កីឡាជាតិ
គ្រូបង្វឹក​កម្ពុជា ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត ថា ក្រុម​ទាំង​៤ មាន​សមត្ថ​ភាពមិន​លើស​គ្នា​ទេ​
15, Oct 2016 , 1:42 pm        
រូបភាព
គ្រូបង្វឹកឡាវ (អាវខៀវ) កម្ពុជា(អាវខ្មៅ) ទីម័រចាងកើត (អាវសលាយទឹកក្រូច) ព្រុយណេ(អាវលឿង)
គ្រូបង្វឹកឡាវ (អាវខៀវ) កម្ពុជា(អាវខ្មៅ) ទីម័រចាងកើត (អាវសលាយទឹកក្រូច) ព្រុយណេ(អាវលឿង)
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត សុទ្ធតែ​ទទួលស្គាល់​ពី​ភាពខ្លាំង​របស់​គូប្រជែង​រៀងៗ​ខ្លួន ។ ពួកគេ​ប្តេ​ជា្ញ​ថា នឹង​ដឹកនាំ​ក្រុម​ឲ្យ​បានល្អ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ស្វាគមន៍​ក្រុម​ឡាវ ខណៈ​ក្រុម​ព្រុយ​ណេ​ត្រូវ​តទល់​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​។​


 
​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ជាក់ថា ក្រុម​របស់លោក​បាន​ត្រៀ​ម​ខ្លួន​រួចជាស្រេច​សម្រាប់​ជំនួប​ដ៏​សំខាន់​ជាមួយ​ឡាវ​នា​ល្ងាច​នេះ​។ លោក​ទទួលស្គាល់ថា ក្រុម​ឡាវ​ជា​ក្រុម​ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​ក្រុម​កម្ពុជា ជាពិសេស​ក្រុម​នេះ​មាន​កីឡាករ​ពោរពេញ​ទៅដោយ​បច្ចេក និង​កោសល្យ​ក្នុងការ​ប្រកួត​ច្រើន​។   
 
​ជាមួយ​គា្ន​នេះ លោក Valakone Phomphady គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ​បាន​រៀបរាប់ថា លោក​ទទួលស្គាល់​ក្រុម​ទាំង​៤​សុទ្ធសឹង​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា និង​មាន​គោលដៅ​ទៅកាន់​វគ្គ​បន្ត​ដូចគ្នា​។ ដូច្នេះ​សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​សុទ្ធសឹង​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន​។ អាស្រ័យហេតុនេះ​លោក​មិនអាច​ទាយ​ទុក​ចំពោះ​លទ្ធផល​យ៉ាងណា​នោះទេ ដោយ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ការប្រកួត​ចប់​។ លោក​ទទួលស្គាល់ថា ក្រុម​កម្ពុ​ជាមាន​ចំណុច​វិជ្ជមាន​ច្រើន ព្រោះ​កាលពីពេល​ថ្មីៗ​លោក​បាន​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ស្រីលង្កា និង​ហុងកុង​។ 
 
​ទន្ទឹមនឹងនេះ លោក  Fernando Rogério de Alcântara គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ក៏​មិន​ខុសពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឡាវ​នោះដែរ ដោយបាន​ចាត់ទុក​ក្រុម​ទាំង​៤​មាន​កម្រិត​សមត្ថ​ភាពមិន​លើស​គ្នា​នោះទេ ហើយ​លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​តទល់​ជាមួយ​ព្រុយ​ណេ​នា​រសៀល​នេះ​។ 
 
​លោក Mike Wong Mun Heng គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ​បាន​និយាយថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​មកកាន់​កម្ពុជា ហើយ​លោក​សង្ឃឹមថា កូនក្រុម​របស់លោក​នឹង​រីករាយ​ក្នុងការ​ប្រកួត ជាពិសេស​ក្រុម​លោក​ក៏​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​។ ទោះបី​ក្រុម​លោក​មាន​សមាជិក​មកពី​លី​គ​កំពូល​អង់គ្លេស ប៉ុន្តែ​លោក​មិន​ផ្តោត​សំខាន់​លើ​បុគ្គល​ម្នាក់ៗ​នោះទេ គឺ​លោក​ផ្តោត​សំខាន់​លើ​ក្រុម​ទាំងមូល​។​
 
​ក្នុងជំនួប​វគ្គ​ជម្រុះ​ជុំ​ដំបូង​នៃ​ពានរង្វាន់ AFF Suzuki Cup 2016 នៅ​ពហុកីឡាដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា នេះ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ឡាវ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​។ ចំណែក​ក្រុម​ជម្រើស​ព្រុយ​ណេ ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ប្រសិនបើ​ក្រុម​ណា​ក្នុងចំណោម​ក្រុម​ទាំង​៤ ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ឡើងទៅ​កាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់​នេះ​។ ដូច្នេះ​សម្រាប់​ជំនួប​នា​ល្ងាច​នេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ក្នុង​ស្វែងរក​៣​ពិន្ទុ​រៀងៗ​ខ្លួន​៕ 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com