ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទូល​ព្រះមហាក្សត្រ​ថា ករណី​មេដឹកនាំ​បក្សប្រឆាំង ជាការ​ពង្រឹង​នីតិរដ្ឋ​
13, Oct 2016 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ករណី​ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា គឺជា​រឿង​អនុវត្ត​ច្បាប់ តាម​ការសម្រេច​របស់​តុលាការ​។ ការបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន បែបនេះ​ធ្វើឡើង​ក្រោយពី​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បាន​បញ្ជូន​សារលិខិត​សុំ​លើកលែងទោស​របស់​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​រូបនេះ ទៅ​សម្ដេច​ត្រួតពិនិត្យ​។​



​ក្រោយ​ទទួលបាន​លិខិត​ពី​ព្រះមហាក្សត្រ ដែលមាន​ការស្នើសុំ​លើកលែងទោស​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នោះ សម្ដេច ហ៊ុន សែន បានទូល​ទៅ​ព្រះមហាក្សត្រ​វិញ ករណី​មេដឹកនាំ​បក្សប្រឆាំង​ទាំងនេះ គឺជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាធ និង​ជា​កិច្ចការ​របស់​តុលាការ​។ សម្ដេច ហ៊ុន សែន បាន​លើក​ទឡ្ហីករណ៍​ច្បាប់​ត្រង់​មាត្រា ១២៨​ថ្មី និង​មាត្រា​១៣០​ថ្មី​ថា​៖«​អំណាចតុលាការ ជា​អំណាច​ឯករាជ្យ​ហើយ​គ្មាន​បុគ្គល​ណាមួយ នៃ​នីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិ អាច​ទទួល​អំណាចតុលាការ​បានឡើយ​។ អ្នកប្រព្រឹត្តិ​ខុសច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដែល​នេះ​គឺជា​រឿង​ធម្មតា​នៅក្នុង​សង្គម​នីតិរដ្ឋ​»​។​

​សម្តេច ហ៊ុន សែន បាន​បកស្រាយ​ទូលថ្វាយ​ព្រះករុណា​យ៉ាង​ដូច្នេះ បន្ទាប់ពី​សម្តេច​បាន​រំ​ឮ​ក​សារបាន​នៃ​ក្តីក្តាំ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីររូប ដែល​កំពុង​ជំពាក់​ទោសទណ្ឌ​នៅ​តុលាការ​។​

​លិខិត​សម្ដេច ហ៊ុន សែន បានទូល​ព្រះមហាក្សត្រ បន្ថែមថា ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច ជឿជាក់​មុតមាំ ក្នុងការ​ពង្រឹង​និង​ការលើកកម្ពស់​នីតិរដ្ឋ តាមរយៈ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ម៉ឹងម៉ាត់ និង​មាន​ប្រសិទ្ធិភាព ដើម្បី​ជួយ​ឲ្យ​ប្រទេសជាតិ​មាន​របៀបរៀបរយ ស្ថិរភាព និង​សន្តិភាព ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ប្រកបដោយ​ចីរភាព​។​

​ការបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន បែបនេះ ក្រោយពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី និង​អនុប្រធាន​បក្ស​ឯកឧត្តម កឹម សុខា បានដាក់​លិខិត​ស្នើសុំ​លើកលែងទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។ លិខិត​មេដឹកនាំ​គណបក្ស​ង្គ្រោះ​ជាតិ បានស្នើ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស និង​ទម្លាក់ចោល​បទចោទប្រកាន់​ចំពោះ​សកម្មជន​នយោបាយ ដីធ្លី សិទ្ធិមនុស្ស និង​បរិស្ថាន រួមទាំង​អគ្គលេខាធិការរង គជប និង​មន្ត្រី​គណបក្ស ដែល​កំពុង​ជាប់ឃុំ និង​រង​បទចោទប្រកាន់​ពី​សំណាក់​តុលាការ​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា ការលើកលែងទោស​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ គឺ​ដើម្បី​ឆ្ពោះទៅរក​ការបង្រួបបង្រួម ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ​។​

​គួរ​បញ្ជាក់ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស ជាប់ក្តី​ក្ដាំ​ពីបទ​«​បរិហាកេរ្តិ៍​» អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ហោ ណាំហុង ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ កាល​ថ្ងៃទី​១៣ តុលា ឆ្នាំ​២០១១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អំណាច​សាលដីកា កាលពី​ថ្ងៃទី ១២ មិនា ឆ្នាំ​២០១៣ របស់​សាលាឧទ្ធរណ៍​។ ក្រៅពី​ករណីនេះ​ឯកឧត្តម សម រង្ស៊ី ក៏មាន​ជាប់​ពាក់ព័ន្ធ​រឿង​ក្តីក្ដាំ​ព្រហ្មទណ្ឌ​មួយចំនួនទៀត ដែល​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​តុលាការ​ផងដែរ​។

​ចំណែក​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​វិញ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៦ ខែ និង​ពិន័យ​ប្រាក់​៨ សែន​រៀល ពីបទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​»​ក្នុងនាម​សាក្សី​ក្នុង​សំណុំរឿង​សញ្ចារកម្ម តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រុម​មេធាវី​លោក បានដាក់​ពាក្យ​ប្ដឹងទៅ​ឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​នេះ​៕


Tag:
 ​ហ៊ុន សែន​
 ​ សម រង្ស៊ី​
 ​ កឹម សុខា​
 ​ ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com