កីឡាជាតិ
ជាតិ
លោក​ព្រឹទ្ធាចារ្យ​កីឡា សេង ប៊ុន​សុង បង្ហាញ​បច្ចេកទេស​កីឡា​ហាប់​គី​ដូ​ដល់​កីឡាករ​ជិត​៨០​នាក់​
13, Oct 2016 , 8:19 am        
រូបភាព
ដោយ:
 
​ព្រឹទ្ធាចារ្យ​កីឡា សេង ប៊ុន​សុង អ្នកសិក្សា​ស្រាវជ្រាវ​ក្បាច់គុន និង​ជា​អតីត​កីឡាករ​ប្រដាល់​ប្រចាំ​ទល់ដែន​ដ៏​ល្បីល្បាញ​នៅ​ទស្សវត្សរ៍​១៩៨០ បានបង្ហាញ​បច្ចេកទេស​ក្បាច់គុន​កីឡា​ហាប់​គី​ដូ​ដល់​កីឡាករ​កីឡាការិនី​ប្រមាណ​ជាជាង​៧០​នាក់​។ ការបង្ហាញ​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​សិក្ខាសាលា​«​ការបង្ហាញ​បច្ចេកទេស​កីឡា​ហាប់​គី​ដូ​» កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា​។

 
​កីឡាករ​កីឡាការិនី​ហាប់​គី​ដូ​ប្រមាណ​ជាជាង​៧០​នាក់​មកពី​ក្លិប​ចំនួន​៥​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​ទទួលបាន​បទពិសោធន៍ និង​បច្ចេកទេស​ប្រយុទ្ធ​កីឡា​ហាប់​គី​ដូ​ល្អៗ ពី​លោក​ព្រឹទ្ធាចារ្យ សេង ប៊ុន​សុង អ្នកសិក្សា​ស្រាវជ្រាវ​ក្បាច់គុន និង​អតីត​កីឡាករ​ប្រដាល់សេរី​ប្រចាំ​ទល់ដែន​(​កម្ពុជា​-​ថៃ​)​ដ៏​ល្បីល្បាញ​នៅ​ទស្សវត្សរ៍​១៩៨០​។ 
 
​ការទទួលបាន​បទពិសោធ​ន៍ និង​បច្ចេកទេស​ល្អៗ​របស់​កីឡាករ​កីឡាការិនី​ហាប់​គី​ដូ​នេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​បង្ហាញ​បច្ចេកទេស​ក្បាច់គុន​កីឡា​ហាប់​គី​ដូ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា​។ កីឡាករ​ទាំងនេះ​មិន​ត្រឹមតែ​ទទួលបាន​បទពិសោធន៍​តាមរយៈ​ការបង្ហាញ​របស់លោក សេង ប៊ុន​សុង ប៉ុណ្ណោះ​ទេ លើសពីនេះ​ទទួលបាន​ការអនុវត្ត​នៅលើ​ទីលាន​ផ្ទាល់​ថែមទៀត​ផង​។​
 
​ទោះបីជា​លាឈប់​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​ក៏ដោយ ប៉ុន្តែ​លោក​ព្រឹទ្ធាចារ្យ សេង ប៊ុន​សុង សន្យាថា នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ហាប់​គី​ដូ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​។ មិន​ត្រឹមតែ​ជួយ​អភិវឌ្ឍន៍​កីឡា​ហាប់​គី​ដូ​ប៉ុណ្ណោះ​ទេ លោក​សន្យាថា នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ផ្សេងៗ​ទៀត​។ 
 
​លើសពីនេះ ព្រឹទ្ធាចារ្យ​កីឡា​រូបនេះ នឹង​មកកាន់​ប្រទេស​កម្ពុជា​ជា​អចិន្ត្រៃយ៍​វិញ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​។ ក្នុង​រយៈពេល​នោះដែរ លោក​នឹង​យក​ពិសោធន៍​ដែល​ទទួលបាន​ពី​ការសិក្សា​ស្រាវជ្រាវ និង​អនុវត្តន៍​ផ្ទាល់ មកជួយ​សម្របសម្រួល និង​កែលម្អ​រាល់​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុង​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មាន​ភាពល្អប្រសើរ​។  
 
​លោក គង់ ចាន​ធី​ណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​រៀបរាប់ថា សិក្ខាសាលា​បង្ហាញ​បច្ចេកទេស​ក្បាច់គុន​កីឡា​ហាប់​គី​ដូ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​កីឡាករ​កីឡាការិនី​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​ល្អៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​រីកចម្រើន​។  
 
​លោក​បាន​បន្តថា ក្លិប​ទាំង​៥​ដែល​ចូលរួម​សិក្ខាសាលា​នា​ថ្ងៃនេះ​មកពី​ខេត្តបាត់ដំបង​មួយ និង​រាជធានី​ភ្នំពេញ​៤ ក្នុងនោះ​រួមមាន​ក្លិប​កីឡា​ហាប់​គី​ដូ​មកពី​ខេត្តបាត់ដំបង​, ក្លិប Master Song, ក្លិប​ប្រ៊ី​ដ​តុ​ន បឹងត្របែក​, ប្រ៊ី​ដ​តុ​ន ស្ទឹងមានជ័យ​, និង ក្លិប​ឥន្ទ្រី​យ៍​។ ក្នុង​សិក្ខាសាលា​នេះដែរ មានការ​ចែក​វិ​ញ្ញាប​ន​ប័ត្រ និង​បំពាក់​ខ្សែក្រវ៉ាត់​ខ្មៅ​១​ដាន់​ដល់​កីឡាករ​ផងដែរ​៕   
 
 
 
 















Tag:
 ហាប់​គី​ដូ​
  សេង ប៊ុន​សុង
© រក្សាសិទ្ធិដោយ thmeythmey.com