ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អចលនទ្រព្យ​សៀមរាប​ឡើង​យឺត​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​ល្អ​
15, Oct 2016 , 8:00 pm        
រូបភាព
​លោក តឹម ដារឿន ប្រធានសាលាខេត្តសៀមរាបរបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប
​លោក តឹម ដារឿន ប្រធានសាលាខេត្តសៀមរាបរបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប
សៀមរាប​៖ ទីផ្សារ​អចលនទ្រព្យ​ខេត្តសៀមរាប ត្រូវបាន​អ្នកជំនាញ​មើលឃើញថា អាច​នឹង​ឡើង​ទៀត​។ យ៉ាងណា កំណើន​វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប អាច​នឹង​ឡើង​បន្តិចបន្តួច​តែ​ប៉ុ​ណោះ ដោយហេតុថា ខេត្ត​ទេសចរណ៍​មួយ​នេះ នៅមាន​ភាពខ្វះខាត​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ជាដើម​។​

 
​លោក តឹ​ម ដា​រឿន អ្នកជំនាញ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប បាន​មើលឃើញ​តិចតួច​លើ​កំណើន​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប​។ តាម​លោក ដា​រឿន ខេត្តសៀមរាប​នៅមាន​ចំណុច​ខ្វះខាត ឫ​ចំណុចខ្សោយ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ដូចជា​ប្រព័ន្ធ​ផ្លូវថ្នល់ លូ ទឹក ភ្លើង ដែល​បច្ចុប្បន្ន ខេត្ត​មួយ​នេះ​មាន​ទឹកស្អាត​ប្រើប្រាស់​តែ​ប្រមាណ ៣០​ទៅ​៤០%​តែប៉ុណ្ណោះ​។​
 
​បញ្ហា​មួយទៀត ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​អចលនទ្រព្យ​ដែរនោះ គឺ​ការអនុវត្ត​ច្បាប់​សង់​សំណង់​អាគារ ក្រោម​១៤​ម៉ែត្រ​។ លោក ដា​រឿន បន្ថែមទៀតថា អាគារ​ទាំងអស់​តម្រូវ​ឲ្យ​សង់​មិន​ឲ្យ​លើស​១៤​ម៉ែត្រ ឫ​ស្មើនឹង​អាគារ​៤​ជាន់ ទៅ​៥​ជាន់​តែប៉ុណ្ណោះ​។ ក្រៅពីនេះ ក៏មាន​បញ្ហា​លើ​ការធ្វើ​ប្លង់រឹង​ផងដែរ​។ លោក ដា​រឿន មាន​សុទិដ្ឋិនិយម​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប អាចមាន​តម្លៃ​ថ្លៃ ប្រសិនបើ​អាច​សង់​សំណង់​ខ្ពស់ៗ​បាន​។​
 
​យ៉ាងណាក៏ដោយ ក្នុងស្ថានភាព​បច្ចុប្បន្ន ប្រធាន​សាខា​ខេត្តសៀមរាប របស់​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប មិនអាច​ប៉ាន់ស្មាន​បានទេ​ថា តើ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​ទាំងមូល​អាច​នឹង​ឡើងថ្លៃ​វិញ​នៅពេលណា​នោះ​។ រឿង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​មួយ តែ​រឿង​មួយទៀត ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ល្អ​នោះ គឺ​សេ្ថ​រ​ភាព​នយោបាយ​ក្នុងប្រទេស​។ នេះ​ជាការ​បញ្ជាក់​របស់លោក ដា​រឿន​។ លោក​បញ្ជាក់ថា ខេត្តសៀមរាប ក៏​មិនគួរ​ពឹង​ទាំងស្រុង​លើ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​នោះដែរ​។ ត្រឹម​រី​ស៊​ត សណ្ឋាគារ ភោជនីយដ្ឋាន មិនទាន់​គ្រប់គ្រាន់​សម្រាប់​ខេត្តសៀមរាប​នោះដែរ​៕
 
សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក តឹ​ម ដា​រឿន និង​សារព័ត៌មាន​ថ្មីៗ ជុំវិញ​បញ្ហា​ទាំងនេះ​ដូចតទៅ​


© រក្សាសិទ្ធិដោយ thmeythmey.com