កីឡាជាតិ
បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ក្នុង​សាល​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១
15, Oct 2016 , 9:00 pm        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ (National Games) ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា មាន​១៥​ប្រភេទ​កីឡា​ចូលរួម​។ ជាមួយគ្នានេះ ប្រភេទ​កីឡាបាល់ទះ​បានកំណត់​វិញ្ញាសា​ប្រកួត​របស់ខ្លួន​រួចរាល់​ហើយ គឺ​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ និង​កីឡាបាល់ទះ​ក្នុង​សាល​។

 
​ក្រុមកីឡា​បាល់ទះ​ក្នុង​សាល​២៨​ក្រុម និង​បាល់ទះ​ឆ្នេរ​ខ្សាច់​៥​ក្រុម នឹងធ្វើ​ការប្រកួតប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​ការប្រកួត​ក្នុង​សាល​ចែកចេញជា​ពីរ​ផ្នែក គឺ​ផ្នែក​នារី​មាន​៩​ក្រុម និង​ផ្នែក​បុរស​មាន​១៩​ក្រុម​។​
 
​សម្រាប់​ការប្រកួត​ត្រូវធ្វើ​ការបែងចែក​ជា​ក្រុម ក្នុងនោះ​ផ្នែក​នារី​ចែកចេញជា​ពីរ​ពូ​ល​(A&B)​ដោយ​ពូ​ល​A មាន​៥​ក្រុម​(​ខេត្តព្រះវិហារ​, កណ្តាល​, កោះកុង​, បន្ទាយមានជ័យ និង​ក្រចេះ​) និង​ពូ​ល​B មាន​៤​ក្រុម​(​ខេត្តកំពត​, ពោធិ៍សាត់​, ត្បូងឃ្មុំ និង​តាកែវ​)​។​
 
​ចំណែក​ផ្នែក​បុរស​ចែកចេញជា​៤​ពូ​ល​(A, B, C &D) ក្នុងនោះ​ពូ​ល​A​មាន​៥​ក្រុម​(​ព្រៃវែង​, ព្រះសីហនុ​, កំពង់ធំ​, រតនគីរី និង​ក្រសួងមហាផ្ទៃ​) ឬ​ឯ​ពូ​ល​B(​កំពង់ចាម​, មណ្ឌល​គី​រី​, កំពត​, ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ​) ចំណែក​ពូ​ល​C(​កោះកុង​, កែប​, ត្បូងឃ្មុំ​, កណ្តាល និង​ព្រះវិហារ​) និង​ពូ​ល​D(​បាត់ដំបង​, ឧ​ត្ត​រ​មានជ័យ​, ប៉ៃលិន និង​កំពង់ស្ពឺ​)​។​
 
​ដោយឡែក ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​ដែលមាន​៥​ក្រុម​ចូលរួម​(​សៀមរាប​, ក្រសួងការពារជាតិ​, ស្ទឺ​ង​ត្រែង​, កំពង់ឆ្នាំង និង​ព្រះសីហនុ​) មិនមាន​បែងចែក​ជា​ពូ​ល​នោះទេ ដោយ​ក្រុម​ទាំងនេះ​ធ្វើការ​ប្រកួត​វិលជុំ​តែម្តង​។ គួរ​បញ្ជាក់ថា ការប្រកួត​ក្នុង​សាល​ដែល​ធ្វើឡើង​ក្នុង​ទីលាន ពហុ​កីឡដ្ឋាន និង​ក្លិប​បាល់ទះ​វិសាខា គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ តុលា ដល់​ថ្ងៃទី​៤ វិច្ឆិកា​។ ចំណែក​បាល់ទះ​ឆ្នេរ​ខ្សាច់​គ្រោង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ តុលា ដល់​ថ្ងៃទី​៥ វិច្ឆិកា​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កីឡា​ទាំង​១៥​ប្រភេទ​ដែល​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​កីឡា​ជាតិ​លើក​ទី​១​រួមមាន​៖ ចំបាប់​, ល្បុក្កតោ​, អត្តពលកម្ម​, ហែល​ទឹក​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, វាយ​កូន​បាល់​, បាល់បោះ​, បាល់ទាត់​, បាលទះ​, ប្រដាល់​, តេ​ក្វាន់​ដូ WTF, កាយសម្ព័ន្ធ​, ប៉េតង់ និង​សូ​រិ​ន​ហ្សិ​កាំ​ប៉ូ​៕       

Tag:
 បាល់ទះ​
  កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com