវត្ត​កម្មវិធី​ចំនួន​៥​។ កម្មវិធី​ទាំង​៥​ស្ដីពី ការធ្វើការ​ជា​មូ​យ​កុមារ និង​សហគមន៍ ការដោះស្រាយ​វិសមភាព​យ៉េន​ឌ័​រ និង​អ្នក​ដែល​គេ​មិនបាន​រាប់​ប​ញ្ជូ​ល​នៅក្នុង​សង្គម ការចូល​រូ​ម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ការធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​ការពង្រឹង​គណនេយ្យភាព​របស់​អង្គការ​ភ្លែ​ន​។​

​អ្នកឯកទេស​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​រូបនេះ បាន​បន្ថែមថា ការ​ប្រឈម​របស់​កុមារី នៅក្នុង​តំបន់​ដាច់ស្រយាល គឺ​ការ​រៀបការ​នៅ​វ័យក្មេង ដោយសារតែ​ស្ថានភាព​គ្រួសារ​ជួប​ការលំបាក ការ​កង្វះ​កម្លាំង​ពលកម្ម ការពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅ​សិក្សា​របស់​ក្មេងស្រី និង ការប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី​តាម​តំបន់ បាន​បង្ខំ​ឲ្យ​កុមារី​មាន​ស្វាមី​នៅ​វ័យក្មេង​។

​សូមបញ្ជាក់ថា ផែនការ​៥​ឆ្នាំនេះ ផ្ដោតទៅលើ​កម្មវិធី​ចំនួន​៥​រួមមាន កម្មវិធី​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​, កម្មវិធី​ទឹកស្អាត និង​អនាម័យ​, កម្មវិធី​អាហារូបត្ថម្ភ​, កម្មវិធី​កិច្ចការពារ​កុមារ និង​កម្មវិធី​អប់រំ​ថ្នាក់បឋមសិក្សា និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៦-២០២១​។ ទាក់ទិន​គ្នា​នេះ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០២​។ អង្គការ​ភ្លែ​ន បាន​យកចិត្តទុកដាក់​លើ​ផលប្រយោជន៍​របស់​កុមារ ហើយ​ការអន្តរាគមន៍​របស់​អង្គការ​មួយ​នេះ ចំនួន​១៧​ខេត្ត បានផ្ដល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​កុមារ​ជាង ៦​សែន​នាក់ និង​ប្រជាជន​ជិត ៨​ម៉ឺន​គ្រួសារ​នៅ​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com